បដិមាព្រះពុទ្ធរូបចំនួន ២ អង្គ ដែលធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សរ៍ទី៦ ឬទី៧ ក្នុងរចនាប័ទ្មភ្នំដា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤។
បដិមាទាំង២អង្គនេះរួមមាន ១ ព្រះពុទ្ធសមាធិ មានកម្ពស់ប្រហែល ៨០ ស.ម និងព្រះភ្នែនប្រហែល ៦៧ ស.ម និង ២ ព្រះពុទ្ធទីបង្ករ មានកម្ពស់ប្រហែល ១៥០ ម៉ែត្រ ជើងទម្រប្រហែល ៦៧ ស.ម។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិមាព្រះពុទ្ធរូបចំនួន ២ អង្គ ត្រូវបានយកមករក្សានៅសារមន្ទីរជាតិ សម្រាប់សិក្សា អភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សាធារណជននាពេលអនាគត។
កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន ២ អង្គ ក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ក្រសួងវប្បធម៌បញ្ជាក់ថា ៖ «ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំង២អង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅអំឡុងស.វ.ទី៧ ក្នុងរចនាប័ទ្មភ្នំដា។ ដោយយល់ឃើញថា ស្ថានភាពនៃរូបព្រះបដិមាទាំង២អង្គនេះ មានការបាក់បែក និងត្រូវទទួលការសម្អាតអភិរក្សតាមបច្ចេកទេស ទើបក្រុមការងារថ្នាក់ខេត្តបានសម្រេចប្រគល់រូបចម្លាក់ទាំង២ព្រះអង្គនេះ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា»។
ក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