កំពង់ស្ពឺៈ ក្រសួង​បរិស្ថាន បាន​រៀប​ចំសាង​​សង់​​​ទី​កន្លែង​​សមាធិនៅបរិវេណ​​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា នៅ​​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គីរី​រម្យ ដើម្បី​ស្រូប​​ទាញ​​ពុទ្ធ​បរិស័ទ​ឱ្យ​មក​ធ្វើ​សមាធិ និង​មាន​​ការ​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា​។

តាមរ​យៈក្រសួង​បរិស្ថាន​ កាលពី​ថ្ងៃទី​៦ ខែមករា បាន​ឱ្យដឹងថា ​លោក អ៊ាង សុផល្លែត រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ចុះ​​ពិនិត្យ​បរិវេណ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា នៅក្នុង​​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​​គីរីរម្យ ​និង​បាន​លើកឡើងពី​ការ​រៀបចំ​សាង​សង់​ទីកន្លែង​​សម្រាប់​សមាធិ​នេះ។​

​គោល​បំណង​នៃគ​ម្រោង​សាង​សង់​ទី​កន្លែង​សម្រាប់​ធ្វើស​មាធិ និង​វិបស្សនា របស់​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​នេះ គឺ​ដើម្បី​ធ្វើឱ្យ​​ចិត្ត​បរិសុទ្ធ​ជ្រះ​ថ្លា ហើយ​និង​មានភា​ព​ស្អាត​ទាំង​ផ្លូវ​ចិត្ត និង​កាយបាន​ដឹក​នាំ​មនុស្ស​ឆ្ពោះ​ទៅ​រក​សេចក្តី​សុខ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ និង​មាន​កិត្តិយស​នៅក្នុ​ង​សង្គម​ជាតិ​។

​លោក អ៊ាង សុផល្លែត ​បាន​លើក​ឡើងនាដំណើរទស្សនកិច្ចនេះ​​ថា ការ​រៀប​ចំសា​ង​សង់​ទី​កន្លែង​សមាធិ​នេះ​​​ឡើង គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពីមាគ៌ាព្រះ​ពុទ្ធ​សាសនា វប្បធម៌ និង​បង្ហាញ​អំពី​ធន​ធាន​ធម្មជាតិ​ផ្សារ​ភ្ជាប់​នឹង​ជីវិត​ប្រ​ចាំ​ថ្ងៃ ដែល​ប្រកប​ដោយ​ធម៌​សន្តោស កសាង​សន្តិភាព​ផ្លូវ​ចិត្ត​ឱ្យ​រឹង​មាំ ​តាម​រយៈ​ការ​សិក្សា​ធម៌​វិន័យរ​បស់​ព្រះពុទ្ធ ដែល​ផ្តោត​សំខាន់​លើភា​ព​ល្អ​បរិសុទ្ធ ភាព​ស្អាត​នៃ​ចិត្ត ស្រប​តាម​យុទ្ធសាស្រ្ត​ចក្រាវិស័យ​បរិស្ថាន ២០២៣​-​២០២៨​។
 
លោកបាន​​ថ្លែង​​ថា​៖ «​ការ​សាង​សង់​ទីក​ន្លែង​ធ្វើ​សមាធិ​ជូន​ពុទ្ធ​បរិស័ទ​នេះ នឹង​មាន​ការ​រៀប​ចំ​តង់​ជា​លក្ខណៈ​ខ្មែរ​បែប​ទំនើប មាន​ភាព​ល្អ​ឯក​ប្លែក​ពី​តំបន់​ដទៃ ដែល​បន្សល់​ជា​ស្នាដៃ​ទុក​ជាកេ​រមរតក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ហើយ​ជា​គម្រោង​យើង​​នឹង​រៀប​ចំពី ៥​តង់​​ ទៅ១០​តង់ សម្រាប់​ការ​សាក​ល្បង​ជា​មុន​សិន​»​។

បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ចំពោះ​ការ​រៀប​ចំ​បែប​នេះ ក៏​ចង់​ឱ្យ​មាន​ការ​ចូល​រួម​ការ​ពារ និង​អភិរក្ស​ពី​ប្រ​ជា​សហគមន៍ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គីរី​រម្យ ​ព្រោះ​ថា​ ការ​សាង​ស​ង់​នេះ ​ទុក​សម្រាប់​ជាប្រ​យោជន៍​ជូន​សហគមន៍​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​ ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​ប្រជាព​ល​រដ្ឋ​បាន​ល្អ​ប្រសើរ​។ ខណៈ​​ដែល​មាន​ការ​រក​ចំណូល​ទាំង​នេះ​ដែរ គឺ​កើត​ចេញ​ពី​ភាព​ស្អាត មិន​មាន​ការ​កេង​ចំណេញ មិន​កុហក​ភូត​ភរ​បោក​ប្រាស់​ពុទ្ធ​បរិស័ទ ឬ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរ​ជាតិ​ដែល​មក​កម្សាន្ត​ឡើយ​។ 

