ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសបារាំង ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ក្នុងន័យពង្រឹងចំណងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ លើវិស័យនានាតួយ៉ាង សេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងក្របខ័ណ្ឌហ្រ្វង់កូហ្វូនី។
យោងតាមតេឡេក្រាមលោកហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែមករា បានសរសេរថា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងបានផ្ញើសារលិខិតចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញលោកហ៊ុន ម៉ាណែតឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង។
តាមរយៈសារលិខិតប្រធានាធិបតីបារាំងលើកឡើងថា ព្រះរាជ-ទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា សម្តេចនរោត្តម សីហមុនី កាលពីខែវិច្ឆិកាកន្លងទៅ បានបង្កើនថាមពលនៃមិត្តភាពរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងរវាងប្រជាជនទាំង២ ហើយលោកសូមអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។
លោក ម៉ាក្រុង បញ្ជាក់ថា៖«ទស្សនកិច្ចជាលើកទី១នេះនៅប្រទេសបារាំង តាំងពីឯកឧត្តម ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំង២ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និង ហ្វ្រង់កូហ្វូនី»។
លោក ម៉ាក្រុង បញ្ជាក់បន្ថែមថា លោកចង់ឱ្យទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនៅបារាំងនាពេលខាងមុខនឹងបើកលទ្ធភាពដល់ចំណងសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំង២ ហើយដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលកំពុងប្រឈមមានដូចជា វិស័យអន្តរកាលថាមពល ជាដើម។
លោក ម៉ាក្រុងបន្តថា ក្រៅពីនេះក៏ដើម្បីរួមគ្នាពិនិត្យមធ្យោបាយដើម្បីប្រើប្រាស់ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងបំណងធានាអធិបតេយ្យ និងឯករាជ្យពេញលេញសម្រាប់គ្រប់បណ្តារដ្ឋក្នុងលោក។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យកម្ពុជាលើកឡើងថា ការអញ្ជើញប្រមុខរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំងពីសំណាក់ប្រធានាធិបតីបារាំង ជាកិច្ចការដ៏មានសារៈសំខាន់ និងជាឥរិយាបថការទូតសំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងប្រទេសទាំង២ ជាសញ្ញាវិជ្ជមាននៃនយោបាយការទូតរដ្ឋាភិបាលថ្មី។
ខណៈទំនាក់ទំនងរវាងកម្ពុជា និងបស្ចិមលោក នៅមិនទាន់មានភាពស៊ីជម្រៅ បារាំងជាស្ពានចម្លងទំនាក់ទំនងនេះ ព្រោះបារាំងជាឆ្អឹងខ្នងសហភាពអឺរ៉ុប ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងសហរដ្ឋអាមេរិក។
លោកកត់សម្គាល់ថា៖«ទំនាក់ទំនងកម្ពុជា-បារាំង កំពុងស្ថិតនៅក្នុងមាគ៌ាដ៏ត្រឹមត្រូវមួយ និងមានវឌ្ឍនភាព ខណៈនៅឆ្នាំ២០២២ សម្តេចហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅបារាំង នៅឆ្នាំ២០២៣ ព្រះករុណាព្រះមហាក្សត្រក៏បានយាងបំពេញបេសកកម្មផ្លូវរដ្ឋនៅបារាំង ហើយឥឡូវ [លោកហ៊ុន ម៉ាណែត] ក៏ត្រូវបានអញ្ជើញជាភ្ញៀវរបស់លោកម៉ាក្រុងដែរ។ ប្រទេស២ ដែលមានដំណើរទស្សនកិច្ចផ្លូវរដ្ឋញឹកញាប់ ជាសញ្ញាវិជ្ជមានដែលបង្ហាញពីទំនាក់ទំនងប្រទេសទាំង២ ល្អ»។
លោក គិន ភា បានបន្ថែមថា បារាំងជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាទៅលើផ្នែកសុខាភិបាល បេតិកភណ្ឌ កំណែទម្រង់ប្រព័ន្ធរដ្ឋបាល វិស័យយុត្តិធម៌ និងច្បាប់ ហើយលោករំពឹងមានភាពវិជ្ជមានលើការពង្រឹងទំនាក់ទំនងយោធា ដូចដែលមានគ្រោងក្នុងដំណើរទស្សនកិច្ច ដើម្បីបើកលទ្ធភាពដល់ប្រទេសទាំង២ ឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការដល់កម្រិតគ្រប់ជ្រុងជ្រោយ។
ទាក់ទងនឹងការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនេះដែរ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានសរសេរលើហ្វេសប៊ុករបស់លោកថា៖ «សូមអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង»។
លោកបានបន្តថា នេះគឺជាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល លើកទី១ដែលនឹងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំងសម្រាប់ឆ្នាំ២០២៤។ លោកហ៊ុន សែន បន្តថា ៖«ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វ៊ីសផងដែរ»។
សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ចំពោះសារៈសំខាន់នៃទំនាក់ទំនងជាមួយបារាំង។ លោកនិយាយថា៖ «លោកហ៊ុន ម៉ាណែត នឹងព្យាយាមធានាចំពោះមុខក្រុមហ៊ុនអ្នកវិនិយោគរបស់បារាំង ឱ្យមកវិនិយោគរកស៊ីនៅកម្ពុជា ខណៈកម្ពុជា ផ្តល់ប្រយោជន៍ច្រើន ជាប្រទេសដែលមានទីផ្សារកំពុងងើបឡើងហើយរដ្ឋាភិបាលក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចនយោបាយ»។
លោកបានបន្តថា ៖ «ទស្សនកិច្ចលើកនេះ មិនសូវឃ្លាតឆ្ងាយពីការពង្រឹងសេដ្ឋកិច្ច វប្បធម៌ ជាពិសេសការជំរុញផ្នែកវិនិយោគរបស់បារាំងមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅកម្ពុជា»។
លោក សេង វណ្ណលី យល់ថា បារាំង ក៏មើលឃើញពីសក្តានុពលរបស់កម្ពុជា ខណៈបារាំងដើរតួនាទីសំខាន់លើការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ។
ចំណែកបារាំងវិញក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សាររបស់ខ្លួនមកកាន់តំបន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលកំពុងមានទីផ្សារងើបឡើង ខណៈប្រទេសក្នុងអឺរ៉ុបមួយចំនួនទៀតក៏ធ្វើដូចគ្នានេះដែរ៕