ភ្នំពេញៈ អនុប្រធានទី១ រដ្ឋសភា លោក ជាម យៀប បានលើកឡើងថា វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង គឺមានការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា។
លោក ជាម យៀប បានលើកឡើងដូចនេះ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នាឱកាសដែលលោកបានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសហព័ន្ឋអាល្លឺម៉ង់ដឹកនាំដោយ លោក Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ និងសហការីចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
យោងតាមគេហទំព័ររបស់រដ្ឋសភា លោក ជាម យៀប បានថ្លែងឱកាសនោះថា៖ «កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត ពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង២ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍគ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិនិងរាជរដ្ឋាភិបាលកម្ពុជា»។
លោកក៏បានថ្លែងអំណរគុណដល់សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ដោយលោកបានបញ្ជាក់ថា៖ «វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា»។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងដែរថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល នៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំង២យ៉ាងល្អប្រពៃ។
លោកបានបន្ថែមថា ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង២ បានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ង់តាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។
បើយោងតាមរដ្ឋសភាកម្ពុជា លោក Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ ក៏ថ្លែងឯកភាពចំពោះការលើកឡើងរបស់លោក ជាម យៀប ដែលបានបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។
ឆ្លៀតឱកាសនោះដែរ លោក Tino CHRUPALLA ក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថា កម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថីសន្តិភាព ស្ថិរភាព ដើម្បីការអភិវឌ្ឍប្រទេស។
លោក Tino CHRUPALLA ក៏បានលើកឡើងថា លោកបានដឹងពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយលោកនឹងនាំយកបញ្ហាទាំងនេះ ទៅពិភាក្សាគ្នានៅក្នុងគណៈកម្មការសភាអាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូចជាចូលរួមក្នុងការជួយកសាងធនធានមនុស្សរបស់កម្ពុជា។
ជាការឆ្លើយតប លោក ជាម យៀប សង្ឃឹមថា តម្រូវការរបស់កម្ពុជានឹងត្រូវបានលើកយកទៅពិភាក្សានៅក្នុងសភាអាល្លឺម៉ង់ហើយឆ្លៀតក្នុងឱកាសនេះ លោកក៏បានស្នើដល់សភា និងរដ្ឋាភិបាលអាល្លឺម៉ង់ សុំឱ្យជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ មកបណ្ដាក់ទុននិងធ្វើទេសចរណ៍កម្សាន្តនៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