ភ្នំពេញៈនៅក្នុងទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ នេះ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានប្រោសព្រះរាជទានបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៤៥ នាក់ ដោយគ្មានករណីលើកលែងទោសឡើយ ខណៈទណ្ឌិតពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរ តួយ៉ាងករណីរំលោភផ្លូវភេទ លើអនីតិជន ករណីគ្រឿងញៀន អំពើសាហាវយង់ឃ្នង ទណ្ឌិតដែលធ្លាប់បានបន្ធូរបន្ថយទោសជាដើម មិនមានការបន្ធូរបន្ថយទោសឡើយ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានសរសេរលើតេឡេក្រាមរបស់លោកនៅថ្ងៃទី៧ ខែមករាថា នៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ព្រះមហាក្សត្រ តាមរយៈសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិត សរុប ២៤៥ នាក់ ក្នុងនោះមានស្រីចំនួន ២៨ នាក់។
ទណ្ឌិតដែលត្រូវបន្ថយទោសរយៈពេល ៣ ខែ មាន ១៧៨ នាក់(ស្រី ១៨ នាក់), ទណ្ឌិតបន្ថយទោសរយៈពេល ៦ ខែ មាន ៥៧ នាក់(ស្រី ៩ នាក់), ទណ្ឌិតបន្ថយទោស ៩ ខែ មាន ៨ នាក់ ( ស្រី ១ នាក់),ទណ្ឌិតបន្ថយទោស១២ខែ (ប្រុស ១ នាក់) និងទណ្ឌិតប្រុស ១ នាក់ បានបន្ថយទោសពីកម្រិតទោស ១ ជីវិត មកត្រឹម ៣០ ឆ្នាំវិញ។
លោក គឹម សន្តិភាព បញ្ជាក់ថា ៖ «សម្រាប់បុណ្យជាតិនេះ គណៈកម្មការជាតិមិនបានលើកលែងទោសដល់ទណ្ឌិតណាមួយឡើយ ហើយចំពោះសំណើជុំវិញទណ្ឌិតណាដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរនិងដោយមានលក្ខខណ្ឌ មិនអាចបន្ធូរបន្ថយដល់ទណ្ឌិតទាំងនោះឡើយ»។
ក្នុងនោះរួមមានដូចជាទណ្ឌិតបទល្មើសទូទៅជាឧក្រិដ្ឋជនគ្រឿងញៀនធ្វើអំពើសាហាវយង់ឃ្នងករណីមិនរាងចាល ប្រព្រឹត្ត លើជនរងគ្រោះជាសាច់ញាតិ ឬសហព័ន្ធ(ក្រុមគ្រួសារ) ឬ ជនរងគ្រោះជាមន្ត្រីរាជការ មន្ត្រីសាធារណៈ និងទណ្ឌិតដែលធ្លាប់ទទួលការបន្ធូរបន្ថយទោសម្តងរួច។
លោកបន្ថែមថា សម្រាប់ទណ្ឌិតដែលប្រព្រឹត្តបទល្មើសរំលោភផ្លូវភេទ ដល់ជនរងគ្រោះជាអនីតិជនវ័យក្រោម ១៤ ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សារ-លោហិត, ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់-សាលោហិត ក៏មិនផ្តល់ការបន្ធូរបន្ថយទោសដែរ។
ជាមួយគ្នានេះ លោកនុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់ឱ្យដឹងថា យន្តការបន្ធូរបន្ថយទោសនេះគឺដើម្បីលើកទឹកចិត្តនិងអប់រំកែប្រែ ស្តារនីតិសម្បទាសម្រាប់ទណ្ឌិតដែលមានឥរិយាបថកែប្រែ យល់ដឹងពីកំហុសដែលខ្លួនធ្លាប់ប្រព្រឹត្ត ធ្វើអំពើល្អ មានសាមគ្គីភាព នៅអំឡុងពេលជាប់ឃុំ ដែលគណៈកម្មការជាតិវាយតម្លៃលើអ្នកទាំងនោះ។
