ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលក្រុមការងារនេះមានតួនាទីដោះស្រាយគម្រោងវិនិយោគជាប់គាំង និងទាក់ទាញវិនិយោគ ខណៈគិតត្រឹមខែមករាឆ្នាំ ២០២៤ មានអគារផ្អាកដំណើរការសាងសង់ជាង ៣៦០ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ពាន់លានដុល្លារ។
អនុក្រឹត្យស្តីពីការបង្កើត ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រុមការងារនេះមានតួនាទីដឹកនាំសម្របសម្រួល និងអនុវត្ត រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ» ដែលមានសិទ្ធិពិនិត្យសម្រេចនិងផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច។
អនុក្រឹត្យលើកឡើងថា ក្រុមការងារត្រូវរៀបចំឯកសារចាំបាច់នានា និងនីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និងធ្វើកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវកម្មវិធីពិសេសឱ្យបានទូលំទូលាយធ្វើការពន្យល់ឱ្យបានច្បាស់ ត្រឹមត្រូវ និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អដល់វិនិយោគិន និងធុរជនទាំងក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីពិសេសថ្មីនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀតដែលបានបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ដោយឥតងាករេ នៅក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមមុខ និងជំរុញការអភិវឌ្ឍសម្រាប់រយៈពេលមធ្យម និងវែង ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខេត្តឱ្យកាន់តែខ្លាំង។
ក្នុងន័យនេះរាជរដ្ឋាភិបាលសម្រេចដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ សំដៅកសាងខេត្តនេះទៅជាខេត្តឈានមុខ និងជាខេត្តគំរូក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយខេត្តនេះទៅជាខេត្ត និងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឱ្យស្ទុះឡើងក្នុងរយៈពេលខ្លី។
លោកបន្តថា៖ «រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងអាចចូលរួមចំណែកប្រែក្លាយមុខមាត់ និងអនាគតខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជាការប្រើប្រាស់សក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ នៅក្នុងខេត្តតំបន់ជាប់សមុទ្រនេះប្រកបដោយប្រសិទ្ធភាព»។
ក្នុងស្មារតីនេះ កម្មវិធីពិសេសនេះ ត្រូវបានរចនាឡើងសំដៅដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានារបស់វិស័យឯកជនជាមួយនឹងការសម្របសម្រួលទៅនឹងកន្លែង និងការផ្តល់ការគាំទ្រទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការលើកកម្ពស់វិស័យឧស្សាហកម្មនានា។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ឆ្នាំនេះយើងដាក់គោលដៅ ២ ដែលទី ១ គឺខេត្តសៀមរាប យើងរៀបចំកម្មវិធីទស្សនាសៀមរាប ២០២៤ ឥឡូវយើងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលជាគោលដៅទី២។ ពិតណាស់គ្រប់កន្លែងទាំងអស់ គ្រប់វិស័យទាំងអស់សុទ្ធតែមានជាចលករសម្រាប់ជំរុញសេដ្ឋកិច្ចរបស់យើង ប៉ុន្តែនៅក្នុងនោះក៏ត្រូវគិតគូរអំពីគន្លឹះ និងតំបន់សំខាន់ដែលត្រូវវាយលុកខ្លាំង»។
នាពិធីនោះដែរលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើងដែរថា ការដាក់អនុវត្តកម្មវិធីពិសេសនេះ ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
លោកបញ្ជាក់ថា៖ «ខ្ញុំបានណែនាំក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជាបន្ទាន់ដើម្បីរៀបចំកម្មវិធីពិសេសនេះឱ្យរួចរាល់ក្នុងរយៈពេលដ៏ខ្លី ពោលក្នុងរង្វង់ប្រមាណ ១ ខែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ»។
លោក អូន ព័ន្ធមុនីរ័ត្នថ្លែងថា ជាការពិតខេត្តព្រះសីហនុ ត្រូវបានចាត់ទុកថា ជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងមានទីតាំងធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសធំៗ ដែលអំណោយផលដល់ការជំរុញសកម្មភាពធុរកិច្ច ពាណិជ្ជកម្មការវិនិយោគ និងផលិតកម្ម ព្រមទាំងអាចបង្កលក្ខណៈងាយស្រួលដល់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលឱ្យហក់ឡើងខ្ពស់។
ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគ ក្នុងខេត្តព្រះសីហនុ មានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសមានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅជាដើម។
លោកបន្តថា ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ តមក ការផ្លាស់ប្តូរក្នុងការវិវឌ្ឍនៃស្ថានភាពសង្គមសេដ្ឋកិច្ច គួបផ្សំនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើនត្រូវបានផ្អាកឬបញ្ឈប់ដំណើរការសាងសង់។
បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ ខណៈអគារត្រូវបានសាងសង់រួច ប៉ុន្តែពុំទាន់បានដំណើរការមាន ១៧៦ អគារ។
លោកបញ្ជាក់ថា៖ «ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុរាជរដ្ឋាភិបាលបានដាក់ចេញវិធានការការគាំទ្រជាបន្តបន្ទាប់មានជាអាទិ៍ ការកសាងផ្លូវល្បឿនលឿន ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្តជាពិសេសការដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង កាលពីខែមីនា ឆ្នាំ ២០២៣ ដែលរួមបញ្ចូលវិធានការទូទៅ និងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តរហូតដល់ឆ្នាំ ២០២៦»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុបានថ្លែងថា ការបង្កើនយន្តការក្រុមការងារពិសេស ដើម្បីដោះស្រាយលើបញ្ហានេះ គឺជាមូលដ្ឋានល្អដើម្បីរៀបចំគោលការណ៍ឬគោលនយោបាយដើម្បីធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកថា៖ «ក្រុមការងារធ្លាប់បានបង្កើតឡើងកាលពីឆ្នាំមុន ហើយបានដោះស្រាយការងារយ៉ាងច្រើន ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនជាពិសេសអ្នកវិនិយោគក្នុងស្រុក នឹងចាប់ដៃគូពីបរទេស»។
លោកលើកឡើងថា ក្នុងករណីអគារជាប់គាំងនៅខេត្តព្រះសីហនុដោយសារតែភាគច្រើនអ្នកវិនិយោគិនបរទេសជួបបញ្ហាវិបត្តិកូវីដហើយលោកសង្ឃឹមថា តាមរយៈការបង្កើនក្រុមការងារនេះ នឹងអាចទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្តិចម្តងៗ៕