ភ្នំពេញ: ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញបានបង្ហាញពីសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា គិតពីដើមឆ្នាំមកត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសរុបឈានដល់ ៩៦៥,២៤ លានដុល្លារ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៦ របស់កម្ពុជា ។
តួលេខនេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំង និងជាសក្ខីភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំង ២ហើយវាគឺជាផ្នែកមួយនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងការប្រារឰខួបលើកទី៦៥ នៃទំនាក់ទំនងការទូត។
បើតាមស្ថានទូតឥណ្ឌូនេស៊ី ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីក៏ត្រូវបានមើលឃើញមានការកើនឡើងដល់៧០,៥៦លានដុល្លារក្នុងឆ្នាំ២០២៣ស្មើនឹង១១២ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលនេះជាផ្នៃកនៃការពង្រឹងទំនាក់ទំនងទាំងនេះបន្ថែមទៀត។
ការកើនឡើងនៃតួលេខពាណិជ្ជកម្មនេះបង្ហាញពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងផលប្រយោជន៍ទៅវិញទៅមកដែលកើតឡើងពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំង២ ។
គួរកត់សម្គាល់ថា ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីយុគសម័យថ្មីនៃអន្តរកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លារវាងប្រជាជាតិទាំង២។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជានិមិត្តរូបនៃការធ្វើពិពិធកម្មនៃទំនិញពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរូសម្រាប់អន្តរកម្មសេដ្ឋកិច្ចទ្វេភាគីកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោកDarmosumarto ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង
ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចងទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងឥណ្ឌូនេស៊ី និងកម្ពុជា ទៅជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាក់ស្តែង។
លោក Darmosumarto បានថ្លែងថា៖ «នៅពេលយើងប្រារឰខួបលើកទី៦៥ នៃទំនាក់ទំនងឥណ្ឌូនេស៊ី-កម្ពុជា យើងត្រូវធានាថា ឆ្នាំ២០២៤ ទទួលបានជោគជ័យជាមួយសមិទ្ធផលឈ្នះ-ឈ្នះ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង»។
ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២ ជាពិសេសតាមរយៈការចូលរួមរបស់យុវជនក្នុងវិស័យអប់រំ វប្បធម៌ និងទេសចរណ៍។
កាលពីឆ្នាំមុន ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ (ITTP 2023) ត្រូវបានប្រារឰឡើង ជាមួយនឹងប្រធានបទ «ពង្រឹងទំនាក់ទំនងល្អជាមួយគ្នា»(ITTP2023)ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំឧត្តមសិក្សា សិល្បៈ និងវប្បធម៌។
នៅក្នុងពិធីតាំងពិព័រណ៍នោះ លោកស្រី Lauti Nia Astri ឯកអគ្គរដ្ឋទូតបណ្តោះអាសន្ននៃស្ថានទូតឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ក្នុងការពង្រឹងទំនាក់ទំនងដ៏រឹងមាំ។
ដោយបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ និងការអភិវឌ្ឍជំនាញក្នុងឱកាសបើកសម្ពោធពិព័រណ៍លើកទី១៤ លោកស្រី Nia Astri បានឱ្យដឹងថា៖ «យើងនឹងបន្តប្តេជ្ញាចិត្តជួយកែលម្អធនធានមនុស្សរបស់ប្រទេសកម្ពុជា តាមរយៈទម្រង់នៃកិច្ចសហប្រតិបត្តិការផ្សេងៗ»។
រីឯក្នុងជំនួបលើកនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានទទួលស្គាល់ពីសារៈសំខាន់នៃខួបលើកទី៦៥នៃទំនាក់ទំនងការទូតទ្វេភាគីនិងបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យផ្សេងៗដែលបង្ហាញពីឱកាសដ៏សម្បូរបែប។លោកក៏បានស្នើឱ្យធ្វើការរួមគ្នាក្នុងវេទិកាតំបន់ និងពហុភាគី ដើម្បីបន្តគោលដៅរួមនេះផងដែរ។
ដោយឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកឯកអគ្គរដ្ឋទូត Darmosumarto បានកោតសរសើរចំពោះការគាំទ្ររបស់កម្ពុជាក្នុងអំឡុងពេលដែលឥណ្ឌូនេស៊ីកាន់តំណែងជាប្រធានអាស៊ាន។
លោកបានបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានធ្វើឡើងពេលកម្ពុជាធ្វើជាប្រធានដ៏ជោគជ័យក្នុងឆ្នាំ២០២២ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍»។
គួររំឭកថា លោក Darmosumarto បានថ្វាយសារតាំងថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៣ ។
ប្រទេសទាំង២បានរឹតចំណងទំនាក់ទំនងដ៏យូរអង្វែងចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ជាមួយនឹងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព៕