ភ្នំពេញៈ កម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា ជាខួបលើកទី ៤៥ឆ្នាំ ដែលប្រទេសកម្ពុជា ត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នេះបើតាមបណ្តាញតេឡេក្រាម លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ។
ប្រភពដដែលបានលើកឡើងថា កាលពី ៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនឱ្យមានឡើយ។
ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិ។
លោកសរសេរលើតេឡេក្រាមថា៖ «សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍»។
ថ្លែងសុន្ទរកថាអបអរសាទរខួប ៧មករា ឆ្នាំ ២០២៤ នេផងដែរ លោក ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីបានទទួលជោគជ័យថ្ងៃ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់មិនអស់ ពុះពារការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជន រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព។
លោកថ្លែងថា៖ «យើងប្រារព្ធខួបលើកទី ៤៥ឆ្នាំ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ប៉ុលពតបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈ របស់កម្មាភិបាល វរយុទ្ធជន យុទ្ធនារី សាមគ្គីសង្គ្រោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត»។
លោកបន្ថែមថា៖«ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធជនរួមជាតិជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណោចអាធ័ម និង អយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់បានទៅកាន់សុគតិភពជារៀងរហូត»។
ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
លោកប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្ដែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឱ្យព្រះអង្គបានប្រកបនូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះទីឃាយុ យឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោនជារៀងដរាបផងដែរ៕