​ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​ត្រូវ​បន្ដ​យុទ្ធនា​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​ត្រួតពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នកបើកបរ​យាន​យន្ដ​គ្រប់​ប្រភេទ ខណៈ​ឆ្លងកាត់​យុទ្ធនាការ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​។​

​ការណែនាំ​របស់លោក ស ថេត បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ដក​ពិសោធ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ កាលពី​ថ្ងៃទី ​៣០ ខែមករា ឆ្នាំ ​២០២៤ ដោយមាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍ ស្នង​ការ​នគរបាល​រាជធានី​ខេត្ត និង​មន្ត្រី​ខណ្ឌ​ទាំង​ ១៤ នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។​

​លោ​ក ស ថេត បានឱ្យដឹងថា ឆ្លងកាត់​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​មានការ​ថយចុះ បើ​ធៀប​នឹង​រយៈពេល​មុន​នៃ​យុទ្ធនាការ​ត្រួតពិនិត្យ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល​លើ​អ្នកបើកបរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​សារ​មានការ​ចង្អុលបង្ហាញ ការ​ដាក់បទបញ្ជា​របស់​ស​ម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​បាន​ចាត់ចែង​បញ្ជា​ផ្ទាល់​ទៅ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ​ជួន ណា​រិន្ទ ដើម្បី​បើក​យុទ្ធនាការ​មួយ​ធ្វើការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​។ ជា​លទ្ធផល​នៅ​រាជធានី​ភ្នំពេញ​មានការ​​ថយចុះ​ចំនួន​គ្រោះថ្នាក់ មានន័យថា យើង​ដើរ​តាមផ្លូវ​មួយ​ដែល​ត្រឹមត្រូវ​»​។​

​បន្ថែម​ពីនេះ​លោក​ថា សម្រាប់​យុទ្ធនាការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ មិនអាច​ដកថយ​បានឡើយ​។ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ គឺ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជា​ពលរដ្ឋ ឬ​ឈានទៅ​លុបបំបាត់​ភាពអនាធិបតេយ្យ​លើ​ការមិន​គោរព​ច្បាប់​ចរាចរណ៍​។​

​បើតាម​លោក ស ថេត នៅពេល​ខាងមុខ រាជធានី​-​ខេត្ត​ណា​ដែល​នៅតែ​បន្ដ​កើនឡើង​នូវ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ទៀត នឹងត្រូវ​កោះប្រជុំ​ដាច់ដោយឡែក​ដើម្បី​ដក​ពិសោធ​បន្ដទៀត​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖ «​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ពិសេស​នៅពេល​រាត្រី គឺ​បាន​ឈានទៅ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ក្មេង​ទំនើង បទ​ល្មើស​ព្រហ្មទណ្ឌ មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​ជាដើម​។ ដូច្នេះ​ការងារ​នេះ​មិន​អាចធ្វើ​ត្រឹម​មួយរយៈ​ពេល​បាន​នោះទេ ពោលគឺ​ត្រូវ​បន្ដ​អនុវត្ត​ជា​បន្ដបន្ទាប់ ហើយដោយ​មិន​ជូនដំណឹង​ជាមុន​ឡើយ​»​។​

​ជាមួយគ្នានេះ លោក ស ថេត ក៏បាន​ណែនាំ​ដល់​មន្ដ្រីនគរបាល​ទាំងអស់​នៅពេល​អនុវត្ត​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ត្រូវ​ប្រើ​​ប្រាស់​អាកប្បកិរិយា ពាក្យសម្ដី​ឱ្យបាន​សមរម្យ ហើយ​ត្រូវ​លុប​បំបាត់​បាតុភាព​អសកម្ម​ផ្សេងៗ ចៀសវាង​ការទិតៀន​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​ត្រូវអនុវត្ត​ការងារ​នេះ​ឱ្យបាន​ម៉ឺងម៉ាត់ និង​គ្មាន​ការលើក​លែងឱ្យ​ឡើយ ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​រារាំង​ដល់​សមត្ថកិច្ច​។​

​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​អនុវត្ដ​យុទ្ធនា​ការត្រួត​ពិនិត្យ​ជាត់​អាល់កុល​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មិន​សុំ​ការបញ្ជាក់​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ​។

