ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានថ្លែងថា លោកមិនចង់ឱ្យយុវជនខ្មែររស់នៅក្នុងអតីតកាលឡើយ ប៉ុន្តែចង់ឱ្យពួកគេចងចាំពីប្រវត្តិសាស្រ្ត និងចេះអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ។
លោក ហ៊ុន ម៉ានី បានថ្លែងប្រាប់អ្នកសារព័ត៌មានដូចនេះ នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៤ ក្នុងពេលលោកបានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនយុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
លោកថ្លែងថា៖«ជារៀងរាល់ឆ្នាំសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែយកថ្ងៃទី ៦ ខែមករា ដើម្បីធ្វើពិធីរំឭកដឹងគុណដល់វិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសអ្នកដែលបានស្លាប់នៅវាលពិឃាដជើងឯកនេះតែម្តង»។
បើតាមលោក ហ៊ុន ម៉ានី អ្វីដែលសំខាន់បំផុតនៃការប្រារព្ធពិធីគឺលោកចង់បញ្ជាក់ពីការផ្សាភ្ជាប់យុវជនជំនាន់ក្រោយទៅនឹងកត្តាប្រវត្តិសាស្រ្ត ដែលជាកត្តាសោកនាដកម្ម ហើយជាពិសេសជាការនឹកទៅដល់ដួងព្រលឹងបុព្វបុរសខ្មែរដែលបានបាត់បង់អាយុជីវិតដោយអយុត្តិធម៌រងនូវការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលគ្រប់គ្នាមិនដែលភ្លេចនូវការបាត់បង់ជីវិតយ៉ាងសោកនាដកម្មរបស់ពួកគាត់នោះទេ។
លោកបានថ្លែងថា៖ «យើងមិនសុំឱ្យគាត់រស់នៅក្នុងអតីត-កាលឡើយប៉ុន្តែសុំកុំបំភ្លេចនូវអ្វីដែលជាប្រវត្តិសាស្រ្តដ៏ជូរចត់របស់ប្រជាជនខ្មែរដែលប្រវត្តិនេះអាចនិយាយបានថា នៅលើពិភពលោកតែម្តងដែលមិនមានប្រទេសណាដែលរងទុក្ខវេទនានៃរបបប្រល័យពូជសាសន៍និងការកាប់សម្លាប់មនុស្សជាតិដូចកម្ពុជានោះទេ។ ដូចនេះយើងត្រូវចេះអបអរពីអ្វីដែលខ្លួនមាននៅពេលនេះនោះគឺសុខសន្តិភាពដែលស្វែងរកបានដោយការលំបាកបំផុត»។
សម្រាប់ឆ្នាំ ២០២៣ កន្លងទៅនេះ មជ្ឈមណ្ឌលប្រល័យពូជ-សាសន៍ជើងឯកទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១២ ម៉ឺននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណជាង ៥០% ជាភ្ញៀវទេសចរអន្តរជាតិ ដែលក្នុងន័យនេះ លោក ហ៊ុន ម៉ានី បញ្ជាក់ថា បរទេសនៅតែចងចាំនូវអ្វីដែលជាសោកនាដកម្មដែលបានកើតមានឡើងនៅកម្ពុជា នឹកឃើញទៅដល់អ្វីដែលជាការបាត់បង់ជីវិតនិងការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់របស់កម្ពុជា។
ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនេះឡើងក៏ជាការរំឭកដល់ខួប ៤៥ ឆ្នាំ នៃភាពជោគជ័យនៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ផងដែរ។ ភាពជោគជ័យនេះបាននាំឱ្យប្រជាពលរដ្ឋកម្ពុជាឱ្យបានរស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។
នៅក្នុងពិធីរំព្ញកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ២០២៤ នេះដែរ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្តាំផ្ញើទៅដល់មនុស្សមួយចំនួន ដែលមិនពេញចិត្តថ្ងៃឈប់សម្រាកនៅថ្ងៃ ៧ មករា និងថ្ងៃទី ២៩ ខែធ្នូ ទេលោកសុំឱ្យអ្នកទាំងនោះធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ ដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលអ្នកទាំងនោះគួរតែប្រថុយ។
