ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានចាប់ផ្តើមផ្តល់សេវាធ្វើលិខិតឆ្លងដែនដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េខាងត្បូង ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើផ្ទាល់នៅកម្ពុជាទៀតឡើយ ដែលនេះជាការជួយសម្រួលដល់ទុក្ខលំបាករបស់ពលករ និងពលរដ្ឋខ្មែរជុំវិញការធ្វើលិខិតឆ្លងដែននេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា តាមរយៈកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នឹងមានការផ្តល់សេវាធ្វើលិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផ្ទាល់ចាប់ពីខែមករា ឆ្នាំ ២០២៤ តទៅ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការសម្រេចយន្តការដូច្នេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ណែនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សូមរំឭកថា លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យមានកន្លែងផ្តល់សេវាធ្វើលិខិតឆ្លងដែននៅប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់ ដោយមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋសិស្សនិស្សិត ជាពិសេសពលករខ្មែរ ដែលចាំបាច់ធ្វើដំណើរមកកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ឬការពន្យារសុពលភាពលិខិតឆ្លងដែន នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកាច្រើន។
ការណែនាំនេះធ្វើឡើងនៅឱកាសលោកចុះសំណេះសំណាលជាមួយកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ ២០២៣ ហើយលោកក៏ណែនាំឱ្យបង្កើតកុងស៊ុលបន្ថែមទៀត នៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករខ្មែរ និងពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសទទួលបានសេវាផ្សេងៗផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងការងារក៏បានបញ្ជាក់ដែរថា សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ ដើម្បីធ្វើលិខិតឆ្លងដែន អាចទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង តាមរយៈលេខទូរស័ព្ទ +៨២ ០២ ៣៧៨៥ ១០៤១ ឬតាមរយៈអនុព័ន្ធការងារអមស្ថានទូត តាមលេខទូរស័ព្ទ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែមករាថា រដ្ឋាភិបាលបានគិតគូរលើការធ្វើលិខិតឆ្លងដែននៅបរទេសសម្រាប់ពលករខ្មែរធ្វើការនៅទីនេះជាយូរណាស់មកហើយ។ ចាប់តាំងពីការផ្តល់អនុសាសន៍ពីនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងការងារ បានដុតដៃដុតជើង រៀបចំក្រុមការងារ និងអ្នកជំនាញឯកទេសលើអត្តសញ្ញាណកម្ម និងលិខិតឆ្លងដែននៅកូរ៉េតែម្តង។
លោកបានឱ្យដឹងទៀតថា៖ «យន្តការនេះ មានភាពប្រសើរខ្លាំងណាស់សម្រាប់សម្រួលដល់ពលករខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសការចំណាយនានាតួយ៉ាងការធ្វើដំណើរដែលយន្តការនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងគិតគូរអនុវត្តសម្រាប់នៅបណ្តាប្រទេសផ្សេងៗទៀតដែរ បន្ថែមនៅកូរ៉េខាងត្បូង»។
ជាមួយគ្នានេះដែរ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានគាំទ្រចំពោះយន្តការនេះ ដែលជាចំណែកសម្រួលដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសពលករខ្មែរ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់កម្ពុជា។ ប៉ុន្តែលោកចង់ឃើញការធ្វើលិខិតឆ្លងដែននេះ ស្ថិតក្នុងតម្លៃមួយដ៏សមរម្យអាចត្រឹម ២០ ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ពលករខ្មែរ។
លោកបានប្រាប់ថា៖ «សម្រាប់ខ្ញុំនៅក្នុងកិច្ចការងារនេះ ខ្ញុំសំណូមពរឱ្យពិនិត្យមើលតម្លៃធ្វើលិខិតឆ្លងដែននោះឱ្យទាបតាមដែលអាចធ្វើបានហើយពន្លឿនការធ្វើលិខិតឆ្លងដែន បើអាចធ្វើត្រឹម ១ ម៉ោង ឬកន្លះម៉ោងអីបានរឹតតែល្អ ដោយសារពលករយើងមកពីចម្ងាយដោយទៅធ្វើតែ ១ ជើង [១ លើក] គឺបានលិខិតតែម្តង ហើយបើសិនជាអាចយើងអាចធ្វើនៅថ្ងៃឈប់សម្រាក ដើម្បីជួយសម្រួលពលករ មិនចាំបាច់សុំច្បាប់ឈប់សម្រាក»។
លោក មឿន តុលា និយាយថា យន្តការដែលរដ្ឋាភិបាលកម្ពុជាអាចធ្វើបានគឺតាមរយៈដាក់ទីតាំងធ្វើលិខិតឆ្លងដែននៅទីតាំងស្ថានទូតផ្ទាល់ ឬតាមរយៈកុលស៊ុលតាមតំបន់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ហើយមិនតែប៉ុណ្ណោះ ទីតាំងទាំងនោះអាចប្រើប្រាស់ក្នុងលក្ខខណ្ឌផ្តល់សេវាផ្សេងៗទៀត ឬអាចធ្វើទិដ្ឋាការសម្រាប់លក្ខខណ្ឌទេសចរណ៍ សម្រាប់រកចំណូលជូនជាតិ ១ កម្រិតទៀត៕