ភ្នំពេញៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចំនួនបទល្មើសនេសាទក្នុងឆ្នាំ ២០២៣ មានការថយចុះដោយសារតែក្រុមគណៈកម្មការអន្តរក្រសួងបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើស។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ គណៈកម្មការអន្តរក្រសួង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ក្រាបបទល្មើសនេសាទ មានដូចជា អួនអូសទឹកសាប ចំនួន ១៣ វង់, ឧបករណ៍ឆក់ក្តៅ និងត្រជាក់ចំនួន ១៣៦ គ្រឿង, ឈិបយន្ត ២ គ្រឿង, អួនហ៊ុម ១២ គ្រឿង, របាំងស្បៃមុង និងសាច់អួន ៧៤៧ ៥៤៤ ម៉ែត្រ, លូ និងលប ៧ ២៦៦ មាត់ និងគ្រឿង, បង្គោលចម្រឹង ៣៣០ ៨២៨ ដើម, ឈ្នក់ រួមផ្សំនឹងភ្លើង ១១៩ វង់, កាណូត ៣០ គ្រឿង, ម៉ាស៊ីនកាណូត ២០ គ្រឿង។
ក្នុងនោះ គណៈកម្មការអន្តរក្រសួង បានបញ្ជូនសំណុំរឿងទៅតុលាការ ៨ ករណី, ចេញដីកាកោះហៅ ចំនួន ១ នាក់ និងតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៥ នាក់។
ដោយឡែកនៅក្នុងឆ្នាំ ២០២២ បានបង្ក្រាបអួនអូសទឹកសាបចំនួន ៤០ វង់, ម៉ាញ់ ១៤ វង់, ឧបករណ៍ឆក់ក្តៅ និងត្រជាក់ចំនួន ១ ៣០៩ គ្រឿង, ឈិបយន្ត ២១ គ្រឿង, អួនហ៊ុម ១៧ គ្រឿង, របាំងស្បៃមុង និងសាច់អួន ៨០១ ៦៩០ ម៉ែត្រ, លូ និងលប ៧ ២២១ មាត់ និងគ្រឿង, បង្គោលចម្រឹង ៣៩៦ ៣៥៤ ដើម, កាណូត ១១៨ គ្រឿង, ម៉ាស៊ីនកាណូត ៥៣ គ្រឿង។ ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការ ៦២ ករណី, ចេញដីកាកោះហៅ ១៩ នាក់ និងតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៦ នាក់។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមករាថា កាលពីឆ្នាំ ២០២៣ កន្លងទៅគណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើសនេសាទ និងបានបញ្ជូនទៅតុលាការ ៨ ករណី ខណៈឆ្នាំ ២០២២ មានចំនួន ៦២ ករណី។ លោកថា៖ «បើមើលតាមរបាយការណ៍ខាងលើនេះ ចំនួនបទល្មើសមានការថយចុះដោយសារតែក្រុមគណៈកម្មការអន្តរក្រសួង បានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសបានច្រើនក្នុងឆ្នាំ ២០២២ ទើបជំរុញឱ្យបទល្មើសនេសាទនៅក្នុងឆ្នាំ ២០២៣ កន្លងទៅមានការថយចុះ»។
លោកបញ្ជាក់ទៀតថា៖ «ជារួមយើងឃើញថា បទល្មើសមានការថយចុះក្នុងឆ្នាំ ២០២៣ ពីព្រោះយើងបានធ្វើច្រើនកាលពីឆ្នាំ ២០២២។ ជាធម្មតានៅពេលដែលយើងអនុវត្តច្បាប់បានពេញលេញហើយមានការរឹតត្បិតឱ្យបានហ្មត់ចត់ហើយជាលទ្ធផលនោះយើងក៏ឃើញថា ទិន្នផលត្រីក៏មានការកើនឡើងដែរ ក្រោយពីយើងសកម្មក្នុងការបង្ក្រាបនាពេលកន្លងទៅនេះ»។