លោកបញ្ជាក់ថា៖ «ប្រសិនបើអ្នកពិតជាជើងឯកនៃការប្រឆាំង៧មករា និងការប្រឆាំងជាមួយនឹងសន្តិភាព សូមអស់លោកអ្នកសាកល្បងឱ្យខ្លួនឯងនៅចម្ការមីនដែលនៅសេសសល់ដែលដោះមិនទាន់អស់នោះទៅ»។
នៅថ្ងៃដដែលនោះដែរ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានសរសរលើតេឡេក្រាមរបស់លោកថា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន ដែលបានពលី និងខិតខំយ៉ាងលំបាកបំផុតឆ្លងកាត់គ្រប់ឧបសគ្គដើម្បីរំដោះប្រទេសពីរណ្តៅមរណ: នៃរបបដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។
លោក ហ៊ុន ម៉ាណែត បន្តថា ៖ «៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាល-ពិឃាតមកស្គាល់កម្ពុជាជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា»។
ចំណែកលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានលើកឡើងដែរថា សូមកុំភ្លេចថា ខ្មែរមានខួបកំណើត ២ គឺខួបកំណើតដែលឪពុកម្តាយបានផ្តល់ឱ្យរៀងៗខ្លួន និងខួបកំណើតរួមដែលរួចផុតពីសេចក្តីស្លាប់នៅថ្ងៃ ៧ មករា ១៩៧៩។
លោកបន្តថា កម្ពុជា ទឹកដីអង្គរដ៏បវរបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម រហូតក្លាយជាវាលពិឃាតចន្លោះពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ដែលបានឆក់យកជីវិតជនជាតិខ្មែរប្រមាណ៣លាននាក់យ៉ាងអយុត្តិធម៌បំផុត។ នេះគឺជារបត់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ត្រូវកត់ត្រាទុក គ្មានថ្ងៃបំភ្លេចបាននិងបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។
លោកបូណាថា៖ «ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលយើងរំឭកគុណូបការៈដល់វីរជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងយកជីវិតធ្វើដើមទុនដើម្បីផ្តល់កំណើតទី២ ឱ្យយើង នាំសុខសន្តិភាពនិងការអភិវឌ្ឍឱ្យយើង។ បើគ្មានថ្ងៃ ៧ មករា ទេ យើងក៏គ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ។ គ្រប់យ៉ាងដែលយើងមានគឺផ្តើមចេញពីសិទ្ធិរស់រានមានជីវិត»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ពាក់ព័ន្ធនឹងគុណសម្បត្តិផលប្រយោជន៍ដែល៤៥ឆ្នាំក្រោយពីការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យហើយ ២៥ ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះបង្ហាញថា កម្ពុជាទទួលបានសន្តិភាពដែលជាមូលដ្ឋានគ្រឹះរបស់ប្រជាជន និងប្រទេសជាតិ។
លោកនិយាយថា៖ «កាលណាប្រទេសជាតិមានសន្តិភាពហើយ ទើបមានលទ្ធភាពធ្វើអ្វីៗផ្សេងៗទៀតក្នុងការអភិវឌ្ឍសង្គម មានប្រជាធិបតេយ្យមានសិទ្ធិមនុស្ស មាននីតិរដ្ឋជាហូរហែមកដែលទាំងនេះគឺជាគោលការណ៍គ្រឹះរបស់មនុស្សជាតិ គឺយើងត្រូវការសន្តិភាពសិន ទើបមានដំណើរការអភិវឌ្ឍផ្សេងទៀតដូចដែលយើងឃើញនៅពេលបច្ចុប្បន្ននេះ»៕