ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ ដើម្បីនានាបាននូវផែនការគ្របដណ្តប់សុខុមាលភាពសាធារណៈជាសកលនៅកម្ពុជា។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ឈាង រ៉ា បានថ្លែងកោតសរសើរ ចំពោះមន្ត្រីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។
យោងតាមហ្វេសប៊ុកក្រសួងសុខាភិបាលនាឱកាសនោះ លោក ឈាង រ៉ា បានឱ្យដឹងថា មន្ត្រីពាក់ព័ន្ធ ត្រូវធានាឱ្យបានទាំងគុណភាព សុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍ទាំង៣ របស់មជ្ឈមណ្ឌលជាតិ និងពង្រឹងបន្ថែមកិច្ចសហការជាមួយនាយកដ្ឋានឱសថ សុវត្ថិភាពចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធទាំងអស់។
លោកបន្តថា៖«ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល និងត្រូវបន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីបុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ចនិងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
លោក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសំណង់អគារ សម្ភារបរិក្ខារវេជ្ជសាស្ត្រ ពិសេសម៉ាស៊ីនពិសោធន៍ និងឧបករណ៍ផ្សេងៗ និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដែលជាគន្លឹះសំខាន់ សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះក៏បានណែនាំឱ្យក្រសួងសុខាភិបាល ពង្រឹងវិធានការសុខាភិបាល ដោយត្រូវជំរុញសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ និងបង្កើនកម្រិតសមត្ថភាពនៃការព្យាបាលជូនពលរដ្ឋ ដោយត្រូវរៀបចំជាផែនការសកម្មភាព ដើម្បីដាក់ឱ្យអនុវត្តតែម្តងដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្ការនូវការឈឺថ្កាត់របស់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ថ្លែងថា មន្ទីរសុខាភិបាលខេត្តបានអនុវត្តនិងផ្តោតជាសំខាន់គឺការផ្ដល់សេវាពិនិត្យព្យាបាលប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងសុវត្ថិភាព រួមនឹងការណែនាំឱ្យក្រុមគ្រូពេទ្យបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖«យើងតែងតែអនុវត្តទៅតាមគោលការណ៍ណែនាំ ឬអនុសាសន៍របស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ដោយឈរលើគោលការណ៍បម្រើជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា»៕