ចំពោះគោលបំណង នៃការចុះបេសកកម្មរបស់ក្រសួងកសិកម្ម ជាមួយនឹងគណៈកម្មការអន្តរក្រសួងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅខេត្តជុំវិញបឹងទន្លេសាប គឺក្នុងគោលដៅចុះទៅជាជួបជាមួយប្រជាសហគមន៍នេសាទ ដើម្បីស្តាប់ពីតម្រូវការ និងសំណូមពររបស់ពួកគាត់។
លោក ហ្វីណង់ បញ្ជាក់ទៀតថា៖ «បងប្អូនប្រជាសហគមន៍បានសំណូមពរមកយើង ឱ្យកែប្រែនូវប្រវែងនៃសាច់អួនដែលគាត់ដាក់ និងស្នើឱ្យមានការកែប្រែច្បាប់របស់យើងពាក់ព័ន្ធនឹងទំហំក្រឡា ដែលគាត់ប្រើប្រាស់ដើម្បីនេសាទ។ តែកន្លងមកច្បាប់យើង គឺតឹងជាងអ្វីដែលយើងបានអនុវត្តបច្ចុប្បន្ន។ យើងបានទទួលនូវសំណូមពររបស់ប្រជានេសាទយើង ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការកែប្រែច្បាប់នេះ»។
យ៉ាងណាក៏ដោយ លោក ហ្វីណង់ ក៏បានអំពាវនាវផងដែរថា ការងារនេះអាចទទួលជោគជ័យបាន ដរាបណាមានការចូលរួមស្រុះគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ម្ល៉ោះហើយ ក្រសួងសូមអំពាវនាវដល់ប្រជានេសាទ និងមន្ដ្រីពាក់ព័ន្ធរួមគ្នាអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមសម្រាប់ទាំងអស់គ្នា។
លោក ឈឹម ឈឿន ប្រធានសហគមន៍នេសាទកន្លែងភេនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សហគមន៍នេសាទ បានរួមចំណែកជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការជួយដល់គណៈកម្មការអន្តរក្រសួង ក្នុងការបង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើយ៉ាងណា បង្កើនបរិមាណត្រីក្នុងតំបន់ដែលសហគមន៍គ្រប់គ្រង។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា៖ «ការទប់ស្កាត់បទល្មើសនេសាទរបស់សហគមន៍ មិនសូវទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន, បញ្ហាសុវត្ថិភាពរបស់សមាជិកប្រជានេសាទដែលតែងតែចេញការពារដែននេសាទរបស់ខ្លួន និងរងការគំរាមនានាជាដើម»។
លោក ឈឹម ឈឿន បន្ថែមថា សហគមន៍នេសាទកន្លែងភេមានសមាជិកជាង ២៦០ នាក់ ដែលសុទ្ធតែជាអ្នកយល់ច្បាស់ពីតម្លៃនៃការការពារធនធានធម្មជាតិ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពមច្ឆជាតិសម្រាប់តកូនតចៅ ប៉ុន្តែសហគមន៍ពិតជាត្រូវការការជួយជ្រោមជ្រែង ឱ្យបានកាន់តែច្រើនពីភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល។
សូមជម្រាបថា វិស័យជលផលនៅប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពរស់នៅ ផ្ដល់នូវសន្តិសុខស្បៀង និងបង្កើនផលិតផលក្នុងស្រុកប្រមាណ ៨១២ ភាគរយ ក្នុង ១ ឆ្នាំ។ គ្រួសារប្រជាពលរដ្ឋនៅតាមជនបទជាច្រើនពឹងផ្អែកលើការនេសាទជាប្រភពចំណូល ប្រព័ន្ធជលផលតាមវាលស្រែ សហគមន៍ស្រះជ្រកត្រី បានចូលរួមចំណែក ប្រហែល ៣០ ភាគរយ នៃផលិតកម្មជលផលក្នុងស្រុកសរុប និងសន្តិសុខស្បៀង៕