
ពងបែកនៅលើដៃអ្នកជំងឺអុតស្វា ដែលជារោគសញ្ញា ១ ក្នុងចំណោមរោគសញ្ញាជាច្រើន។ រូប ក្រសួងសុខាភិបាល
ភ្នំពេញៈ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញករណីជំងឺអុតស្វាចំនួន ២ ករណីបន្ថែមទៀតលើជនជាតិខ្មែរ គិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ ក្រោយពីរកឃើញករណីដំបូងទៅលើបុរសម្នាក់ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ខណៈអ្នកជំងឺត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។
សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «ក្រសួងសុខាភិបាលសូមអំពាវនាវក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា និងត្រូវអនុវត្តនូវវិធានការបង្ការនានា»។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា វីរុសអុតស្វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកមានជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារស្លាបព្រា ចាន កែវជាដើម។

ពងបែកនៅលើដៃអ្នកជំងឺអុតស្វា ដែលជារោគសញ្ញា ១ ក្នុងចំណោមរោគសញ្ញាជាច្រើន។ រូប ក្រសួងសុខាភិបាល
បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្ដៅ ហើមកូនកណ្ដុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្ត។
មន្ត្រីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានផ្តល់ព័ត៌មានបន្ថែមនៅថ្ងៃទី ៤ ខែមករានេះថា អ្នកជំងឺអុតស្វាទាំង ២ នាក់ មិនទាន់មាន បញ្ហាធ្ងន់ធ្ងរដល់សុខភាពនៅឡើយទេ។
លោកថ្លែងប្រាប់ថា៖ «ទាក់ទងស្ថានភាពជាក់ស្តែង ក្រុមការងារបច្ចេកទេសកំពុងធ្វើការទៅតាមជំនាញ និងបច្ចេកទេស ហើយសម្រាប់វិធានការការពារនោះ ដូចដែលក្រសួងសុខាភិបាលបានដាក់ចេញ និងណែនាំរួចហើយដោយការងារទាំងអស់នេះយើងបានព្យាយាមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមដែលអាចធ្វើបានឱ្យគាត់យល់ដឹងពីវិធីសាស្ត្រទប់ស្កាត់ចម្លង និងការពារ»។ ក្រសួងសុខាភិបាល កាលពីខែកក្កដា ឆ្នាំ ២០២២ បានប្រកាសរកឃើញជំងឺអុតស្វា (Monkeypox) លើបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលចូលមកពីប្រទេសថៃ៕