អាជ្ញាធរខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានក្រើនរំឭកនិងណែនាំដល់ប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងនៅទីតាំងមួយចំនួន ដោយបារម្ភពីការខ្វះទឹកស្រោចស្រពដំណាំ ខណៈប្រជាកសិករខ្លះបានពង្រីកផ្ទៃដីធ្វើស្រែប្រាំង លើសផែនការផ្គត់ផ្គង់ទឹក។
យោងសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។ សេចក្តីជូនដំណឹងណែនាំថា៖«សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្តល់ឱ្យក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសម្រាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ»។
ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង មិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។ ប្រភពដដែលក្រើនរំឭកថា ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកា។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់ថា ការជូនដំណឹងរបស់អាជ្ញាធរខេត្ត គឺជាការគិតគូរទុកជាមុន ក៏ដូចជាក្រើនរំឭកផ្តល់ព័ត៌មានដើម្បីឱ្យប្រជាកសិករយកទៅពិចារណា ហើយការសម្រេចចិត្តយ៉ាងណានោះឋិតនៅលើប្រជាកសិករផ្ទាល់ខ្លួន។
យ៉ាងណាមិញកញ្ញាបានគូសបញ្ជាក់ថា៖«បើទោះបីជាពេលនោះមានបញ្ហាខ្វះទឹកក៏ដោយ ក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធទាំងអស់នឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីជួយសម្រួលលើបញ្ហានេះ។ បញ្ហាខ្វះទឹកនេះមិនមែនតែនៅកម្ពុជាយើងទេ នៅប្រទេសជិតខាង តួយ៉ាង វៀតណាមក៏ជួបបញ្ហានេះដែរ»។
បើតាមកញ្ញា អ៊ឹម រចនា ក្រសួងយល់ច្បាស់ថាប្រជាកសិករយើងកំពុងតែសប្បាយរីករាយជាមួយនឹងការបង្កបង្កើនផលដោយសារស្រូវសើមនៅវាលស្រែអាចលក់បានក្នុងតម្លៃថ្លៃលើសពីឆ្នាំមុនៗ ពោលស្រូវសើមនៅទីវាលស្រែ ១ គីឡូ អាចលក់ចេញបានក្នុងតម្លៃចាប់ពី ១៣០០ រៀល ដែលតម្លៃនេះមិនធ្លាប់មាននោះទេ។ កញ្ញាថា៖«ដូច្នេះវាមិនចម្លែកទេដែលបងប្អូនប្រជាកសិករសប្បាយចិត្តបង្កបង្កើនផល»។
ចំណែករដ្ឋបាលខេត្តពោធិ៍សាត់វិញ ឱ្យដឹងថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ។
ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ បានកើនរហូតដល់ ៤៦.៣៤១ ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ ហិកតា។
ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ហើយប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
រដ្ឋបាលខេត្តសង្កត់ធ្ងន់ថា៖«ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។ ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកា»៕