ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានធ្វើការណែនាំដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណបក្សនយោបាយ ពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះតាមភូមិភាគ។
គ.ជ.ប ក៏បានប្រកាសពីការដាក់ពាក្យ និងទទួលពាក្យសុំចុះឈ្មោះជាភ្នាក់ងារ គណបក្សនយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
យោងតាមសេចក្តីណែនាំរបស់ គ.ជ.ប នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ការណែនាំនេះ ធ្វើឡើងអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សេចក្តីណែនាំបានឱ្យដឹងថា៖ «ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត បានបញ្ចប់ជាស្ថាពរហើយ ដោយមានគណបក្សនយោបាយចំនួន ៤ បានឈរឈ្មោះ បោះឆ្នោតទាំង ៨ មណ្ឌលភូមិភាគ»។
គ.ជ.ប បន្ថែមថា៖ «ដូចនេះ គ.ជ.ប សូមធ្វើការណែនាំដល់ គធ.ខប និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជាផ្លូវការទាំងអស់ពីការងារមួយចំនួន ដែលត្រូវអនុវត្តជាបន្ត ដូចជា ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះតាមភូមិភាគ និង គធ.ខប ត្រូវចាត់ចែងបិទផ្សាយជាសាធារណៈនូវបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការទាំងអស់នៃភូមិភាគក្នុងរាជធានី ខេត្តរបស់ខ្លួន»។
ប្រភពដដែលបន្តថា គធ.ខប ត្រូវថតចម្លងបន្ថែមនូវបញ្ជីទាំងនេះតាមចំនួនចាំបាច់គ្រប់គ្រាន់ ដើម្បីបិទផ្សាយតាមគោលដៅ ដូចជា លេខាធិការដ្ឋាននៃ គធ.ខប ១ច្បាប់,តាមទីប្រជុំជនធំៗមួយចំនួន ក្នុងរាជធានី ខេត្ត,កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការត្រូវធ្វើចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជាកំណត់។
ជាមួយគ្នានេះដែរ គ.ជ.ប ក៏បានបញ្ជាក់ដែថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ១រូប និងភ្នាក់ងារបម្រុង ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៅតាមរាជធានី ខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។
ប្រភពដដែលបន្ថែមថា៖ «ចំពោះ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយមាន រយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គឺចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤»។
លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែមករា ថា ការងារនេះបាននិងកំពុងអនុវត្តជាបណ្តើរៗ ទៅតាមអ្វីដែល គ.ជ.បបានណែនាំ។ ដោយឡែក ចំពោះអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានទទួលភា្នក់ងារចំនួន២ ពីអង្គការសង្គមស៊ីវិល ប៉ុន្តែសម្រាប់ភ្នាក់ងារគណបក្សនយោបាយ មិនទាន់ទទួលបានពាក្យស្នើសុំនៅឡើយទេ។
ជាមួយគ្នានោះដែរ លោក គឹមសួរ ភិរិទ្ធ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានឱ្យដឹងដែរថា ក្រោយពីទទួលសេចក្តីណែនាំនេះ គណបក្សឆន្ទៈខ្មែរ នឹងត្រៀមដាក់ភ្នាក់ងារសង្កេតការណ៍ការបោះឆ្នោតទៅតាមការណែនាំនេះ។
លោក គឹមសួរ ភិរិទ្ធ បានប្រាប់ថា៖«គេមានកាលបរិច្ឆេទរបស់គេ ១ការិយាល័យដាក់ភា្នក់ងារបានតែ២នាក់ ហើយនៅក្នុងការិយាល័យ ដាក់បានតែ១នាក់។ និយាយទៅ យើងនឹងដាក់ទៅតាមការណែនាំទៅរបស់គ.ជ.ប»៕