ភ្នំពេញៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានពន្យល់ពីការចាប់និងឃុំខ្លួន លោកនី ណាក់ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកាត់ដីឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកនី ណាក់ ត្រូវបានចាប់ និងសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់។
សេចក្តីប្រកាសបានបញ្ជាក់ថា៖«បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងពិនិត្យភ័ស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួកពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ»។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្ថែមថា ឈ្មោះ នី ណាក់ និងបក្ខពួក បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយព័ត៌មានមិនពិតកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា៖ «កាត់ដីឱ្យ លោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ២ ០០០និងធ្វើការិយាល័យឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬអាទិត្យឡើយ»។
ក្រោយពីបានឃើញខ្លឹមសារដែលបានបង្ហោះដោយហ្វេសប៊ុកឈ្មោះ Iman-KH, មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មាន ដែលបានផ្សាយព័ត៌មាន មិនពិតកែតម្រូវឡើងវិញពីព្រោះបុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនោះទេ។
ទោះជាបានដឹងច្បាស់ពីការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យក្រសួងក៏ដោយ ក៏បុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និង ចែកចាយសំណេរដោយមានខ្លឹមសារថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។
ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមរយៈសេចក្តីប្រកាសព័ត៌មានបានចាត់ទុកការបង្ហោះខ្លឹមសារទាំងនេះគឺជាការមួលបង្កាច់ការពិតដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្តងទៀត ដោយមិនព្រមកែតម្រូវឡើងវិញនេះ គឺជាចេតនាទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំនិងញុះញង់ឱ្យមានការរើសអើងចំពោះលោក ហេង សួរ និងថ្នាក់ដឹកនាំ ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា។
ជុំវិញបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី៧ ខែមករា បានថ្លែងថា ការសម្រេចចាប់ ចោទប្រកាន់ និងឃុំខ្លួន លោក នី ណាក់ឡើងវិញនេះ គឺជាការរឹតត្បិត សេរីភាពនៃការបញ្ចេញមតិ ពីព្រោះបើគិតមើលទៅនេះ គឺជាការបញ្ចេញមតិរបស់លោក នី ណាក់ តែប៉ុណ្ណោះ។
លោកបន្តថា ដោយឡែកការចាប់ ចោទប្រកាន់ និងឃុំខ្លួននេះ មិនមានចំណេញអ្វីដល់រដ្ឋាភិបាលនោះទេ ប៉ុន្តែផ្ទុយទៅវិញ នឹងទទួលរងការរិះគន់បន្ថែមទៀត ពាក់ព័ន្ធនឹងការបញ្ចេញមតិ។
សូមបញ្ជាក់ថា លោក នី ណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកបរិហារកេរ្ដិ៍ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
សូមរំឭកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋទាក់ទិននឹងការប្រកាសពីផែនការទិញម៉ាស់មកពាក់ឱ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅឆ្នាំ២០២០ ដោយតុលាការបានផ្តន្ទាទោស រយៈពេល១៨ ខែ ហើយលោកបានចេញពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