​ភ្នំពេញៈ​ កីឡាករ​របស់​កម្ពុជា ​ពុទ្ធ សំបូរ និង រិទ្ធី សុ​ជាតិ មាន​វាសនា​មិន​ខុសគ្នា​នោះ​ទេ ​គឺ​ពួកគេ​ត្រូវ​បាន​អ្នក​ប្រដាល់​របស់​ថៃ ​Sen Sakgnen និង Pich Nakhorn វាយ​ឱ្យ​សន្លប់ ​ក្នុង​ពេលដែល​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​ ៥ បាន​ផ្លាស់​ប្តូរ​ការ​ប្រកួត​ពីថ្ងៃ​អាទិត្យ​មក​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​វិញ ​ប៉ុន្តែ ម៉ន  ព្រហ្ម​ម៉ាញ អាច​ស្រោច​ស្រង់​ការ​បរាជ័យ​របស់​ជន​រួម​ជាតិ​ទាំង​ ២​​ នេះ​បាន​មួយ​កម្រិត ​តាម​រយៈ​ការ​យក​ឈ្នះ​ថៃ Neiv Vangchan ក្នុង​លំដាប់​គូ​ឯក​។​

​​តាម​រយៈ​ការប្តូរ​ពេល​ប្រកួតពីថ្ងៃ​អាទិត្យ ​មក​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា​ ឆ្នាំ​២០២៤​   ​រិទ្ធី​ សុជាតិ ​បាន​ប្រឹង​ប្រែង​​ខ្លាំង ក្នុង​ការចូល​វ៉ៃ​ប្តូរ​ជាមួយ​កីឡា​ករ​ថៃ Pich Nakhorn ជាមួយ​ការ​ម៉ាត់ ​និង​វាយ​កែង​របស់​គេ ​ប៉ុន្តែ​ការ​ទាត់​ស្កាត់​ខ្លាំងៗ​ ពិសេស​ការ​បុក​ជង្គង់​ចូល​ពេញៗ​របស់ Pich Nakhorn បាន​ផ្តល់​ការ​លំបាក​ច្រើន​ចំពោះ​ការ​ព្យា​យាម​ចូល​វាយ​របស់​ រិទ្ធី ​សុ​ជាតិ​។​

​ឈាន​ចូល​ទឹក​ទី​៣ ​រិទ្ធី ​សុជាតិ ​បាន​នៅតែ​ព្យា​យាម​ចូល​វាយ​លុក​ទៅ​លើ ​Pich Nakhorn ប៉ុន្តែ​ការ​ទាត់ ​និង​បុក​ជង្គង់​ចូល​ធ្ងន់ៗ​របស់​ថៃបាន​បង្ខំ​ឱ្យ ​សុជាតិ ដក​ថយ​វិញ​។ តែ​សកម្ម​ភាព​នេះ​ បាន​ជំរុញ​ឱ្យ ​Pich Nakhorn តាម​ចូល​ចាប់​បុក​ជង្គង់​វិញ ​ធ្វើ​ឱ្យ ​សុជាតិ​ ប្រឹង​ប្រែង​វាយ​កែង ​ដើម្បី​ទប់​ស្ថាន​ភាព​ដ៏​លំបាក​នេះ ​ប៉ុន្តែ Pich Nakhorn បាន​បុក​ជង្គង់​ឆ្វេង​ចូល​ឆ្អឹង​ជំនីរ​ពេញ​ទំហឹង ​នាំ​ឱ្យ​ រិទ្ធី សុជាតិ ដួល​ផ្កាប់​មុខ​សន្លប់នៅ​ត្រឹម​នាទី​ទី​១ ក្នុង​ទឹក​ទី​៣​។​

​ដូច​គ្នានេះ​ កីឡាក​រ ​ពុទ្ធ សំបូរ ​ដែល​បាន​ទាត់ និង​ម៉ាត់​សង​ជាមួយ​អ្នក​ប្រដាល់​ថៃ Sen Sakgnen យ៉ាងរ​ន្ថើន​នោះ ​បែរ​ជា​ចាប់​ផ្តើម​ទន់​ជើង​ក្រោម ​និង​បាន​ដួលនៅ​ពាក់​កណ្តាល​ទឹក​ទី​២ នៅ​ពេល​ Sen Sakgnen បាន​ទាត់​ខ្លាំងៗទៅ​លើ​ភ្លៅ​ខាង​ស្តាំ​។ ក្នុង​ពេល​លោក​អាជ្ញា​កណ្តាល​ធ្វើ​ការ​រាប់​ជា​លើក​ទី​១​នេះ ​សំបូរ​ បាន​ព្យា​យាម​ក្រោក​ឈរ​ទាំង​ឈឺ​ចាប់ ដើម្បី​ប្រកួត​បន្ត​។

