ភ្នំពេញៈ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ តាមរយៈគម្រោងគណនេយ្យភាពសង្គម-ISAF នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានអនុវត្តសកម្មភាពផ្តល់ចំណេះដឹងដល់ពលរដ្ឋអំពីសិទ្ធិទទួលបានព័ត៌មាននៅតាមមូលដ្ឋាន ផ្តល់ចំណេះដឹងពីការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព ក៏ដូចជាគាំទ្រឱ្យកុមារទទួលបានការអប់រំរាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ការអនុវត្តគម្រោងគណនេយ្យភាពសង្គម-ISAF រយៈពេល ៤ឆ្នាំនេះ បានសម្រេចសមិទ្ធផលកៀរគរការចូលរួមពីប្រជាពលរដ្ឋ និងមន្រ្តីរដ្ឋាភិបាលប្រមាណ ៨៤៧ ១២០នាក់ ព្រមទាំងបានជះផលដល់កុមារ ១ ៣៧៨ ៨៣៩ នាក់ នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន២០ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
នៅក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងនេះ ក៏បានធ្វើសកម្មភាពអនុវត្តនៅតាមសហគមន៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងទាក់ទងអំពីសិទ្ធិទទួលបានព័ត៌មាននៅតាមមូលដ្ឋានអំពីការប្រើប្រាស់ថវិកាដោយតម្លាភាពទៅលើសេវាទាំង៣ រួមមាន សេវារដ្ឋបាលឃុំ-សង្កាត់ សេវាមណ្ឌលសុខភាព និងសេវាអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋ ដឹងពីសិទ្ធិក្នុងការចូលរួមតាមដាន ត្រួតពិនិត្យវាយតម្លៃលើសេវាសាធារណៈ ពីចំណូលចំណាយយ៉ាងណាខ្លះ។
ក្រៅពីនេះការអនុវត្តគម្រោងគណនេយ្យភាពសង្គម-ISAFក៏បានសម្រេចលទ្ធផលជួយគាំទ្របណ្តុះបណ្តាលនិងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាលក៏ដូចជាជួយគាំទ្រកុមារឱ្យចូលរួមសកម្មភាពសិក្សារៀនសូត្រផងដែរ។
បើតាមរបាយការណ៍ខាងលើបានលើកឡើងពីការអនុវត្តគម្រោងគណនេយ្យភាពសង្គម លើសេវារដ្ឋបាលឃុំ-សង្កាត់ និងសេវាអប់រំ នៅក្នុងស្រុកលើដែក ខេត្តកណ្ដាល។ ក្នុងនោះក៏បានលើកយកសាលាបឋមសិក្សាកំពង់ចម្លង ជាសាលាបឋមសិក្សាមួយក្នុងចំណោមសាលាបឋមសិក្សាទាំង២០ នៅក្នុងស្រុកលើកដែក ដែលបានអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមតាំងពីចុងឆ្នាំ២០២០ ខណៈដែលកន្លងមកគ្រូបង្រៀននៅសាលាបឋមសិក្សានេះ បានយកលុយពីសិស្ស។
លោក វ៉ា សំរិទ្ធ នាយកសាលាបឋមសិក្សាកំពង់ចម្លង បានថ្លែងថា ក្រោយពីការផ្សព្វផ្សាយនឹងអនុវត្តគម្រោងគណនេយ្យភាពសង្គមនេះមក ទាំងរូបលោក និងអាជ្ញាធរឃុំ បានសហការគ្នា ដើម្បីចាត់វិធានការលុបបំបាត់បញ្ហាលោកគ្រូ-អ្នកគ្រូដែលយកលុយពីសិស្ស។
លោកបញ្ជាក់ថា៖ «ចាប់តាំងពីពេលនោះមក លោកគ្រូ-អ្នកគ្រូ បានឈប់យកលុយពីសិស្ស។ ជាមួយនឹងដំណោះស្រាយដោយការលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋនៅក្នុងសហគមន៍ឱ្យដឹងអំពីការប្រើប្រាស់ថវិកាដោយតម្លាភាពទៅលើសេវាទាំង៣»។
ជាមួយគ្នានេះរបាយការណ៍របស់អង្គការទស្សនៈពិភពលោក ក៏បានបង្ហាញអំពីការអនុវត្តគម្រោងគណនេយ្យភាពសង្គម ទៅលើសេវាមណ្ឌលសុខភាពចន្លាស់ដៃ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោក ភុំ សារ៉ូ ប្រធានមណ្ឌលសុខភាពចន្លាស់ដៃ បានថ្លែងថា មុនពេលអនុវត្តគម្រោងគណនេយ្យភាពសង្គមនៅក្នុងមណ្ឌលសុខភាពនេះ គឺបានរកឃើញថា ការបំពេញការងាររបស់បុគ្គលិកមានភាពឆកល្វែង និងអាកប្បកិរិយាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពខ្វះចន្លោះ ខណៈដែលប្រជាពលរដ្ឋមិនហ៊ានផ្តល់យោបល់ ឬការសំណូមពរទាក់ទងនឹងតម្រូវការរបស់ពួកគាត់មកកាន់បុគ្គលិកមណ្ឌលសុខភាពឡើយ។
លោកបញ្ជាក់ថា៖ «ក្រោយពេលការអនុវត្តគម្រោងគណនេយ្យភាពសង្គម យើងឃើញមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនតាមរយៈការដាក់ពិន្ទុពីចំណុចខ្វះខាតក្នុងមណ្ឌលសុខភាព ធ្វើឱ្យបុគ្គលិកទាំងអស់ត្រូវបានកែតម្រូវចំណុចខ្វះខាតទាំងនោះដូចជាការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមកធ្វើការតាមពេលវេលាកំណត់»។
លោកបន្ថែមទៀតថា អ្វីដែលលោកចាប់អារម្មណ៍បំផុតនោះ គឺស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានទៀងទាត់។ ជារួមប្រជាពលរដ្ឋដែលមកទទួលសេវាមានការកើនឡើង ដោយសារប្រជាពលរដ្ឋមានទំនុកចិត្ត និងពេញចិត្តចំពោះគុណភាពនិងការផ្ដល់សេវាល្អពីសំណាក់គ្រូពេទ្យរបស់មណ្ឌលសុខភាព៕