ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានផ្តល់អនុសាសន៍គន្លឹះបន្ថែមដល់នាយកដ្ឋានជំនាញឱ្យរៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ ក្នុងការចាត់ក្រុមការងារចុះគាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋទាំង៣អនុវិស័យ។
ការផ្តល់អនុសាសន៍របស់លោករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំសកម្មភាពក្រុមការងារចុះគាំទ្រសាលារៀនគំរូ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃទី២ខែមករា ឆ្នាំ២០២៤។
ក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំនេះបានផ្ដោតពិភាក្សាសំខាន់លើការពិនិត្យមើលវឌ្ឍនភាពការងារនៃការអនុវត្តស្តង់ដាសាលាគំរូ ទាំង ៣អនុវិស័យ (មតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា) ដែលត្រូវបានដាក់ឱ្យអនុម័តប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ។
ក្រសួងបន្តថា ចំពោះការរៀបចំយន្តការគាំទ្រសាលារៀនគំរូរួមមាន ក្រុមការងារពិនិត្យតាមដានផលសម្រេច ក្រុមការងារគាំទ្រផ្នែកបច្ចេកទេស ក្រុមការងារគាំទ្រផ្នែកអាយស៊ីធី (ICT) ក្រុមការងារសម្របសម្រួលអនុវិស័យកុមារតូច ក្រុមការងារសម្របសម្រួលអនុវិស័យបឋមសិក្សា និងក្រុមការងារសម្របសម្រួលអនុវិស័យមធ្យមសិក្សា។
ឆ្លើយតបនឹងកិច្ចពិភាក្សា លោក ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍ឱ្យគ្រប់នាយកដ្ឋាន រៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ និងត្រូវពិភាក្សាលម្អិត ដើម្បីចុះគាំទ្រតាមសាលារៀនគោលដៅដោយកំណត់វិធានការ និងយន្តការឱ្យបន្ស៉ីគ្នាចៀសវាងធ្វើសកម្មភាព ឬសិក្ខាសាលាបណ្ដុះបណ្ដាលជាន់គ្នា។ លោកថ្លែងថា៖« នាយកដ្ឋានធានាគុណភាពអប់រំត្រូវពិនិត្យ សវនកម្ម និងរៀបចំសេចក្ដីណែនាំ តេស្តស្តង់ដាតាមសាលា ដោយចាប់ផ្ដើមពីការធ្វើតេស្តប្រចាំខែ និងប្រឡងឆមាស និងផ្នែកហិរញ្ញវត្ថុ ត្រូវជួបតាមនាយកដ្ឋាន ដើម្បីពិនិត្យឡើងវិញពីគម្រោងចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់»។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ថ្លែងថា វាគឺជាដំណើរការវិជ្ជមានមួយដ៏ល្អក្នុងការប្រែក្លាយប្រព័ន្ធអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងចាប់ពីថ្នាក់ក្រោមជាតិ។ លោកបានបញ្ជាក់ថា៖«ចំពោះគុណប្រយោជន៍ដែលសាលាមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលត្រូវអនុវត្តស្ដង់ដាសាលារៀនគំរូនេះ គឺទាំងគ្រូ ទាំងសហគមន៍ ទាំងសិស្សានុ សិស្ស ក៏ដូចជាទាំងគណៈគ្រប់គ្រងសាលារៀន ត្រូវដើរទៅតាមការណែនាំរបស់ក្រសួងដាក់ជូន ដើម្បីធានាបានគុណភាពអប់រំចាប់ពីកម្រិតថ្នាក់ក្រោមជាតិ»។
គួរជម្រាបថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវស្តង់ដាសាលារៀនគំរូទាំង ៣អនុវិស័យ ដោយផ្ដោតទៅលើស្ដង់ដាចំនួន ៥ ចំណុច រួមមានលទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងផ្តោតលើគណនេយ្យភាពរបស់សាលារៀន។
ក្រសួងអប់រំបានបញ្ជាក់ថា៖ «ការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ក៏ដូចជាអភិវឌ្ឍសាលាទាំងនោះនៅទូទាំងប្រទេសកម្ពុជា៕