ភ្នំពេញៈ ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ដើម្បីអនុវត្តវិធានការគន្លឹះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹង«ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌»។
ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ថា យុទ្ធនាការទាំង ២នេះ រួមមាន៖យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
បើតាមសេចក្តីជូនដំណឹង សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤ៈ៣០នាទី នៅសាលយុត្តិធម៌នៃទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំង២នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់នៅថ្ងៃទី៧ ខែមករាថា ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការទាំង២នេះ ហើយពេលនោះនឹងមានព័ត៌មានច្បាស់លាស់ និងព័ត៌មានលម្អិត»។
បើតាមក្រសួងយុត្តិធម៌ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស។
ចំណែកយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន (១) ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយត្រួតពិនិត្យ និងជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម (២)ការចូលរួមដោះស្រាយភាពអយុត្តិធម៌ និងភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ សំដៅលើកកម្ពស់ភាពយុត្តិធម៌ នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ និង(៣) ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ដោយផ្តោតលើការងារអាទិភាពជាច្រើន ដើម្បីកសាងជាតិ និងការពង្រឹងនីតិរដ្ឋ។
ក្នុងន័យនេះសម្រាប់វិស័យយុត្តិធម៌ រាជរដ្ឋាភិបាលបន្តផ្ដោតលើកិច្ចការអាទិភាពក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការលើកកម្ពស់ និងការពង្រឹង ភាពស្អាតស្អំ ភាពសុចរិត និង ជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។
ជំរុញការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌៕