ភ្នំពេញៈក្រសួងយុត្តិធម៌ត្រៀមប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួន ២ នៅសប្តាហ៍ក្រោយដើម្បីពន្លឿនការដោះស្រាយសំណុំរឿងក្តី និងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់តម្លាភាព ពង្រឹងការអនុត្តច្បាប់ ស្របតាមទិសដៅរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
មុនការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំយន្តការសម្រាប់ដឹកនាំនិងអនុវត្តយុទ្ធនាការដើម្បីជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការនិងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុកក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌បានឱ្យដឹងថា យុទ្ធនាការទាំង២នេះ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះអាទិភាពទី៥ របស់រាជរដ្ឋាភិបាល។
ក្រសួងបានបញ្ជាក់ថា៖«យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការគឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី រឿងក្តីព្រហ្មទណ្ឌ និងសម្រាប់តុលាការគ្រប់ជាន់ថ្នាក់ដោយរួមទាំងអង្គការអយ្យការផងដែរ»។
ចំណែកយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន(១)ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការដើម្បីជួយត្រួតពិនិត្យ និងជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេសជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម។
ក្រសួងបន្តថា (២)ការចូលរួមដោះស្រាយភាពអយុត្តិធម៌និងភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការសំដៅលើកកម្ពស់ភាពយុត្តិធម៌នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ និង(៣)ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃទី៣ ខែមករាថា ក្រសួងយុត្តិធម៌កំពុងរៀបចំដាក់ឱ្យអនុវត្តយុទ្ធនាការទាំង២នេះ ឆាប់ៗខាងមុខ ក៏ប៉ុន្តែលោកមិនទាន់ជម្រាបជូនខ្លឹមសារលម្អិត និងកាលបរិច្ឆេទពិតប្រាកដទេ ដោយគ្រាន់តែប្រាប់ថានឹងប្រកាសនៅសប្តាហ៍ក្រោយ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា៖ «តាមគម្រោង និងផែនការ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាននៅសប្តាហ៍ក្រោយនឹងប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការទាំង២នេះ ហើយនៅពេលនោះនឹងជូនព័ត៌មានលម្អិត»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត បានថ្លែងថាកន្លងមកក្រសួងយុត្តិធម៌ធ្លាប់បានដាក់ចេញយុទ្ធនាការពន្លឿននីតិវិធីនៅតាមសាលាដំបូងរាជធានី-ខេត្តដើម្បីកាត់បន្ថយភាពកកស្ទះ
សំណុំរឿងឬកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ ប៉ុន្តែលោកថា ប្រសិនបើយុទ្ធនាការ២នេះដាក់ឱ្យដំណើរការឆាប់ៗគឺជាគម្រោងថ្មីមួយក្នុងការជំរុញដល់រឿងក្តី និងភាពមិនប្រក្រតីនៅតុលាការ។
លោកថា៖ «ប៉ុន្តែទោះជាយ៉ាងណានៅពេលយុទ្ធនាការនេះដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងករណីបើរកឃើញថាមានភាពមិនប្រក្រតីគឺត្រូវតែអនុវត្តតាមផ្លូវច្បាប់និងតាមបែបបទរដ្ឋបាល ឬក៏ដាក់ពិន័យ»៕