ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងប្រទេស កម្ពុជា-ចិន បាននាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើនដោយធ្វើឱ្យមហាអំណាចមួយនេះ ក្លាយជាប្រទេសទី១ដែលបានវិនិយោគច្រើនជាងគេបង្អស់នៅកម្ពុជា។
លោកបានលើកឡើងបែបនេះ តាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រោយពីជំនួបពិភាក្សាការងារជាមួយ Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦ ខែមករា។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ៖ «ភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាង កម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើន ហើយជាក់ស្ដែងប្រទេសចិនបានក្លាយជាប្រទេសទី១ដែលវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្តថា កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបានភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានោះ លោកបានលើកឡើងពីគំនិតផ្ដួចផ្ដើមរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ស៊ី ជីនភីង ដែលបានកំណត់ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត។
នៅក្នុងជំនួបនោះដែរ លោក Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ បានលើកឡើងពីសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជា ភាពមមាញឹកនៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ, សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។
តាមរយៈមិត្តភាពដ៏រឹងមាំរវាង កម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ លោកក៏បានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានការវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជា។
ជុំវិញជំនួបនេះ លោក ជ័យ តិច អ្នកសិក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច បានលើកឡើងនៅថ្ងៃទី៧ ខែមករាថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ និងប្រពៃណី ហើយបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ចាប់ពីទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រហូតដល់កម្រិតដែកថែប។ ដូច្នេះ បើនិយាយពីទំនាក់ទំនងសេដ្ឋកិច្ច គឺកម្ពុជា មិនអាចភ្លេចនិយាយពីប្រទេសចិនបានទេ។
លោក ជ័យ តិច បញ្ជាក់ទៀតថា ជាក់ស្តែង តាមរយៈទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ លំហូរទុនវិនិយោគមកពីប្រទេសចិន បានកើនឡើងរហូតដល់ជាង ៦០ ភាគរយ ដែលខ្ពស់ជាងគេបំផុត។ ដោយឡែក បើនិយាយពីហិរញ្ញប្បទានយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងជំនួយផ្សេងៗ រួមទាំងបញ្ហាផ្សេងទៀត យកមកស្តារសេដ្ឋកិច្ច កម្ពុជា ក៏មានច្រើនផងដែរ។
លោក ជ័យ តិច បានថ្លែងថា៖«ប្រទេសចិន គឺជាប្រទេសដ៏សំខាន់សម្រាប់នាំចេញរបស់កម្ពុជា ក្រៅពីសហរដ្ឋអាមេរិក និងសហគមន៍អឹរ៉ុប ប្រទេសកម្ពុជាបាននាំចេញទៅប្រទេសចិនជាច្រើន និងមានការអនុគ្រោះពន្ធ បើកចំហនៃការនាំចេញ ជាពិសេសកសិផលរបស់កម្ពុជាទៅប្រទេសចិន គឺនាំចេញច្រើនណាស់ដូចជាស្វាយ ចេក មៀនប៉ៃលិន និងកសិផលផ្សេងទៀតជាច្រើន»។
សូមបញ្ជាក់ដែរថា លោក ស៊ុន ចាន់ថុល បានទៅបំពេញទស្សនកិច្ចដើម្បីទាក់ទាញវិនិយោគិននៅប្រទេសចិនចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