​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​ម៉ា​ណែ​ត ​បាន​បញ្ជា​ឱ្យធ្វើ​សារាចរ​ណែនាំ បញ្ឈប់​ការអនុញ្ញាតឱ្យ​បើក​អាជីវ​កម្មបាញ់​ស៊ី​ប​ ឬ​អាជីវកម្ម​បាញ់កាំភ្លើង​ស៊ីវិល​ថ្មី នៅ​ទូទាំងប្រទេស​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ ចៀសវាង​កើតមាន​បញ្ហា​។​

​លោក​សង្កត់ធ្ងន់ថា អាជីវកម្ម​ប្រភេទ​នេះ​ជា​រឿង​មិនចាំបាច់ ហើយ​ត្រូវ​ងាក​ទៅ​ពង្រឹង​ការត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ដែល​កំពុងដំណើរការ​។ ការណែនាំ​របស់លោក​ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​​ «​កម្មវិធី​ពិសេស ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឆ្នាំ ២០២៤»​នា​ថ្ងៃទី​ ៣១ ​មករា​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ការ​បើក​អាជីវ​កម្មបាញ់​ស៊ី​ប​ថ្មីៗ ជា​រឿង​មិនចាំបាច់ ហើយ​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​នៅ​រាល់​បណ្តា​ទីតាំង​អាជីវកម្ម​បាញ់​ស៊ី​ប​ចាស់ៗ ដែល​កំពុងដំណើរការ​។

លោក​បញ្ជាក់ថា​៖ «​បើ​កន្លែង​ខ្លះ សុំ​អាជ្ញាប័ណ្ណ​ហើយ​អត់​ធ្វើ​អ្វី យក​ធ្វើ​អ្វី​រាប់​ឆ្នាំ​អ៊ីចឹង​? បិទ​ចោល​តែម្តង​ហើយ​កន្លែង​ដែល​ប្រតិបត្តិ​ដែលមាន​អាជ្ញាប័ណ្ណ​ពីមុន ដូច​នៅ​កន្លែង​កងទ័ព​នីមួយៗ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់ ការគ្រប់គ្រង​ឱ្យ​ច្បាស់ កុំ​ឱ្យមាន​បញ្ហា​»​។​

​លើសពីនេះ​លោកនាយក​រដ្ឋមន្ត្រី មិន​ត្រឹមតែ​មិនឱ្យ​មានការ​បើក​អាជីវកម្ម​បាញ់​ស៊ី​ប​ថ្មី នៅ​ខេត្ត​ព្រះសីហនុ​ទៀត​នោះទេ ថែមទាំង​បញ្ជា​ឱ្យ​បិទ​ទីតាំង​អា​ជីវ​កម្មបាញ់​ស៊ី​ប​ក្នុង​ខេត្ត​នេះ​ចំនួន​ ២ ទីតាំង​ដែល​កំពុងដំណើរការ​ទៀ​ត​ផង​។​

​លោក​ថា​៖ «​ក្លិប​បាញ់កាំភ្លើង​ឯកជន ព្រោះតែ​បើក​ត្រូវមាន​សិទ្ធិ​ទិញ​កាំភ្លើង ទិញ​គ្រាប់ ហើយ​យកទៅ​ណា​? មិនបាច់​តែម្តងទៅ​។ មក​ខេត្ត​ព្រះសីហនុ ដើរលេង​កោះ​ទៅ កុំ​បាញ់កាំភ្លើង ហើយ​ទីតាំង​កងទ័ព​ដែលមាន​ទីលាន​បាញ់ កុំ​បាច់​បើក​ឱ្យមាន​អាជីវកម្ម​ដើម្បី​ជន​ស៊ីវិល​ទៅ​បាញ់​អី ទុក​ឱ្យតែ​ទាហាន​បាញ់​ទៅ ល្អ​ជាង​»​។​

​លោក ​ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​​ព្រះសីហនុ បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ខែ​មករា​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ គាំទ្រ​ចំណាត់ការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ចំពោះ​ការបិទ​ទីតាំង​អាជីវកម្ម​បាញ់​ស៊ី​ប​ឯកជន​ទាំង ​២ ទីតាំងនៅ​ភូមិសាស្ត្រ​ខេត្ត​នេះ ក៏ដូចជា​ការហាម​ប្រាម​មិនឱ្យ​មានការ​បើក​អាជីវកម្ម​នេះ​តទៅទៀត ដែល​រដ្ឋបាលខេត្ត​នឹង​ចាប់​អនុវត្ត​ពី​ពេលនេះ​តទៅ​។​

​លោក​ថា​៖ «​យើង​យល់ច្បាស់​ថា អ្វី​ដែលជា​បទបញ្ជា​ម៉ឺងម៉ាត់​របស់​សម្តេច​​ធិបតី​នេះ​ជា​រឿង​ត្រឹមត្រូវ​បំផុត​ដោយសារ​ខេត្ត​ព្រះសីហនុ​នេះ ជាទី​តាំង​សក្តានុពល​ទេសចរណ៍ធម្មជាតិ ព្រៃព្រឹក្សា ឆ្នេរ​ កោះ​ជាដើម ដែលជា​គោលដៅ​នៃ​ការ​ទាក់ទាញ​ទេសចរណ៍ ដែល​យើង​មិនចាំបាច់​បង្កើត​ទីតាំង​បាញ់​ស៊ី​ប​នេះ​ទេ​»​។​

