លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភានៃប្រទេសកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនជប៉ុន និងការខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ដែលបណ្តាលមកពីការរញ្ជួយដីនាឆ្លងឆ្នាំសកល។
តាមរយៈសាររំលែកទុក្ខ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបានដឹងថាមានជនរងគ្រោះជាច្រើន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មី។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ ខ្ញុំក៏សូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយផងដែរ»។
លោក ហ៊ុន ម៉ាណែត មានទំនុកចិត្តថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់លោកគីស៊ីដា ហ្វូមីអុ រួមជាមួយនឹងក្រុមជួយសង្គ្រោះជប៉ុនដ៏ជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រទេសជប៉ុននឹងអាចយកឈ្នះលើគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័សនេះ។
ជាមួយគ្នានេះដែរ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើលិខិតជូនលោក NUKAGA Fukushiro ប្រធានសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន ដោយសម្តែងនូវសេចក្ដីសោកស្តាយជាពន់ពេក ចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន។
តាងនាមរដ្ឋសភានៃកម្ពុជា លោកស្រីបានសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសមានចិត្តដ៏ជ្រាលជ្រៅ ចំពោះលោក NUKAGA Fukushiro និងតាមរយៈលោក លោកស្រីសូមផ្ញើជូនចំពោះរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ក្នុងសោកនាដកម្មនេះ។
លោកស្រី ឃួន សុដារី បានលើកឡើងថា៖ «ខ្ញុំសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយប្រជាជនជប៉ុនក្នុងកាលៈទេសៈដ៏លំបាកនេះ។ យើងខ្ញុំ សូមឈរនៅក្បែរ ឯកឧត្តមប្រធាន និងរដ្ឋាភិបាលប្រទេសជប៉ុនជានិច្ច ខណៈពេលដែលប្រទេសនេះត្រូវបានស្ដារឡើងវិញពីព្រឹត្តិការណ៍វិនាសកម្មនេះ»។
សូមរំឭកថា អាជ្ញាធរនៃប្រទេសជប៉ុន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ បានចេញការព្រមានពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីជាបន្តបន្ទាប់គ្នាបានវាយប្រហារភាគខាងលិចនៃប្រទេស។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដី ៧,៤ វ៉ិចទ័រ បានវាយប្រហារលើខេត្ត Ishikawa ដោយបង្កការគំរាមកំហែងពីរលកយក្សស៊ូណាមិ «កម្រិតធ្ងន់» លើឆ្នេរនៃខេត្តភាគកណ្ដាលមួយនេះ។
ការព្រមានអំពីរលកយក្សស៊ូណាមិកម្រិតទាប ក៏ត្រូវបានប្រកាសឡើងនៅខេត្តរងគ្រោះផ្សេងទៀត រួមមានខេត្ត Niigata ខេត្ត Toyama ខេត្ត Yamagata ខេត្ត Fukui និងខេត្ត Hyogo ដែលស្ថិតនៅតាម បណ្តោយឆ្នេរសមុទ្រជប៉ុនផងដែរ៕