ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេស គឺជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថា ជនបរទេស ឬប្រជាពលរដ្ឋខ្មែរ។ នេះជាការថ្លែងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
លោក ហេង សួរ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈដោយបានឯកភាពគ្នាលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំង២។
ក្រសួងបានបញ្ជាក់ដែរថា លោក Santo Darmosumarto ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។
លោក ហេង សួរ បានថ្លែងតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ថា ៖ «ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថា ពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ»។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា ហើយថ្នាក់ដឹកនាំទាំង២ ក៏បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំង២។
សម្រាប់ថ្នាក់ដឹកនាំទាំង២ កិច្ចការនេះនឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងប្រទេសទាំង២ឱ្យកាន់តែស្អិតល្មួតផងដែរ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលជាជនបរទេស ចាប់ផ្តើមស្នើសុំបណ្ណការងារជនបរទេស ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តទៅ ដើម្បីចៀសវាងការផាកពិន័យ។បញ្ហានេះ កន្លងមកខាងនិយោជកបានដឹងរួចហើយ៕