ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងការរៀបចំកម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន»ក្រោមប្រធានបទ «ការត្រៀមលក្ខណៈ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងសហគមន៍» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី៧ ខែមករាថា កម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាន គឺជាកម្មវិធីមួយរបស់សហគមន៍សង្គមវប្បធម៌អាស៊ាន ដែលបានអនុម័តក្នុងឆ្នាំ២០២៤ ហើយកម្មវិធីនេះនឹងត្រូវរៀបចំឡើងចំនួន ១០ប្រទេស ដែលជាសមាជិកអាស៊ាន។
នៅក្នុងឆ្នាំ២០២៤នេះដែរ កម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាន នឹងមានតែប្រទេសចំនួន ៨ប៉ុណ្ណោះ ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីនេះ។ ដោយឡែកចំនួន ២ប្រទេសទៀត ដែលមានប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា គឺមិនទាន់អាចធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ានបានឡើយក្នុងឆ្នាំនេះ។
លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសទាំង៨ ក្នុងនោះនឹងត្រូវចាប់ផ្ដើមពីកម្ពុជាមុនគេ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងការរៀបចំកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាននេះ។
លោកស្រីថ្លែងថា៖ «កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងទិសដៅសំខាន់ គឺដើម្បីឱ្យយុវជនអាស៊ានបានស្វែងយល់ឱ្យកាន់តែច្បាស់ ពីប្រទេសដែលជាសមាជិក ជាពិសេសទាក់ទងជាមួយនឹងសង្គម និងវប្បធម៌នេះឯង»។
បើតាមលោកស្រី ឃួន វិច្ឆិកា ក្រៅពីនេះកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាន ក៏មានទិសដៅជំរុញស្មារតីសហគមន៍ឱ្យយកចិត្តទុកដាក់ និងចែករំលែកក្នុងចំណោមយុវជនអាស៊ាន តាមរយៈសកម្មភាពស្ម័គ្រចិត្តស្តីពីការត្រៀមលក្ខណៈ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងសហគមន៍ផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «ក្នុងនាមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងការរៀបចំកម្មវិធីហ្នឹង គឺយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍យុវជនស្ម័គ្រចិត្តចំនួន ១០រូប ដែលមកពីប្រទេសនៃសមាជិកអាស៊ាន»។
សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីនេះដែរ ក៏នឹងមានការរៀបចំដោយផ្ដោតសំខាន់ទៅលើប្រធានបទតូចៗ រួមមាន៖ ការអប់រំ និងបណ្ដុះបណ្ដាលវិស័យសុខាភិបាល ការអភិវឌ្ឍសហគមន៍ បម្រែបម្រួលអាកាសធាតុ និងសហគ្រិនភាព ហើយនិងការកាត់បន្ថយគ្រោះហានិភ័យជាដើម។
យោងតាមទំព័រហ្វេសប៊ុករបស់អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមករា ដោយបានដកស្រង់សម្ដីយុវជនស្ម័គ្រចិត្តមកពីបណ្ដាប្រទេសអាស៊ាន ក្នុងនោះមានលោក Pariyakorn Suwan ជាយុវជនស្ម័គ្រចិត្តមកពីប្រទេសថៃ បានថ្លែងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្សារភ្ជាប់សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាននៅកម្ពុជារយៈពេល ២២ថ្ងៃខាងមុខនេះ។
លោកបានបន្តថា វិសមភាពនៅតំបន់ជនបទក្នុងប្រទេសថៃ បានជំរុញឱ្យរូបលោកមើលឃើញថា កុមារ និងយុវជនមិនអាចទទួលបានឱកាសកាន់តែច្រើនសម្រាប់ការទទួលបានការអប់រំល្អទេ។
លោកបានថ្លែងទៀតថា៖ «គោលដៅចុងក្រោយរបស់ខ្ញុំ គឺផ្តល់សិទ្ធិអំណាចដល់យុវជន បំប្លែងវាទៅជាកម្លាំងជាក់ស្តែងដែលមានសមត្ថភាពជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងបណ្តាប្រទេសនានា និងការរួមចំណែកដ៏មានអត្ថន័យនៅកម្រិតអន្តរជាតិ»។
ចំណែកកញ្ញា Jia Min Heng ជាយុវជនស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី ក៏បានថ្លែងដែរថា សម្រាប់កញ្ញាក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាននៅកម្ពុជា។
កញ្ញាបានថ្លែងថា៖ «សម្រាប់ខ្ញុំ ការស្ម័គ្រចិត្ដជាមួយសហគមន៍ គឺមានន័យបំផុត នៅពេលដែលបានជួយអភិវឌ្ឍសមត្ថភាពសហគមន៍ ក៏ដូចជាបំពេញសេចក្តីប្រាថ្នារបស់សហគមន៍ ជាជាងដាក់គំនិតរបស់ខ្ញុំពីអ្វីដែលល្អលើអ្នកដទៃ»។
កញ្ញាសង្ឃឹមថា តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអាស៊ាននៅកម្ពុជា នឹងបានស្វែងយល់កាន់តែច្រើនពីតម្រូវការ និងសេចក្ដីប្រាថ្នាដែលជាការគិតរបស់សហគមន៍ពិតប្រាកដ៕