ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាប់ផ្តើមប្រើវិធានការក្តៅ ដោយនឹងធ្វើការផាកពិន័យចំពោះ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស រួមទាំងប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ដូចនេះតាមរយៈសេចក្តីជូនដំណឹងស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
លោកបានលើកឡើងថា កន្លងមក រដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំកាលពីខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ប៉ុន្តែពលរដ្ឋ សហគ្រាស និងម្ចាស់លំនៅឋានមួយចំនួន មិនបានអនុវត្ត និងយកចិត្តទុកដាក់នោះទេ។
លោក ឃួង ស្រេង បានលើកឡើងថា ៖ «កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រសហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីណែនាំខាងលើ ក៏ប៉ុន្តែ នៅមានមួយចំនួនតូចទៀត នៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ»។
លោកបន្តថា៖«ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលល្មើសនឹងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាមនិងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានគាំទ្រចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការផាកពិន័យដល់ពលរដ្ឋដែលមិនបានទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដែលការផាកពិន័យនេះ ក៏នឹងចូលរួមនូវការអនុវត្តច្បាប់គតិយុត្តស្តីពីការគ្រប់គ្រងសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ឱ្យមានប្រសិទ្ធភាពផងដែរ។
លោក ជុំ ហួត បញ្ជាក់ទៀតថា ការផាកពិន័យរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋបោះចោលសំរាមនៅតាមទីសាធារណៈ ជាពិសេសនៅមុខផ្ទះរបស់គាត់ ខណៈដែលលោកសង្កេតឃើញនៅតាមសង្កាត់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានពលរដ្ឋបានទុកដាក់សំរាមពាសវាលពាសកាល ជាពិសេសនៅតាមផ្លូវសាធារណៈ និងនៅមុខផ្ទះ ដែលពួកគាត់រស់នៅមិនបានត្រឹមត្រូវ។ នេះបង្ហាញថា ពួកគាត់មិនបានយកចិត្តទុកដាក់សម្អាតទីក្រុង និងរួមគ្នាការពារបរិស្ថាននោះទេ។
លោកបានថ្លែងថា៖ «មួយទៀត គឺពង្រឹងច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លាច បើសិនជាមានច្បាប់ហ្នឹង ហើយរដ្ឋបាលរាជធានីភ្នំពេញពង្រឹងត្រឹមត្រូវនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការគោរពច្បាប់ និងមានការតំាងចិត្តក៏ដូចជាឆន្ទៈខ្លួនឯងក្នុងការគ្រប់គ្រងសំរាមដោយខ្លួនឯងដោយផ្ទាល់ មិនចាំបាច់មានការណែនាំបន្ថែមពីមន្ត្រីបរិស្ថាន ក៏ដូចជាខាងអាជ្ញាធរនោះទេ»។
បើតាមលោក ជុំ ហួត នៅពេលដែលមានការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងសំរាមបានល្អ នឹងចូលរួមចំណែកនូវការការពារបរិស្ថាន អានាម័យល្អ និងសោភណភាពទីក្រុង ដើម្បីជាប្រយោជន៍ដល់ដល់សាធារណៈ និងទីក្រុងរបស់យើងទាំងអស់គ្នា។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ ក្នុង ១ ថ្ងៃ បានផលិតសំរាមជាមធ្យម ៣០០០ តោន ក្នុងនោះមានតែសំរាមជាង ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ប្រជាពលរដ្ឋម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ ថង់ ក្នុង ១ ថ្ងៃ ដែលអាចបង្កើតសំណល់ប្លាស្ទិកប្រមាណ ៥៧ តោន ក្នុង ១ ថ្ងៃ បើគិតនៅទូទាំងប្រទេសកម្ពុជា មានប្រមាណ ៥៦ លានថង់ ក្នុង ១ ថ្ងៃ ដែលស្មើនឹង ២៧៩ តោនក្នុង ១ ថ្ងៃ៕