ភ្នំពេញៈ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកទឹកចិត្តដល់នាយទាហានគ្រប់ផ្នែកបន្តខិតខំយកចិត្តទុកដាក់ចំពោះតួនាទី ព្យាយាមបង្កើតស្នាដៃថ្មីៗ ពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីធានានូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារភ័ស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៤ របស់អគ្គនាយកដា្ឋន ភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤។
តាមរយៈហ្វេសប៊ុកក្រសួងការពារជាតិ លោកទៀ សីហា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រធានស្ថាប័ន និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅក្នុងជួរកងទ័ព ដែលបានយកចិត្តទុកដាក់ សហការគ្នា នៅក្នុងការបំពេញភារកិច្ចដោយការទទួលខុសត្រូវ ដែលអាចឈានទៅសម្រេចលទ្ធផលនានា តួយ៉ាងដូចជា ការងារក្នុងផ្នែកភ័ស្តុភារ ហិរញ្ញវត្ថុ នេះ។
លោកបានថ្លែងថា៖ «រយៈពេលពេញ ១ឆ្នាំ ក្នុងឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក នៅតែបន្តវិវត្តប្រែប្រួល ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដោយបង្កើតឱ្យមានបញ្ហាប្រឈមជាច្រើន រួមជាមួយការបន្តកើតឡើងនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានទំនើប ជំងឺរាតត្បាត គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ»។
លោក ទៀ សីហា ថ្លែងថា បើទោះបីកម្ពុជាប្រឈមនឹងផលប៉ះពាល់ពីវិបត្តិជាសកលដូច្នេះក្តី ក៏អគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានសហការជាមួយនាយទាហានជំនាញ និងផ្នែកពាក់ព័ន្ធ ខិតខំសម្រេចជោគជ័យលើបេសកកម្ម និងសមិទ្ធផលនានាដែលរួមចំណែកដល់ការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ថែរក្សាសន្តិសុខនិងស្ថិរភាពនយោបាយជាតិ។
រដ្ឋមន្ត្រីការពារជាតិបានបន្តថា សមិទ្ធផលនៅក្នុងឆ្នាំ២០២៣ កន្លងទៅ ឆ្លុះបញ្ចាំងដល់ការខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧ នេះ ទៅលើវិស័យការពារជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ជាទិសដៅសម្រាប់ឆ្នាំ២០២៤ លោកទៀ សីហា បានជំរុញឱ្យផ្នែកភ័ស្តុភារ ហិរញ្ញវត្ថុ បន្តវិធានការ កំណែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះពាក់ព័ន្ធទម្រង់បែបបទថវិកាកម្មវិធី ហើយត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមពីនេះ លោកក៏បានស្នើឱ្យពន្លឿនការដោះស្រាយបញ្ហាយោធិនប្រភេទ២ ចេញពីជួរកងទ័ព ជំរុញទូទាត់ប្រាក់បូជាសពយោធិនពលី មរណភាព រួមទាំងការងារផ្គត់ផ្គង់ ធានាប្រេងឥន្ធនៈ ការដឹកជ្ជូន សុខាភិបាល និងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរ។
លោកថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)បានប្រាប់ឱ្យដឹងថា សម្រាប់ការធ្វើទំនើបកម្មយោធា គឺខ្វះមិនបានឡើយលើការពង្រឹងសមត្ថភាពកងទ័ព ជាពិសេសបច្ចេកទេស ដែលបានចែងនៅក្នុងគោលនយោបាយជាតិរបស់ក្រសួងការពារជាតិ ឬសៀវភៅស កាលពីឆ្នាំ២០២២។
លោកបានថ្លែងថា៖ «ដើម្បីធានាបានការអភិវឌ្ឍវិស័យយោធា និរន្តរភាព និងតម្លាភាពក្នុងការដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងភ័ស្តុភារនិងហិរញ្ញវត្ថុគឺពិតជាសារៈសំខាន់ណាស់ ដើម្បីធានាបានថា កងទ័ពមានសព្វាវុធ និងការហ្វឹកហាត់គ្រប់គ្រាន់ របបអាហារក៏ដូចជាទទួលបានប្រាក់បៀវត្សរ៍សមរម្យតាមគោលការណ៍រដ្ឋាភិបាល»។
លោកថា ការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុ ជារឿងសំខាន់មួយ ដើម្បីអាចតាមដាន និងកត់ត្រាការចំណាយនានារបស់យោធា ធ្វើវិវេចនា និងយុទ្ធសាស្ត្រអនាគតបាន ដែលក្រសួងការពារជាតិ ជាពិសេសរដ្ឋាភិបាលអាចដាក់ចេញវិធានការមាំ ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សដែលបម្រើការផ្នែកនេះ តួយ៉ាងហិរញ្ញវត្ថុឌីជីថល ដើម្បីធ្វើទំនើបកម្មវិស័យយោធាមានប្រសិទ្ធភាពនៅកម្ពុជា។
ជាមួយគ្នានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា រដ្ឋាភិបាល ជាពិសេសវិស័យកងទ័ពត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពកងទ័ព ទោះបីកម្ពុជាមានសុខសន្តិភាពក្តី ដើម្បីអាចត្រៀមលក្ខណៈប្រសើរក្នុងពេលប្រឈមមុខនឹងទំនាស់ ឬភាពអសន្តិសុខណាមួយ។
លោក ថ្លែងដោយចាត់ទុកវិស័យភ័ស្តុភារ ហិរញ្ញវត្ថុ សំខាន់សម្រាប់វិស័យយោធា ដែលត្រូវលើកទឹកចិត្តឱ្យបង្កើនទំនើបកម្មយុទ្ធោបករណ៍ សម្ភារយោធា ខណៈប្រទេសមហាអំណាចលើលោកក៏កំពុងបង្កើនសមត្ថភាពយុទ្ធោបករណ៍គេរៀងៗខ្លួនផងដែរ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា យោធាគេចំណាយយ៉ាងណាទេ ប៉ុន្តែសូមឱ្យការចំណាយនោះមានតម្លាភាព ឱ្យចំគោលដៅ គឺមិនមែនមានន័យថា បង្ហាញសាធារណជនឱ្យដឹងទេ ប៉ុន្តែធានាឱ្យចំណាយទាំងនោះមានប្រសិទ្ធភាព អភិវឌ្ឍយុទ្ធោបករណ៍ ឱ្យដឹងថា អភិវឌ្ឍយុទ្ធោបករណ៍ ចាយទៅលើប្រាក់ខែកងទ័ព ឱ្យដឹងថា ចាយទៅលើប្រាក់ខែកងទ័ព»។
លោក យង់ ពៅ ថ្លែងថា កិច្ចការយោធាទាមទារឱ្យមានភាពសម្ងាត់ក៏ពិតមែន ប៉ុន្តែផ្ទៃក្នុងយោធាក៏ត្រូវធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព ដើម្បីការរីកចម្រើនផ្នែកវិស័យការពារជាតិ៕