
ថ្នាក់ដឹកនាំលែងព្រាបនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥នៃថ្ងៃជ័យជម្នះ៧មករា កាលពីថ្ងៃម្សិលមិញ។ រូបថត SHS
ភ្នំពេញៈ កម្ពុជាបានប្រារព្ធខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម«ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចដើម្បីវាយរំលំរបបឃោរឃៅ និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន»។
កម្មវិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមវត្តមានប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងយុវជន និងប្រជាពលរដ្ឋជាច្រើនកុះករ។

លោក ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រូបថត STPM
លោក ហ៊ុន សែន បានលើកឡើងនាពិធីនោះថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។
ជ័យជម្នះ ៧ មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖«បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត»។
លោកបន្តថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មកហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖«ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។
នាឱកាសនោះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដែលជនរួមជាតិគ្រប់រូបធ្វើការរំឭកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។
លោកថ្លែងថា៖«កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយគ្មានសិទ្ធិសេរីភាពទាំងអស់»។
លោកបន្តថា៖«ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេស-ជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជាពិសេសត្រូវបានចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២»។
លោកលើកឡើងថា ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ ទាំងក្នុងរយៈពេល៤៥ឆ្នាំកន្លង-មក និងក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់ជាតិ និងប្រជាជន-កម្ពុជា ដែលយើងត្រូវប្តេជ្ញាបន្តរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គព្រះ-មហាក្សត្រ ដើម្បីបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត។
បើតាមសុន្ទរកថារបស់លោក ហ៊ុន សែន បានលើកឡើងថា៖«បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែ១ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សស្ថិតស្ថេរ មិនឱ្យអា-នុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្តី»។
ចំណែកលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបសម្លាប់រង្គាល ដឹកនាំដោយប៉ុលពត។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជន ត្រូវបានបំផ្លាញចោលទាំងស្រុង។
លោកបន្តថា៖«សច្ចភាពប្រវត្តិសាស្ត្រនេះ បើទោះបីជាពេលវេលាកន្លងផុតទៅអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅហើយក្ដី ឬយូរប៉ុនណាក៏ដោយ យុវជនបន្តវេនចាំបាច់ត្រូវតែចងចាំស្មារតី ៧ មករា និងដឹងគុណដល់ការ-លះបង់សាច់ស្រស់ឈាមស្រស់របស់វីរជនអ្នករំដោះទាំងឡាយ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សទាំងអស់ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា»។
ចំណែកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំខេត្តក្រចេះ អាជ្ញាធរដែនដី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋប្រមាណជាង ១ ០០០ នាក់ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជម្នះ៧មករានេះ។
តាមរយៈក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេចបំភ្លៃ និងបំផ្លាញបានទ្បើយ។
លោកថ្លែងថា៖ «កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួនហើយបើកចេញទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាតំណាងស្របច្បាប់តែ ១គត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន»។
រីឯលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងដែរថា កាលពី ៤៥ ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនឱ្យមានឡើយ។
លោកបន្តថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។
លោក ហង់ជួន ណារ៉ុនថា ៖ «សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍»។
ជុំវិញទិវាជ័យជម្នះ ៧មករា នេះលោក គិន ភា អ្នកវិភាគភូមិសាស្រ្តនយោបាយថ្លែងថា ៖« ៤៥ ឆ្នាំ មកហើយអត្ថន័យ ៧ មករា ១៩៧៩ នៅតែត្រូវបានបកស្រាយតាមនិន្នាការនយោបាយ តែសច្ចភាពមួយដែលមិនអាចផ្លាស់ប្តូរបាន គឺថ្ងៃនេះជាថ្ងៃដែលប្រជាជនខ្មែរ ត្រូវបានរំដោះឱ្យរួចរស់ជីវិតឡើងវិញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម»៕

ទិដ្ឋភាពនៃការប្រារព្ធខួបថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៤។ រូបថត STPM