ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដើម្បីដឹកនាំសម្របសម្រួល និងអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្ត ដោយដើរតួនាទីជាច្រកចេញចូលតែមួយ” ដែលមានសិទ្ធិពិនិត្យ សម្រេច និង ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច។

យោងតាមសេចក្កីសម្រេចរបស់រដ្ឋាភិបាលដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣១ ខែមករា បានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគនេះ គឺស្ថិតនៅក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធាន។

លើសពីនោះ ក្រុមការងារនេះ ក៏មានភារកិច្ច រៀបចំឯកសារចាំបាច់នានា និង នីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និង ធ្វើកិច្ចសហការល្អ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ ធ្វើការពន្យល់ឱ្យបានច្បាស់ និង ត្រឹមត្រូវ និង ផ្តល់សេវាបដិសណ្ឋារកិច្ច និង កិច្ចសហការល្អដល់វិនិយោគិន និង ធុរជន ទាំងក្នុងប្រទេស និង ក្រៅប្រទេស។

ក្រៅពីនោះ ក្រុមការងារក៏មានភារកិច្ចពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តរាល់គម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច សម្រាប់ទទួលបាននូវការលើកទឹកចិត្ត និង ការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសជាដើម៕

Yousos Apdoulrashim