​លោក​ ឌី​ម៉​ង់ យល់ថា ចំណាត់ការ​នេះ នឹង​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ខេត្ត ដែល​បម្រើឱ្យ​ការទាក់ទាញ​អ្នកទេសចរ និង​បង្កើន​ទំនុក​ដល់​អ្នក​វិនិយោគ​ហើយ​អាច​ចូលរួមចំណែក​ទប់​ស្កាត់​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ក៏​ដូច​​ជា​ចរាចរណ៍​អាវុធ​ខុសច្បាប់​ផងដែរ​។​

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​សាទរ​ចំពោះ​វិធាន​ការ​របស់លោក​ហ៊ុន ម៉ា​ណែ​ត​ក្នុង​កិច្ច​អន្តរាគ​ម៍​ទៅលើ​អាជីវកម្ម​បាញ់​ស៊ី​ប​នេះ ដែល​លោក​យល់ស្រប​ថា ជា​រឿង​មិនចាំបាច់​នៅក្នុង​សង្គម ហើយ​ដែល​កន្លងមក​កើតមាន​ភាពអនាធិបតេយ្យ​មួយចំនួន​ជុំវិញ​ការបាញ់បោះ​សេរី​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។

លោក​ថា​៖ «​កិច្ចការ​នេះ​ជា​រឿង​ល្អ​ដើម្បី​រឹតបន្តឹង ការកាន់កាប់​អាវុធ និង​គ្រឿង​ជាតិ​ផ្ទុះ​នេះ ជាពិសេស​បង្ការ​ការបា​ញ់​បោះ​អនាធិបតេយ្យ​នានា​នៅ​កម្ពុជា​យើង ជាពិសេស​ក្រុងព្រះសីហនុ​ហើយ​ជា​យន្តការ​ការ​ពារ​សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​អាជីវកម្ម​ហាត់​បាញ់កាំភ្លើង​ទាំងនោះ​ផងដែរ​»​។ 

​លោក ប៉ា​ ចន្ទ​រឿន យល់ថា បញ្ហា​អាវុធយុទ្ធភណ្ឌ​នេះ បើ​មិនអាច​គ្រប់គ្រង​បានច្បាស់លាស់​ទេ នោះ​អាច​កើតមាន​សោកនាដកម្ម​ជាយថាហេតុ​ណាមួយ​ជាក់​ជាពុំខាន ហើយ​កន្លែង​ហាត់​បាញ់កាំភ្លើង​ទាំងនេះ ​គឺ​សម្រាប់​បម្រើ​ដល់​អ្នកមាន​សមត្ថកិច្ច​ដើម្បី​ពង្រឹង​បច្ចេកទេស​ប្រើប្រាស់​កាំភ្លើង ប៉ុន្តែ​ជារួម​វា​ជា​ហានិភ័យ​ក្នុងសង្គម​មួយ​ដែល​ត្រូវ​រឹតបន្តឹង​។​

​ចំណែក​លោក ​ហូ វណ្ឌ​ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ក៏បាន​បង្ហាញ​ការគាំទ្រ​ផងដែរ​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​កន្លងមក​ធ្លាប់​កើតមាន​ករណី​បាញ់បោះ​អនាធិបតេយ្យ​កើតឡើង តួយ៉ាង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ​ផ្ទាល់​។ 

​លោក​យល់ថា​៖ «​ការ​ប្រើប្រាស់​កាំភ្លើង​ដូចជា​ការផ្តល់​កម្លាំង​មួយ​ដល់​អ្នកកាន់កាប់​កាំភ្លើង បើ​ក្នុងករណី​រដ្ឋ​លុបបំបាត់ ឬ​កាត់បន្ថយ​បាន​កាន់តែច្រើន កាន់តែ​ល្អ ដែល​ផ្តល់​ផា​សុកភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ក្បែរ​ទីតាំង​ធ្វើ​អាជីវ​កម្មបាញ់​ស៊ី​ប​ហ្នឹង ក៏ដូចជា​បង្កើន​ទំនុកចិត្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​យើង​»​។ 

​បន្ថែម​ពីនេះ លោក ​វណ្ឌ​ឌី ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ម្ចាស់​អាជីវកម្ម​ក្លិប​បាញ់កាំភ្លើង​ឯកជន​ទាំងឡាយ បង្វែរ​កា​រវិ​និ​យោគ​របស់ខ្លួន​ទៅលើ​សេវា​កម្សាន្ត​ផ្សេងៗ​ទៀត​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៅ​ចំពោះមុខ​ការហាម​ប្រាមរ​បស់​រដ្ឋាភិបាល​នាពេលនេះ​៕