​​ទោះ​បីជា​យ៉ាង​ណា ​​Sen Sakgnen មិ​នបាន​ទុក​ពេល​ឱ្យ ​ពុទ្ធ សំបូរ មាន​ភាព​រឹងមាំ​ទាន់​ពេល​នោះ​ទេ ដោយ​រូប​គេ ​បាន​តាម​វាយ​សម្រុក​ដោយ​កណ្តាប់​ រួច​ឆ្លៀត​ទាត់​ទៅ​លើ​របួស​ចាស់ ​បណ្តាល​ឱ្យ ​សំបូរ​ ដួល​និង​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់ជា​លើក​ទី​២ ហើយ​ឈាន​ដល់​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង​ នៅ​ពេល​ ពុទ្ធ​ សំបូរ​ បាន​ដួល​ម្តង​ទៀត​ទាំង​ឈឺ​ចាប់​ ក្រោម​ទម្ងន់​ទាត់​ឆ្វេង​របស់ ​Sen Sakgnen ទៅលើ​ភ្លៅ​ខាង​ស្តាំ ​ដែលជា​របួស​ចាស់​នេះ​។

ការ​ចាញ់​ដោយ​សន្លប់​ជា​បន្ត​បន្ទាប់​គ្នា​រវា​ង រិទ្ធី សុជាតិ និង ពុទ្ធ សំបូរ​ បាន​ផ្តល់​សម្ពាធ​ខ្លាំង​ដល់ ​ម៉ន ព្រហ្ម​ម៉ាញ ដែល​ត្រូវ​ប្រកួត​បន្ទាប់​ក្នុង​នាម​ជា​គូ​ឯក​ប្រចាំ​សប្តាហ៍​ជា​មួយ ​Neiv Vangchan ព្រោះ​ថៃ​ម្នាក់​នេះ ​ក៏​ល្អ​ជង្គង់ និង​ទាត់​ដូច​គ្នា​។

តែ​ទោះបីជា​យ៉ាង​ណា ​តាម​រយៈ​ការ​ប្រកួត​៥​ទឹក​ពេញ​យ៉ាង​ស្វិត​ស្វាញ​ ព្រហ្ម​ម៉ាញ ​វាយ​ចូល​បាន​ល្អ​ទាំង​ទៅលើ​ការ​ម៉ាត់ បុក​ជង្គង់ ​និង​ការ​ទាត់​ នាំ​ឱ្យ​រូបគេទ​ទួលបា​ន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ​យ៉ាង​រំភើប​បំផុត​។

​​ជ័យ​ជម្នះ​របស់ ​ម៉ន ​ព្រហ្ម​ម៉ាញ បាន​ក្លាយ​ជា​លទ្ធ​ផល​ដ៏​ល្អ​បំផុត ​ដើម្បី​ស្រោច​ស្រង់​ការ​ចាញ់​ដោយ​សន្លប់​របស់ ពុទ្ធ ​សំបូរ​ និង រិទ្ធី សុជាតិ​ បាន​មួយ​កម្រិត ​ស្រប​ពេល​ដែល​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ប្តូរ​ពេល​វេលា​ប្រកួតពីថ្ងៃ​អាទិត្យ ​ទៅ​ថ្ងៃ​សៅរ៍​វិញ។

ការ​ផ្លាស់​ប្តូរ​នេះ ​លោក ​សេង ក​ដិ​កា បាន​ប្រាប់​កាល​ពី​ថ្ងៃទី​៧​ ខែមករា ​ថា​៖ «​ចាប់​ពីពេ​លនេះ​ទៅ ​សង្វៀន​របស់​យើង នឹង​ប្រកួត​រៀល​រាល់​ល្ងាច​ថ្ងៃ​សៅរ៍​វិញ ដើម្បី​ទុក​ថ្ងៃ​អាទិត្យ​ សម្រាប់​ផលិត​កម្ម​វិធី​ផ្សេងៗ​ ហើយ​បើ​រក​បាន​ដៃគូ​ឧបត្ថម្ភ​ យើង​ក៏​អាច​រៀបចំ​កម្មវិធី​ប្រដាល់​បន្ថែម​មួយ​ទៀត​ផង​ដែរ​»​។​