ក៏ប៉ុន្ដែ​បើ​យោងតាម​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញបានឱ្យដឹងថា យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នៅពេល​យប់​ចាប់ពី​ថ្ងៃទី ​២៥ ដល់​ថ្ងៃទី ​៣០ ​ខែមករា ឆ្នាំ​ ២០២៤ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគ​បាល​ខណ្ឌ​ទាំង​ ១៤ បាន​រកឃើញ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង ​[​អាល់កុល​]​ ដែលជា​ម្ចាស់​យានយន្ត​សរុប​ចំនួន ​២៧៩ ​គ្រឿង​។ ក្នុងនោះ​មាន​រថយន្ត​ចំនួន​ ១៤៥​ គ្រឿង​និង​ម៉ូតូ​ចំនួន ​១៣៤​ គ្រឿង​។​

​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា បាន​គាំទ្រ​លើ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ហើយ​លោក​បាន​ជំរុញ​ដល់​កម្លាំង​នគរបាល​ធ្វើឱ្យបាន​ជាប់លាប់​ដោយ​មិន​ត្រឹមតែ​ផ្តោតលើ​កត្តា​ជាតិ​អាល់កុល​នោះទេ តែ​ក៏ត្រូវ​ផ្តោតលើ​កត្តា​ផ្សេងៗ​ទៀត​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កាត់បន្ថយ​បាន​ត្រូវមាន​វិធានការ​ចាំ​បាច់​មួយចំនួន​ដូចជា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ផ្តោតលើ​កត្តា​គ្រឿង​ស្រវឹង​បើក​លើស​ល្បឿន​កំណត់ ប៉ុន្តែ​សូម​ធ្វើឱ្យបាន​ទូលំទូលាយ និង​ជាប់លាប់ មិនអាច​ធ្វើ​តែ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ទេ​។ មួយទៀត​សូម​ធ្វើ​ដោយ​តម្លាភាព​ប្រសិនបើ​គាត់​បើកបរ​ខុសច្បាប់ ត្រូវ​ពិន័យ​តាមច្បាប់​កំណត់​»​។​

​បន្ថែម​ពីនេះ​លោក​ថា អាជ្ញា​ធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំ​ទូលាយ​បន្ថែមទៀត​។

លោក​ថា​៖ «​ការអនុវត្ត​ច្បាប់​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវធ្វើ ត្រូវ​គិតពិចារណា​ឱ្យមាន​គោលនយោបាយ និង​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ការដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​ដើម្បី​ធ្វើ​ម៉េច​កាត់បន្ថយ​លទ្ធភាព​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​»​។​

​យោងតាម​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ​ ២០២៣ គ្រោះថ្នាក់​កើតឡើង​សរុប​ចំនួន​ ៣ ៣១៧​ លើក (​យប់​ ៥៥ ភាគរយ​) បណ្តាលឱ្យ​ស្លាប់ ១ ៥៩០​ នាក់ និង​របួស​ ៤ ៥១៥ ​នាក់ ​(​ធ្ងន់​២ ៧៦៦​នាក់​)​។ មូលហេតុ​បង្ក​គ្រោះថ្នាក់​រួមមាន បើកបរ​ល្មើស​ល្បឿន​ ៤១​ ភាគរយ មិន​គោរព​សិទ្ធិ​ ២២ ​ភាគរយ មិន​ប្រកាន់​ស្តាំ​ ៩​ ភាគរយ កត្តា​យានយន្ត​ ៥ ​ភាគរយ ស្រវឹង​ ៣ ​ភាគរយ មិន​គោរព​ភ្លើង​សញ្ញា ​១ ​ភាគរយ កត្តា​សុខភាព ​១ ​ភាគរយ និង​កត្តា​អាកាសធាតុ​ ១​ ភាគរយ​។​

​ក្នុងចំណោម​អ្នកស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ​ចំនួន​ ៨០​ ភាគរយ មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ៦៩​ ភាគរយ​។ គ្រោះថ្នាក់​បានកើត​ឡើង​ភាគច្រើន​នៅក្នុង​រាជ​ធានី​ភ្នំពេញ ៩៥០​ លើក ខេត្ត​​ព្រះសីហនុ ៣០៦​ លើក និង​ខេត្តតាកែវ ២៧០​ លើក​។​

​បើ​គិត​ក្នុង​ឆ្នាំ ​២០២៣ ធៀប​នឹង​ឆ្នាំ ​២០២២ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន ៣៤១​ លើក ស្មើ​ ១១​ ភាគរយ​ (៣ ៣១៧/២ ៩៧៦​ លើក​)​ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​ថយចុះ​ ១១៩ ​នាក់ ស្មើ ៧ ​ភាគ​រយ ​(១ ៥៩០/១ ៧០៩ ​នាក់​)​ និង​ចំនួន​អ្នករបួស​កើនឡើង​ ៤៨៩​ នាក់ ស្មើ​ ១២​ ភាគរយ​៕