
សកម្មភាពចាក់វ៉ាក់សាំងនៅខេត្ដមណ្ឌលគិរីកាលពីចុងខែមុន។ រូបថត មណ្ឌលសុខភាពខេត្ដ
មណ្ឌលគិរីៈ អាជ្ញាធរតាមបណ្ដាខេត្តមួយចំនួនបានចាប់ផ្ដើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឡើងវិញនូវដូសជំរុញជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការដើម្បីការពារសុខភាព និងរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ ជាពិសេសប្រភេទវីរុសបំប្លែងខ្លួនថ្មី។
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី ២ ខែមករា បានជូនដំណឹងដោយអំពាវនាវឱ្យសិស្សានុសិស្ស និងមន្ត្រីរាជការតាមអង្គភាពនានាក្នុងខេត្តមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលមន្ទីរសុខាភិបាលបានរៀបចំដោយភ្ជាប់មកជាមួយនូវបណ្ណវ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ។
ប្រភពដដែលបានឱ្យដឹងទៀតថា ផែនការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដូសជំរុញឡើងវិញនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅតាមបរិវេណសាលារៀន និងនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត.
មន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ «យើងសង្ឃឹមជឿជាក់ថា សិស្សានុសិស្ស និងមន្ត្រីរាជការនៅតាមមន្ទីរអង្គភាពនៅក្នុងទីរួមខេត្តមណ្ឌលគិរី នឹងមកទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩ ដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារសុខភាព និងរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រភេទបំប្លែងខ្លួនថ្មី».
ចំណែកលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានឱ្យដឹងនៅថ្ងៃទី ៣ ខែមករាថា នៅដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរខេត្តនឹងចាប់ផ្ដើមបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋដូចកាលឆ្នាំ ២០២៣ ដែរ ដោយលោកបានស្នើឱ្យប្រជាពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងត្រូវមកទទួលចាក់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានានៅទូទាំងខេត្តកោះកុង។
លោកបានថ្លែងថា៖ «ផែនការចាក់វ៉ាក់សាំងរបស់យើង គឺធ្វើដូចកាលឆ្នាំ ២០២៣ អ៊ីចឹងដែលមានន័យថាយើងនៅតែបន្តធ្វើជាប្រចាំនៅតាមមណ្ឌលសុខភាព និងនៅតាមទីកន្លែងដែលបានកំណត់កន្លងមក»។
លោកបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅតាមទីកន្លែងដែលបានកំណត់កន្លងមក គឺបច្ចុប្បន្នប្រជាពលរដ្ឋក៏អាចមកចាក់បានគ្រប់ដូស ដោយក្រុមគ្រូពេទ្យនឹងចាក់ជូនតាំងពីដូសទី១ ដូសទី២ ដូសទី៣ រហូតដល់ដូសជំរុញ ប្រសិនមានអ្នកមិនទាន់បានចាក់។
លោក សុខ សុទ្ធី បានប្រាប់ថា៖ «យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ទី២ ឬដូសជំរុញ ហើយចង់ចាក់បន្ថែមអាចមកមណ្ឌលសុខភាពនានារបស់ខេត្ត។ មកទល់ពេលនេះ ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅខេត្តកោះកុងបានដល់ដូសទី៦ហើយ ប៉ុន្តែការចាក់ដូសទី៦ មិនច្រើនដូចចាក់ដូសទី១ ទី២ ទេ»។
ដោយឡែកលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យក៏បានឱ្យដឹងដែរថា ក្នុងនាមជាខេត្តជាប់ព្រំដែន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តែងតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយជំរុញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។
លោកបានបន្តថា ឆ្នាំនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺអាជ្ញាធរខេត្តនឹងធ្វើឡើងដូចនឹងផែនការឆ្នាំកន្លងទៅដែរ ដោយប្រជាពលរដ្ឋអាចមកចាក់នៅតាមមណ្ឌលសុខភាពនានារបស់ខេត្តឧត្តរមានជ័យ។
លោកបានបញ្ជាក់ថា៖ «យើងនៅរក្សាមណ្ឌលសុខភាពដែលចាក់វ៉ាក់សាំងកូវីដ ១៩ តាំងពីដូសទី១ រហូតដល់ដូសជំរុញហើយក៏សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលឆ្លងដែនមកដោយមិនបានចាក់គ្រប់ដូស អាចមកចាក់នៅតាមមណ្ឌលសុខភាពរបស់យើង»។
សូមបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំមុន ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ ករណី ដោយក្រសួងបានបញ្ជាក់ថា ប្រភេទវីរុសបំប្លែងថ្មីនេះកំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកទល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជាទទួលបានលទ្ធផលមានចំនួន ៩៥,៧៣ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់៕