​យ៉ាង​ណាមិ​ញ​ សម្រាប់​ការ​ចាញ់​សន្លប់​របស់ ​រិទ្ធី សុជាតិ ​និង ពុទ្ធ សំបូរ ត្រូវ​បាន​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ​លោក​ សេង ក​ដិ​កា ​បង្ហាញ​ការ​យល់​ឃើញ​ថា វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​ ប៉ុន្តែ​ជាការ​ងារ​មួយដែល​យើង​ធ្វើ​ឱ្យ​មាន​តុល្យភា​ព​ក្នុងការ​ចាប់​គូ​ទាំង​ភាគី​កម្ពុជា ​និង​ភាគី​កីឡា​ករបរទេស ​ព្រោះ​ជា​ច្រើន​សប្តាហ៍​កន្លង​មក​នេះ កីឡា​ករ​ថៃ បាន​ចាញ់​ដោយ​សន្លប់​ច្រើន​ជាង​កីឡា​ករ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​កីឡាករ​កម្ពុជា​ទាំង​២​នាក់​របស់​យើង​ ពិត​ជា​ចាញ់​ដោយ​សន្លប់​ ព្រោះ​លើក​នេះ ​យើង​បាន​សាក​ល្បង​យក​កីឡាករ​ថៃ​ល្អៗ​មក​ប្រកួត​។ អ្នក​ទាំង​នេះ​ជា​កីឡាករ​ប្រភេទ​B​របស់គេ​ទេ មិន​ទាន់​កម្រិត​ A ឡើយ ​ចំណែក​កីឡាករ​កម្ពុជា​យើង ក៏​យើង​យក​អ្នក​ល្អៗ​មក​ប្រកួត​ដូច​គ្នា ​ប៉ុន្តែ​ដូចជា​ស៊យ​ដែរ ​ទើប​យើង​ចាញ់​សន្លប់​ទាំង ​២​ នាក់​បែប​នេះ ​ប៉ុន្តែ​បាន ​ម៉ន ​ព្រហ្ម​ម៉ាញ មួយ​ដែរ ដែល​ទទួល​បាន​ជ័យ​ជម្នះ​»​។​

​​លោក​ សេង ក​ដិ​កា បាន​បន្ថែម​ថា​៖ «​ការ​យក​កីឡាករ​បរទេស​ល្អៗ​មក​ប្រកួត​ វា​ជា​រឿង​ល្អ ​សម្រាប់​កីឡា​ករ​កម្ពុជា​យើង ​ព្រោះ​នេះ​ជា​បទ​ពិសោធន៍​ ដែល​យើង​អាច​មើល​ឃើញ​ពី​បច្ចេក​ទេស​ថ្មីៗ​របស់​គេ ​ដើម្បី​យក​មក​អភិ​វឌ្ឍ​ខ្លួន​ឯង​បន្ថែម​ទៀត ​ហេតុ​នេះ​គោល​ការណ៍​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ​យើង​នឹង​បន្ត​យក​កីឡាករ​បរទេស​ល្អ មក​ប្រកួត​ឱ្យ​បាន​កាន់​តែច្រើ​ន ហើយ​យើង​ក៏​ដាក់​កីឡា​ករ​ល្អៗ​របស់​យើង​មក​ប្រកួត​ដូច​គ្នា ដើ​ម្បី​ធ្វើឱ្យ​ការ​ប្រកួត​ មាន​ភាព​ស្វិត​ស្វាញ ជក់​ចិត្ត និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្ស​និក​ជន​។​

​អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ​លោក​ ក​ដិ​កា បាន​ឱ្យដឹង​ទៀត​ថា កីឡា​ករ​ឆ្នើមៗ​លំដាប់​លេខ​១ ​របស់​កម្ពុជា ​ដូច​ជា ធឿន ​ធារ៉ា និង ​ឃីម ឌី​ម៉ា ជាដើ​ម នឹង​មាន​វត្ត​មាន​នៅ​លើ​សង្វៀន​នេះ​។ 

លោក​បញ្ជាក់​ថា​៖ «​ចាប់​ពី​ខែ​មករា​នេះ​ទៅ ​យើង​នឹង​នាំយក​កីឡាករ​លំដាប់​លេខ​១​ របស់​កម្ពុជា​ មក​ប្រកួត​នៅ​សង្វៀន​របស់​យើង ​យ៉ាង​ហោច​១​ សប្តាហ៍​ឱ្យបាន ​១​នាក់ ​ចំណែក​២​នាក់​ផ្សេង​ទៀតយើង​ផ្តល់​ឱកាស​ឱ្យ​កីឡាក​រ​កម្រិត ​B និង​កីឡាករ​វ័យក្មេង​របស់​យើង ​បាន​ឡើង​ប្រកួត​អន្តរជាតិ​ផង​ដែរ​ដើម្បី​ពង្រឹង​ធន​ធាន​កីឡា​ករ​របស់​យើង​ឱ្យ​បាន​កាន់​តែ​ច្រើន​»៕