ភ្នំពេញៈ ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានជម្រាបជូនដៃគូសហការថា បើទោះបី ជាកម្ពុជាបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីនក្តី ប៉ុន្តែឆ្នាំ ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា ខណៈចំនួនជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឆ្នាំមុនមានការថយចុះ។
លោក លី ធុជ បានបញ្ជាក់បែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជាកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។
យោងតាមហ្វេសប៊ុករបស់អាជ្ញាធរមីនបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនដែលតែងគាំទ្រនិងចូលរួមដល់កិច្ចការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះរួមទាំងការរួមចំណែកផ្នែកមនុស្សធម៌ដល់សកម្មភាពមីន ទាំងថវិកា សម្ភារបច្ចេកទេស និងការកសាងសមត្ថភាពជាតិជាដើម។
លោកបានបន្តថា ឆ្នាំ ២០២៣ កន្លងទៅ ដោយមានការរួមចំណែកពីប្រទេសចិន ប្រទេសជាមិត្តដទៃទៀត និងដៃគូអភិវឌ្ឍន៍កម្ពុជាបានដាក់ផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រការ៉េ ដែលជាផ្ទៃដីធំជាងគេក្នុងរយៈពេល
៣០ ឆ្នាំ ព្រមទាំងទទួលបានជោគជ័យតាមផែនការផងដែរ។
លោកបានបញ្ជាក់ថា៖ «ទោះបីកម្ពុជានៅតែបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជាដែលតម្រូវឱ្យមាន
ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀតទេ»។
ជាមួយគ្នានេះ លោក លី ធុជ ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀម-រាបអង្គរ ស្តីពីពិភពលោកមួយគ្មានមីន ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ដែលភាពជោគជ័យរបស់កម្ពុជានេះត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាភាពជោគជ័យរបស់ពិភពលោកទាំងមូលលើកិច្ចការសកម្មភាពមីន។
ដោយឡែកយោងតាមរបាយការណ៍របស់អាជ្ញាធរមីន ក្នុងរយៈពេល ១ ឆ្នាំ គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៣២ នាក់ ដែលតួលេខនេះមានការថយចុះ ២២ ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤១ នាក់។
ប្រភពដដែលបន្តថា ក្នុងចំណោមជនរងគ្រោះ ៣២ នាក់នោះរួមមាន ជនរងគ្រោះដោយសារមីនមាន ១៧ នាក់ និងដោយសារសំណល់ជាតិផ្ទុះមាន ១៥ នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះមានអ្នកស្លាប់ ៤ នាក់ អ្នករបួសមាន ១៨ នាក់ និងពិការអវយវៈមាន ១០ នាក់។
របាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ គឺភាគច្រើនបានកើតឡើងលើប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តរតនគិរី។
របាយការណ៍នេះបានបញ្ជាក់ថា៖ «សមិទ្ធផលទាំងនេះវាកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិបត្តិករទាំងអស់ក្នុងការបង្កើនកិច្ចប្រតិបត្តិការបោសសម្អាតមីនហើយលទ្ធផលដែលទទួលបានក្នុងឆ្នាំ ២០២៣ វាជា
ការសាទរមួយដែលធ្វើឱ្យកម្ពុជាអាចឈានដល់ការសម្រេចគោលដៅកម្ពុជាគ្មានមីននៅក្នុងឆ្នាំ ២០២៥»៕