ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបង រយៈពេល២យប់ ៣ថ្ងៃ នៅខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្មចំណីអាហារ សក្ដានុពលសេដ្ឋកិច្ច កសិកម្ម ទំនាក់ទំនងដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគនានានៅខេត្តបាត់ដំបង។
លោក ភូ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបងនេះ នឹងប្រព្រឹត្តនាថ្ងៃទី១៤-១៦ ខែកុម្ភៈដែលគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺពង្រីកដៃគូការចែកចាយនូវផលិតផលដែលមានសក្តានុពល ទាំងផលិតផលកសិកម្ម ផលិតផលចំណីអាហារ នៅទូទាំង២៥ រាជធានី ខេត្ត។
លោកបានបន្ថែមថា ក្នុងដំណើរទស្សនកិច្ច សភាពាណិជ្ជកម្មនឹងអនុញ្ញាតឱ្យមានអ្នកចុះឈ្មោះចូលរួមប្រមាណ២៥នាក់ប៉ុណ្ណោះ ដែលមានឱកាស ទៅទស្សនកិច្ចនៅតំបន់ទស្សនកិច្ចសំខាន់ៗ ដូចជា ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី, សិប្បកម្ម ហេង ច័ន្ទនី អង្គរមាស ឯ.ក, សហគមន៍ផលិតណែមត្រីធម្មជាតិនិងតំបន់ទេសចរណ៍ ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង។
លោក ភូ វាសនា បានបញ្ជាក់ថា៖«កម្មវិធីនេះ សភាពាណិជ្ជកម្មកម្ពុជា រៀបចំឡើងមានគោលបំណងផ្សារភ្ជាប់រវាងវិនិយោគិនក្នុងស្រុកនៅតាមបណ្តាខេត្តផ្សេងៗ ឱ្យគាត់បានយល់ពីខេត្តបាត់ដំបងយើងថាមានអ្វីខ្លះ? ហើយនេះជាឱកាសសម្រាប់អ្នកដែលត្រូវរកដៃគូចែកចាយផលិតក្នុងស្រុកបន្ថែមទៀត»។
លោកថា នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តបាត់ដំបង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយសភាពាណិជ្ជកម្មខេត្តបាត់ដំបង ទស្សនកិច្ចសិក្សាឈ្វេងយល់ក្រុមហ៊ុន សហគ្រាស នៅខេត្តបាត់ដំបង។
«នេះជាឱកាសដែលសភាពាណិជ្ជកម្មខេត្តបាត់ដំបងយើង អាចបង្ហាញទៅគាត់ ជាលក្ខណៈ (B2B) ដែលអនុញ្ញាតឱ្យយើងអាចបញ្ចេញផលិតផលសក្តានុពលរបស់ខេត្តបាត់ដំបងយើងទៅកាន់ខេត្តផ្សេង។ នេះបើសិនជាយើងអាចបង្កើនដៃគូចែកចាយក្នុងស្រុកនៅតាមបណ្តាខេត្តដទៃទៀតឱ្យបានច្រើនទៅក៏ជាការប្រសើរដែរ ដែលអាចជួយជំរុញដល់ការផលិតនិងកែច្នៃបន្ថែម»។ នេះបើតាម លោក ភូ វាសនា បញ្ជាក់បន្ថែម។
នៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាខេត្តមានការច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់អង្គការ UNESCO កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្តានុពលខ្លាំង លើការដាំដុះដំណាំជាច្រើនមុខ ដូចជា ដំណាំស្រូវ, ដំណាំសាកវប្បកម្ម, ដំណាំកសិ-ឧស្សាហកម្ម និងផលិតផលជាច្រើនមុខផ្សេងទៀត។
លោកបានថ្លែងថា៖«ខេត្តបាត់ដំបង ជាខេត្តមួយដែលមានកេរ្តិ៍ឈ្មោះល្បីទាក់ទាញទាំងអ្នកទេសចរ និងវិនិយោគិន ទាំងក្នុង និងក្រៅស្រុក ដែលគេចង់មករកស៊ីនៅខេត្តយើង។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើ គឺការសម្របសម្រួលទាក់ទាញ និង រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តយើងឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងបង្កើនចំណូលបងប្អូនប្រជាពលរដ្ឋយើងផងដែរ»។
បើតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ខេត្តនេះ ប្រមូលផលដំណាំស្រូវ ដំណាំឧស្សាហកម្ម និងដំណាំសាកវប្បកម្ម បានប្រមាណជាង ៤លាន ៥សែនតោន ខណៈដែលការប្រមូលផលស្រូវ ឆ្នាំ ២០២៣ កើនលើសឆ្នាំ ២០២២ ជិត២៧ម៉ឺនតោន៕