ក្រសួងបរិស្ថាន បានឱ្យដឹងថា គិតចាប់ពីខែតុលារហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២៣ មន្ទីរបរិស្ថានរាជធានី-ខេត្ត បានខិតខំបណ្ដុះកូនឈើ បានចំនួន ២៣៤ ៣៧១ ដើម និងបានចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន ១៩១ ៨២០ ដើម។
គួរជម្រាបថា ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញនូវយុទ្ធនាការ ស្តីពីរៀបចំបណ្តុះកូនឈើ ឱ្យបានយ៉ាងហោចណាស់ ១ លានដើមក្នុងមួយឆ្នាំ កាលពីថ្ងៃទី១០ តុលា ២០២៣។ លោកបន្តថា ការបណ្តុះកូនឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ និងបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។
លោកឱ្យដឹងទៀតថា កូនឈើទាំងនោះ ក្រសួងនឹងធ្វើការចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមានបំណងចង់ដាំកូនឈើ រួមទាំងចែករំលែកនូវបច្ចេកទេសដាំកូនឈើផងដែរ។
បន្ថែមពីនេះលោក អ៊ាង សុផល្លែត បានណែនាំដល់មន្ទីរបរិស្ថាន រាជធានី-ខេត្ត ខិតខំដាំកូនឈើឱ្យបានគ្រប់ប្រភេទ ហើយការដាំនោះគឺត្រូវស្របតាមទីតាំងភូមិសាស្ដ្រ ក៏ដូចជាស្ថានភាពដីជាក់ស្ដែង បើពុំនោះទេកូនឈើមិនរីកលូតលាស់នោះទេ។
ពាក់ព័ន្ធបរិស្ថាន ក្រៅពីដាក់ចេញយុទ្ធនាការដាំកូនឈើ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីរួមចំណែកបង្កើនភាពស្អាត និងបរិស្ថានបៃតងនៅកម្ពុជា។
តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គិតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៣ ៧៧៥ ៣៤៤ អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១៤៣ ៨១៩ នាក់ សិស្សានុសិស្សសរុបចំនួន ៣ ៣៥៩ ៧១៧ នាក់ កម្មករកម្មការិនី សរុបចំនួន ២២១ ៦២០ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៧ ៥៧៣ អង្គ/នាក់។ ក្នុងនោះ បានផ្សព្វផ្សាយសរុបបានចំនួន ១២ ៧៣៥ លើក ក្នុងសាលារៀនសរុបចំនួន ៨ ២២២ សាលា រោងចក្រចំនួន ៣២៥ វត្តអារាម ៤៥ និងសហគមន៍ទីប្រជុំជនចំនួន ៩៦ កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
យុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះ បានអនុវត្តក្នុងខេត្តចំនួន ១៤ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ៕