ពោធិ៍សាត់ៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានចុះជួបជាមួយប្រជានេសាទ ស្ថិតក្នុងភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ដើម្បីសិក្សាស្វែងយល់ពីក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជា-នេសាទនៅតំបន់បឹងទន្លេសាប និងបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់។
ដំណើរស្វែងរកដំណោះស្រាយជូនប្រជានេសាទនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ដែលបានចូលរួមដំណើរនោះ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែមករាថា ការចុះស្ទាបស្ទង់ និងស្តាប់ពីសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជានេសាទនេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីផលវិបាករបស់ប្រជានេសាទនៅតំបន់បឹងទន្លេសាប ខណៈឧបករណ៍មួយចំនួនដែលពួកគេប្រើប្រាស់ច្បាប់មិនអនុញ្ញាតទេ។
លោកថា៖ «ប្រវែង ក្រឡា និងទំហំសាច់អួនរបស់ប្រជានេសាទនៅទីកន្លែងនោះកន្លងមក យើងមានការរឹតបន្តឹងដោយមិនអនុញ្ញាតឱ្យវែងទេ ហើយក៏មិនអនុញ្ញាតឱ្យក្រឡាអួនតូចដែរ។ ក៏ប៉ុន្តែនាពេលកន្លងមកការនេសាទរបស់ប្រជានេសាទ មានការលំបាក ដោយសារច្បាប់របស់យើងតឹងពេក ដែលធ្វើឱ្យទិន្នផលនេសាទធ្លាក់ចុះ ដូច្នេះហើយបានពួកគេស្នើសុំមកថ្នាក់លើ ដើម្បីបន្ធូរបន្ថយខ្លះដោយពួកគេចង់បានប្រវែងអួនធ្វើយ៉ាងណាឱ្យបាន ២៥០ ម៉ែត្រ និងក្រឡា ៣ ហ៊ុន»។
លោកបន្ថែមថា ក្រុមការងារក្រសួងបានទទួលយកសំណើទាំងអស់ ដែលសុទ្ធសឹងតែជាការស្នើសុំដើម្បីបន្ធូរបន្ថយការអនុវត្តច្បាប់ទៅលើឧបករណ៍នេសាទរបស់ពួកគេ ក៏ប៉ុន្តែមិនទាន់មានការសម្រេចបែបណាទេ ដោយក្រុមការងារបានធ្វើការរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីធ្វើការសម្រេច។
ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អំពាវនាវឱ្យប្រជានេសាទទាំងអស់នៅតាមបឹងទន្លេសាបគោរពច្បាប់នេសាទឱ្យបានត្រឹមត្រូវ ចៀសវាងការនេសាទខុសច្បាប់ ប្រើប្រាស់ឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវចម្រុះ ក៏ដូចជាធនធានដ៏សម្បូរបែបនៃបឹងទន្លេសាប។
ថ្លែងក្នុងជំនួបជាមួយប្រជានេសាទ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជានេសាទឱ្យលើកឡើងពីក្តីកង្វល់ សំណើ និងបញ្ហាប្រឈមនានាជូនមន្ត្រីជំនាញពាក់ព័ន្ធដែលមកពីក្រសួងកសិកម្ម ដើម្បីឈានទៅរកដំណោះស្រាយរួមគ្នា។
លោកបានឱ្យដឹងថា ការចុះសំណេះសំណាលនាពេលនេះ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជានេសាទពីការប្រើប្រាស់ឧបករណ៍ ក្នុងរដូវបើកនេសាទឱ្យបានត្រឹមត្រូវទៅតាមច្បាប់រដ្ឋបាលជលផល ចៀសវាងប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់មច្ឆជាតិ។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មចំនួនបទល្មើសនេសាទក្នុងឆ្នាំ ២០២៣ មានការថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដោយសារតែក្រុមគណៈកម្មការអន្តរក្រសួងបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើស។ នៅក្នុងឆ្នាំ ២០២៣ គណៈកម្មការអន្តរក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ក្រាបបទល្មើសនេសាទ មានដូចជា អួនអូសទឹកសាប ចំនួន ១៣ វង់, ឧបករណ៍ឆក់ក្តៅ និងត្រជាក់ចំនួន ១៣៦ គ្រឿង, ឈិបយន្ត ២ គ្រឿង, អួនហ៊ុម ១២ គ្រឿង, របាំងស្បៃមុង និងសាច់អួន ៧៤៧ ៥៤៤ ម៉ែត្រ, លូ និងលប ៧ ២៦៦ មាត់ និងគ្រឿង, បង្គោលចម្រឹង ៣៣០ ៨២៨ ដើម, ឈ្នក់ រួមផ្សំនឹងភ្លើង ១១៩ វង់, កាណូត ៣០ គ្រឿង, ម៉ាស៊ីនកាណូត ២០ គ្រឿង។
ក្នុងនោះ គណៈកម្មការអន្តរក្រសួង បានបញ្ជូនសំណុំរឿងទៅតុលាការ ៨ ករណី, ចេញដីកាកោះហៅ ចំនួន ១ នាក់ និងតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៥ នាក់៕
វង្ស ដារាវ៉ាឌី