ត្បូងឃ្មុំៈ អាជ្ញាធរស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណក្នុងបឹងត្រពាំងក្រមនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ដូចដែលធ្លាប់បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញឱ្យអ្នកជំនាន់ក្រោយបានឃើញអំពីការប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបបុរាណដែលប្រជាពលរដ្ឋខ្មែរប្រើប្រាស់។
លោក ស្រេង លី អភិបាលស្រុកមេមត់បានឱ្យដឹងនៅថ្ងៃទី ៨ ខែមករា ថា ពិធីចាប់ត្រីបែបបុរាណឆ្នាំនេះអាជ្ញាធរខេត្តបានសម្រេចកំណត់ថានឹងរៀបចំឡើងក្នុងបឹងត្រពាំងក្រម នៅថ្ងៃទី ១៧ ខែកុម្ភៈ ហើយដែលកន្លងមកការប្រារព្ធពិធីនេះគឺតែងតែមានប្រជាពលរដ្ឋជាច្រើនភូមិនៅស្រុកមេមត់និងពីបណ្ដាខេត្តផ្សេងទៀត ក៏ចូលរួមក្នុងពិធីចាប់ត្រីបែបបុរាណនេះដែរ។
លោកបានបន្តថា ជាមួយនឹងពិធីចាប់ត្រីនេះ ក៏មានការរៀបចំកម្មវិធីសប្បាយៗផ្សេងទៀតក្នុងពិធីបែបបុរាណនេះផងដែរ ដូចជា ការរាំធុងបាសនិងការបរិភោគអាហារជុំគ្នាជាដើម។
លោក ស្រេង លី បានបញ្ជាក់ថា៖ «ពិធីឆ្នាំនេះមិនទាន់រៀបចំថាមានព្រឹត្តិការណ៍អីដែលពិសេសជាងឆ្នាំមុនទេ ពីព្រោះឥឡូវនេះយើងគ្រាន់តែកំណត់ថ្ងៃសិន ចំពោះការរៀបចំពិធីនេះយ៉ាងណានោះ យើងនៅមានកិច្ចប្រជុំគ្នាបន្តទៀត»។
បើតាមលោក ស្រេង លី ពិធីចុះចាប់ត្រីបែបបុរាណនេះ អាជ្ញាធរមូលដ្ឋានរៀបចំឡើងដើម្បីបង្ហាញឱ្យអ្នកជំនាន់ក្រោយឱ្យបានឃើញពីការប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបបុរាណដែលប្រជាពលរដ្ឋប្រើប្រាស់ រួមមានត្រឹម អង្រុត ឈ្នាង ត្រក ក្លុះជាដើម។ ចំពោះពិធីនេះដែរមានការចូលរួមដោយសេរី ពីបណ្ដាប្រជាពលរដ្ឋដែលនៅក្នុងឃុំជាំក្រវៀនទាំងអស់ ជាពិសេសអ្នកមកពីបណ្ដាខេត្តផ្សេងៗក៏អាចចូលរួមក្នុងពិធីនេះបានផងដែរ។
ដោយឡែកលោកសំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រក៏បានឱ្យដឹងដែរថា ការធ្វើពិធីចាប់ត្រីបែបបុរាណរៀងរាល់ឆ្នាំនេះជាការបញ្ជាក់ពីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរដែលធ្វើនេសាទលក្ខណៈសាមញ្ញ មានន័យថា ដល់រដូវទឹកស្រក ប្រជាពលរដ្ឋអាចចុះនេសាទនៅតាមបឹង ដោយប្រើប្រាស់ឧបករណ៍នេសាទបែបបុរាណបាន។
លោកបានបន្តទៀតថា ចំពោះការប្រើប្រាស់ឧបករណ៍នេសាទបុរាណទាំងអស់នេះ ក៏ជាការបង្ហាញទៅដល់អ្នកជំនាន់ក្រោយឱ្យស្គាល់ និងដឹងអំពីរបៀបប្រើប្រាស់ឧបករណ៍នេសាទបុរាណផងដែរ។
លោក សំបូរ ម៉ាណ្ណារ៉ា បានបញ្ជាក់ថា៖ «ពិធីចាប់ត្រីនេះ តាមទស្សនៈខ្ញុំ នេះគឺជាការថែរក្សា និងអភិរក្សទម្លាប់របស់ខ្មែរយើងឱ្យកូនចៅជំនាន់ក្រោយបានយល់អំពីដំណើរវិវត្តន៍នៃការប្រើប្រាស់ឧបករណ៍នេសាទតាំងពីបុរាណ ខណៈពេលឥឡូវនេះយើងច្រើនប្រើឧបករណ៍ឆក់ដែលធ្វើឱ្យបាត់បង់តម្លៃធនធានជីវៈចម្រុះច្រើនណាស់ ជាពិសេសមច្ឆជាតិ»។
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានបន្ថែមថា ហេតុនេះការរៀបចំធ្វើពិធីចាប់ត្រីតាមបែបបុរាណនេះដែរ គឺផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋផងក៏ដូចជាចង់បង្ហាញប្រាប់ឱ្យដឹងពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរក្នុងការធ្វើនេសាទសាមញ្ញតាមភូមិ ពីព្រោះក្មេងៗជំនាន់ក្រោយសព្វថ្ងៃនេះ គឺមិនបានដឹងពីការចាប់ត្រីបែបបុរាណនេះទេ។ ក្រៅពីនេះ វាក៏រួមចំណែកជួយអភិរក្សធនធានជីវៈចម្រុះ និងជួយដល់មច្ឆជាតិឱ្យនៅសេសសល់ច្រើនផងដែរ។
សូមបញ្ជាក់ថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ២០បឹងជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។ ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តែងតែប្រារព្ធពិធីចុះចាប់ត្រីយកមកចម្អិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ។ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ៕