​​លោក ឈត ប៊ុនថង មន្ត្រី​ស្រា​វ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់​រំ និង​ទេស​ចរណ៍ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​នៅថ្ងៃ៧ ខែ​មករា​​ថា ការ​រៀប​ចំបរិវេណនៅ​ក្នុងម​ជ្ឈ​មណ្ឌល​វប្បធម៌ព្រះពុទ្ធសាសនា​ជា​ក​ន្លែង​សមាធិ​នេះ គឺ​វា​ជា​រឿងល្អ​​ព្រោះ​មជ្ឈ​មណ្ឌល​នេះ​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ដែល​ជា​កន្លែង​មាន​ខ្យ​ល់​ឱកាសល្អ​​បរិសុទ្ធ និង​មាន​ធន​ធាន​ធម្មជាតិ​ស្រស់​ស្អាត​។ 

ក្រៅ​ពី​ការ​រៀប​ចំ​ជា​កន្លែង​សមាធិ​ហើយ ក៏​ត្រូវ​មាន​ការ​រៀប​ចំ​ដាក់​អ្នក​ជំនាញ​មក​ធ្វើ​ការ​ណែនាំ​អំពី​រ​បៀប​សមាធិ​ដល់​ពុទ្ធ​បរិស័ទ និង​ភ្ញៀវទេសចរ​ជាតិហើយ​និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ដើម្បី​ឱ្យ​ការ​ធ្វើ​សមាធិ​របស់​ពួកគាត់​មាន​ភាព​ស្ងប់​ចិត្ត ក៏​ដូច​ជា​អាច​ស្គាល់​ចិត្ត​ខ្លួន​ឯង និង​គ្រប់​គ្រង​ខ្លួន​ឯង​បាន​។

លោកបានឱ្យដឹង​ថា​៖ «​ដោយ​សារ​សង្គម​កាន់​តែ​ជឿន​លឿន​ទៅ គឺ​ធ្វើ​ឱ្យម​នុស្ស​សព្វ​ថ្ងៃ​នេះ​មាន​បញ្ហា​​ផ្លូវ​ចិត្ត​ច្រើន​ណាស់ ដូច្នេះ​ការមាន​​កន្លែង​​សមាធិ វា​ជួយ​សម្អាត និង​ព្យាបាល​ផ្លូវ​ចិត្ត​របស់ពួកគាត់​ផង​ដែរ​។ ក្រៅ​ពី​នេះ វា​ក៏​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍ តាម​រយៈ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរ​ជាតិ​ដែល​មក​កម្សាន្ត បាន​ទិញផ​លិត​ផល​បង​ប្អូន​នៅ​ក្បែរៗ​ហ្នឹង​»​។

បើ​តាម​លោក ឈត ប៊ុនថង ​កាល​ណា​មា​ន​លំហូរ​សេដ្ឋកិ​ច្ច​នៅ​តំបន់​នោះ ​វានឹង​​ធ្វើ​ឱ្យប្រ​ជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​មូល​ដ្ឋាន​មាន​ការ​​រីក​ចម្រើន ហើយ​វា​ក៏​ធ្វើ​ឱ្យ​វិស័យ​សមាធិ និង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​កម្ពុ​ជា ក៏​មាន​ភាព​រីក​ចម្រើន​ផង​ដែរ តាម​រយៈ​ការ​មាន​អ្នក​ទៅ​គោរព​ប្រតិបត្តិ​ជា​ដើម​។ 

សូម​បញ្ជាក់​ថា មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​លេខ២១៥ អនក្រ/បក ដោយ​មាន​វិសាល​ភាព​លើ​ផ្ទៃ​ដី​ទំ​ហំ​ប្រមាណ១២៦​ហិកតា ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​-​កុសុមៈ​គិរីរម្យ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ មជ្ឈ​មណ្ឌល​វប្បធម៌​នេះ បង្កើត​ឡើង ដើម្បី​ជាប្រ​យោ​ជន៍ ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ស្វែង​យល់​ពី​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​៕