លោកបានថ្លែងថា៖ «ទោះបីចំនួននេះ [ចំនួនបន្ធូរបន្ថយទោស] មិនទាន់បានច្រើនក្តី ទៅតាមអ្វីដែលយើងចង់បាន ប៉ុន្តែស្របទៅនឹងយន្តការរបស់រដ្ឋាភិបាលជាពិសេសក្រសួងយុត្តិធម៌ផងដែរ ដែលបង្កើតក្រុមការងារជំរុញសម្របសម្រួលការកកស្ទះសំណុំរឿងនៅតុលាការជាដើម ដើម្បីអាចកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ»។
ចំពោះការលើកឡើងថារដ្ឋាភិបាលមិនអើពើលើកលែង ឬបន្ធូរបន្ថយទោសដល់អ្នកជាប់ឃុំនយោបាយ ឬសកម្មជននយោបាយ លោក នុត សវនា អះអាងថា ការលើកឡើងទាំងនោះគឺមិនបានយល់ពីនីតិវិធីច្បាប់ ដោយការបន្ធូរបន្ថយនិងលើកលែងទោសអាចធ្វើទៅបានលុះត្រា មានសាលក្រមស្ថាពរពីតុលាការ មានការកាត់ទោសរួច ហើយព្រះរាជអាជ្ញាចារលើសាលក្រមថា អនុវត្តជាស្ថាពរ ហើយទណ្ឌិតទាំងឡាយត្រូវទទួលស្គាល់កំហុស និងកែប្រែឥរិយាបថខ្លួនសិន។
លោកថានៅក្នុងសាលក្រម គ្មានការកាត់ទោសណាចំពោះ រឿងនយោបាយទេ ដែលកន្លងមកជាទោសព្រហ្មទណ្ឌ គ្រាន់តែអ្នកប្រព្រឹត្តមានអតីតភាពជាអ្នកនយោបាយប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ឃើញថា ការលកលែងនិងបន្ធូរបន្ថយទោសមានកែប្រែដោយមានចំនួនតិចជាងមុន ចាប់តាំងពីមានការប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន កាលពីប៉ុន្មានឆ្នាំមុន ដោយកន្លងមកមានភាពមិនប្រក្រតីដែលមានការលើកលែង ឬបន្ធូរបន្ថយទោសដល់ទណ្ឌិតពាក់ព័ន្ធគ្រឿងញៀនជាដើម ហើយថ្មីៗនេះ កិច្ចការនេះមានភាពប្រសើរជាងមុន។
យន្តការនេះ ជាការប្រសើរដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងជួយសម្រួលដល់ទណ្ឌិតបើសិនយន្តការនេះធ្វើឡើងប្រកបដោយតម្លាភាព។
ជុំវិញបញ្ហានយោបាយវិញ លោកលើកឡើងថា៖ «ទោះជាយ៉ាងណា មានការរិះគន់ពីក្រុមគ្រួសារ សកម្មជននយោបាយ បរិស្ថាន ឬសហជីពជាដើម ពួកគាត់ដូចជាមិនមានឈ្មោះនៅក្នុងបញ្ជីលើកលែងនិងបន្ធូរបន្ថយទោសនេះទេ»។
លោក អំ សំអាត បានបន្តថា ក្នុងការចោទប្រកាន់របស់តុលារការ គ្មានឡើយអ្នកទោសនយោបាយ ប៉ុន្តែទណ្ឌិតជាប់ទោសព្រហ្មទណ្ឌខ្លះគឺកើតឡើងដោយសារបញ្ហានយោបាយ និងសកម្មភាពនយោបាយ ឬ សិទ្ធិមនុស្ស ជាដើម ដែលក្នុងនាម លោកជាសង្គមស៊ីវិល សូមអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាលើរឿងនេះ។
សូមរំឭកដែរថា កាលពីក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ព្រះមហាក្សត្របានប្រោសប្រទានការបន្ថយទោសដល់ទណ្ឌិតចំនួន ៥៣៨ នាក់(ស្រីចំនួន ៤៣ នាក់) ហើយក្នុងនោះក៏មានស្ត្រី ១ នាក់ បានលើកលែងទោសដោយសារមានជំងឺមហារីក៕