ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះកងកម្លាំង និវត្តជន និងជំនួយការដែលកន្លងមកបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយលោកបានជំរុញឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត។
ការលើកឡើងរបស់លោក ស សុខា បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ ព្រមទាំងបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ។
យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ការរៀបចំពិធីសំណេះសំណាលនេះឡើង ដើម្បីបានដឹងពីសុខទុក្ខរបស់ទីប្រឹក្សា និងជំនួយការអាណត្តិចាស់និងថ្មី, រំឭកគុណបំណាច់ស្នាដៃទីប្រឹក្សា និងជំនួយការក្រោមការដឹកនាំរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក៏ដូចជារំឭកពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងដាក់ទិសដៅការងារបន្តអនុវត្តនៅពេលខាងមុខ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងមន្ត្រីតាមផ្នែកខាងលើដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិនិងប្រជាជន។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំក្នុងការចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម បន្តចូលរួមការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌ ពង្រឹងសមត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធន៍ទៅគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីជួយលើកស្ទួយអភិបាលកិច្ចល្អ។
លោកបានបញ្ជាក់ថា៖ «ត្រូវបន្តរក្សាសីលធម៌ គុណធម៌ និងបំពេញតួនាទីភារកិច្ចប្រកបគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃក៏ដូចជា រាជរដ្ឋាភិបាល បន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរយៈពេល ៥ ឆ្នាំទៅមុខ បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
បន្ថែមពីនេះលោក ស សុខា ក៏បានជំរុញឱ្យសមត្ថកិច្ចបន្តចូលរួមលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម បន្តចូលរួមគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធដោយដើរទន្ទឹម និងការជំរុញអភិបាលកិច្ចល្អ និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មនៅគ្រប់គោលដៅ។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមនិងជឿជាក់ថា ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃនឹងបន្តគាំទ្រចូលរួម និងរក្សាការប្តេជ្ញាចិត្តខិតខំបំពេញការងារកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ ឆ្នាំទៅមុខ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គួរជម្រាបថា ក្នុងរយៈកាលរាជរដ្ឋាភិបាលអាណត្តិទី៦ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបង្កើតឱ្យមានក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនតាមរយៈហ្វេសប៊ុក ដើម្បីដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋរួមមាន បញ្ហាអសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាទំនាស់ដីធ្លី និងបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានជាដើម។
ក្នុងរយៈកាលនោះ ក្រុមការងារហ្វេសប៊ុកបានដោះស្រាយកង្វល់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុង ១ ឆ្នាំៗ បានរាប់រយសំណើដែលបានផ្ញើចូលក្នុងហ្វេសប៊ុករបស់លោក ស ខេង៕