ភ្នំពេញៈ នៅក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនក្នុងបរិមាណ ១៧ ពាន់តោន គឺកើនឡើងប្រមាណ ៤៥៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិននៅខេត្តប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ថា ថ្វីដ្បិតតែការនាំចេញមៀនរបស់កម្ពុជាមានការកើនឡើងច្រើនមែន តែបើក្រឡេកទៅមើលពីទិន្នផលវិញ គឺមិនសូវបានច្រើននោះទេ ដោយសារតែធាតុអាកាសមិនអំណោយផលដែលកើតអំពីសន្សើមប្រៃធ្វើឱ្យផ្លែមៀនអន់គុណភាព គួបផ្សំនឹងខ្វះខាតទឹកនៅតំបន់ដាំដុះមៀនមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «មិនទាំងអស់ទេ មានតំបន់ខ្លះក៏ដាំដុះបានល្អ តំបន់ខ្លះក៏ដាំដុះមិនបានល្អដែរ ដោយបញ្ហាប្រភពទឹក។ នៅពេលដែលផ្លែមានគុណភាពមិនសូវល្អ តម្លៃបានថោកទៅតាមនោះ ព្រោះថាឈ្មួញកណ្តាលនឹងទម្លាក់តម្លៃទៅតាមរូបរាងរបស់មៀនផងដែរ។ ការខ្វះទឹក និងការធ្លាក់សន្សើមប្រៃធ្វើឱ្យផ្លែមៀនរីកលូតលាស់មិនបានល្អ ឬក្រិនតែម្តង»។
បើតាមលោក សួស ស៊ីយ៉ាត តម្លៃផ្លែមៀនប៉ៃលិនមិនទៀងទាត់ទេ ដោយសារអាស្រ័យទៅលើគុណភាពមៀន និងពេលវេលាដែលប្រមូលផលដែរ ហើយបើទោះបីជាមានទីផ្សារចិនហើយក៏ដោយ ក៏ការដាំដុះមៀនប៉ៃលិន មិនសូវមានការពង្រីកច្រើនដែរ។
លោក ស៊ីយ៉ាត បានបញ្ជាក់បន្ថែមថា៖ «ចំពោះតម្លៃ បើតាមកិច្ចសន្យារបស់ក្រុមហ៊ុនដែលមានរោងចក្រនៅខេត្តប៉ៃលិនតែម្តងគឺតម្លៃដែលកសិករទទួលបានទៅតាមខែ ដោយពីខែសីហាដល់ខែធ្នូ តម្លៃមៀនបានត្រឹមតែ ៣ ៣០០ រៀល ទៅ ៣ ៥០០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម។ប៉ុន្តែចាប់ពីខែមករា ដល់ខែមីនា បានតម្លៃ ៤ ០០០ រៀល ក្នុង ១ គីឡូក្រាម។ ការឡើងចុះនៃតម្លៃមៀនទៅតាមខែនេះ វាអាស្រ័យទៅលើ គុណភាពផ្លែមៀន»។
បើតាមការឱ្យដឹងពីលោក ស៊ីយ៉ាត បច្ចុប្បន្នខេត្តប៉ៃលិនមានផ្ទៃដីដាំដុះនិងប្រមូលផលមៀនប្រមាណជិត ៤ ០០០ ហិកតា។ចំណែកនៅខេត្តបាត់ដំបងវិញមានផ្ទៃដីដាំដុះមៀនប៉ៃលិនច្រើនជាងខេត្តប៉ៃលិន ដោយមានប្រមាណជិត ៧ ០០០ ហិកតា ខណៈដែលផ្ទៃដីប្រមូលមានជាង ៥ ០០០ ហិកតា។នេះបើតាមឱ្យដឹងពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
លោក ឈឹម វជិរា បានប្រាប់បន្ថែមថា ការប្រមូលផលមៀនប៉ៃលិនគឺអាស្រ័យទៅលើការបញ្ជារបស់អ្នកដាំដុះ មានន័យថា ផ្លែឈើប្រភេទនេះ មិនមានរដូវប្រមូលផលច្បាស់លាស់ដូចផ្លែឈើដទៃទៀតទេ កសិករអាចប្រមូលផលទៅតាមការបញ្ជាដោយប្រើប្រាស់ថ្នាំកសិកម្ម ដែលគេអាចបញ្ជាឱ្យចេញផ្លែខែសីហាឬកញ្ញាក៏បាន។
លោកបានទទួលស្គាល់ថា ៖«បញ្ហាអាកាសធាតុ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ដំណាំមៀនប៉ៃលិននេះមិនខុសគ្នាពីខាងបន្ទាយមានជ័យ និងប៉ៃលិននោះទេ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅខាងបាត់ដំបងយើងប្រមូលផលមៀនស្រស់បានប្រមាណជាង ៤៣ ពាន់តោន លើផ្ទៃដីប្រមូលប្រមាណជាង ៤ ៦០០ ហិកតា។ យើងមិនទាន់អាចវាយតម្លៃថា ឆ្នាំ ២០២៤ នេះ ទិន្នផលនឹងបានកម្រិតណាទេ ដោយសារតែភាពមិនទៀងទាត់នៃអាកាសធាតុដែលពិបាកឱ្យយើងវាតម្លៃ»។
លោក សាយ ចំរើន តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន អ៊ីមផត អ៊ិចផត ដែលជាក្រុមហ៊ុនប្រមូលទិញមៀនប៉ៃលិនស្រស់ពីកសិករសម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងដែរថា ការនាំចេញមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន គឺបានប្រព្រឹត្តទៅដោយរលូន ដោយគិតចាប់តាំងពីខែកក្កដាឆ្នាំមុនរហូតមកទល់ពេលនេះ ដែលស្មើនឹងប្រមាណជាង ១ ០០០ តោន។
ថ្វីដ្បិតតែការនាំចេញបានធ្វើឡើងដោយរលូនក៏ពិតមែន ប៉ុន្តែលោក សាយ ចំរើន ថា នៅប៉ុន្មានខែចុងក្រោយ ការប្រមូលទិញបានតិចជាងមុន ដោយសារមៀនប៉ៃលិនមិនសូវល្អ ជាហេតុធ្វើឱ្យក្រុមហ៊ុនពិបាកក្នុងការប្រមូលទិញ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនមិនបានកំណត់ក្នុងការទិញទេ អាស្រ័យលើកសិករឬម្ចាស់ចម្ការយើងគាត់បានទិន្នផលច្រើនយើងប្រមូលទិញបានច្រើនដែរ ប៉ុន្តែទាល់តែគុណភាពល្អដែរទើបយើងអាចទិញបាន»។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្នការដាំមៀនប៉ៃលិន មានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតា នៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៨ ពាន់ហិកតា ដោយក្នុង ១ ហិកតា ទទួលបានផលចន្លោះពី ១៥ ទៅ ២០ តោនក្នុង ១ ឆ្នាំៗ៕