កោះកុងៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងថា ទន្ទឹមនឹង​វឌ្ឍនភាព​ការងារ​ដែល​ត្រូវអនុវត្ត​ក្នុង​ឆ្នាំ​ ​២០២៣ កន្លងទៅ ក្រសួង​ក៏​បន្ត​អនុវត្ត​ការងារ​អាទិភាព​ចំនួន ​៤ ​ដែល​ក្រសួង​ត្រូវអនុវត្ត​ឱ្យបាន​មុន​ដំណាច់ឆ្នាំ ២០២៥​។​

​លោក​ ហេង សួរ បាន​លើក​ឡើង​ដូចនេះ នៅ​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ ​២០២៤​ ក្នុងឱកាស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង​ ១ ​ម៉ឺន​នាក់ នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា នៅ​ខេត្តកោះកុង​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជម្រាប​នូវ​ការ​វឌ្ឍនភាព​ទាំង ​៤ ​ដែល​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ត្រូវអនុវត្ត​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​ ២០២៥ ដោយមាន​រយៈពេល ​២​ ឆ្នាំទៅ​ខាងមុខ​ឱ្យបាន​ក្នុងនោះ​ទី​១-​ គឺ​ការបង្កើត​ទារកដ្ឋាន​និង​ម​តេ្ត​យ្យ​សហគមន៍​នៅតាម​តំបន់​ដែលមាន​រោងចក្រ​ដោយ​ក្រសួង​បានរៀបចំ​សេចក្តីព្រាង​អំពី​យន្ត​ការ​ទ្រទ្រង់​និង​បានកំណត់​កាល​​វិភាគ​ប្រជុំ​ជាមួយ​ភាគី​និយោជក​នៅ​ដើមខែ​មីនា ឆ្នាំ​ ២០២៤»​។​

​ជាមួយគ្នានេះ​ក្រសួង​ការងារ​ក៏បាន​កំពុង​រៀបចំ​លិខិត​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ដើម្បី​ជួបប្រជុំ​ជាមួយ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​នានា​អំពី​យន្តការ​លើកទឹកចិត្ត និង​ជំរុញ​ការសាងសង់​ទារកដ្ឋាន​​សហគមន៍​ និង​ម​ត្តេ​យ្យ​សហគមន៍​ក្នុង​តំបន់​សេដ្ឋកិច្ច​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សម្រាប់​ចំណុច​ទី​២- ជំរុញ​ការ​​កែលម្អ​កន្លែង​ហូបបាយ​ឬ​អាហារ​​ដ្ឋា​ន​នៅតាម​រោងចក្រ ដែល​កំពុងដំណើរការ​ឱ្យបាន​សមរម្យ​សម្រាប់​កម្មករនិយោជិត និង​តម្រូវឱ្យមាន​ការរៀបចំ​កន្លែង​ហូបបាយ​ឬ​អាហារ​ដ្ឋា​ន​សម្រាប់​រោងចក្រ​ដែល​ត្រូវបង្កើត​ថ្មី​។ លោក​ថា ក្រសួង​ការងារ​នឹងធ្វើ​ការសហការ​ជាមួយ​ក្រសួង​រៀប​​ចំ​ដែនដី​និង​នគរូបនីយកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​កំណត់​ស្តង់ដា​រោងចក្រ​ថ្មី​។​

​លោក​ ហេង សួរ បាន​បន្តថា​៖ «​ទី​៣-​ សហការ​ជាមួយ​ភាគី​ពាក់​​ព័ន្ធ សិក្សា​យន្តការ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យមាន​ការផ្លាស់ប្តូរ​ជា​បណ្តើរៗ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត​ដែល​​ស្របតាម​បទដ្ឋាន​បច្ចេកទេស​និង​ផាសុកភាព​ជាង​មុន​ត្រឹម​ឆ្នាំ​ ២០២៧ ដែល​ក្រសួង​នឹង​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដើម្បី​សិក្សា​និង​លើក​ជា​ជម្រើស​ដែល​ប្រសើរ​បំផុត​សម្រាប់​កម្មករ​និ​យោ​ជិត និយោជក ម្ចាស់​រថយន្ត​និង​អ្នកបើកបរ​បច្ចុប្បន្ន​ផង​»​។​

​ចំណែក​វឌ្ឍនភាព​ទី​៤​- ដែល​នឹងត្រូវ​អនុវត្ត​ដែរនោះ​គឺ​ជំរុញ​កម្មវិធី​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ដែលជា​ឱកាស​សម្រាប់​កម្មករនិយោជិត​និង​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​អាច​ចុះឈ្មោះ​ធ្វើ​​តេស្ត និង​ទទួលបាន​វិ​ញ្ញាប​ន​ប​ត្រ​ទទួលស្គាល់​ជំនាញ​មួយ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​និង​កម្រិត​ជំនាញ​របស់ខ្លួន​។​

​នៅក្នុង​ឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ដែរ​ថា ក្រសួង​ការងារ​បន្ត​អនុវត្ត​នូវ​ផែនការ​ ៤​ ចំណុច​បន្ថែមទៀត​ក្នុង​រយៈពេល ២ ​ឆ្នាំ​បន្ត​និង​មាន​ចំណុច​ផ្សេងៗ​ដែល​នឹង​អនុវត្ត​បន្តបន្ទាប់​ទៀត ហើយ​មិនមែន​តែ​ក្រសួង​ការងារ​នោះទេ​គឺ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលជា​ផែន​ការ​សម្រាប់​អនុវត្ត​លើកស្ទួយ​និង​ជំរុញ​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​របស់​រាជរដ្ឋាភិបាល​យើង​គឺ​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​ត្រូវធ្វើ​ហើយ​គោ​លន​យោ​បាយ និង​ផែនការ​សកម្មភាព​ទាំងអស់​គឺ​សុទ្ធតែ​ធ្វើ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​រុញ​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ នេះ​គឺជា​គោលដៅ​របស់​យើង​»​។​

​ជាមួយគ្នា​នោះ​លោក ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​ក្រ​សួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវខិតខំ​ធ្វើ​បន្ត​គឺ​បង្កើត​ឱ្យបាន​នូវ​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហ​​គម​ន៍​នៅ​ជិត​កន្លែង​កម្មករ​និ​យោ​ជិត​ធ្វើការ​ដើម្បី​ជួយ​សម្រាល​ការលំបាក ជាពិសេស​ដល់ក​ម្ម​ការិនី​ចំណាកស្រុក​។​

​លោក​បញ្ជាក់ថា​៖ «​យើង​បន្ត​ធ្វើបាន​ប៉ុនណា​យក​ប៉ុណ្ណឹង​មិន​មែន​ធ្វើ​ ១ ​ឆ្នាំ​បាន​គ្រប់​ទាំងអស់​នោះទេ​ព្រោះ​យើង​មាន​រាប់ពាន់​កន្លែង​នៅ​ទូទាំងប្រទេស ដោយ​យើង​ធ្វើបាន​ប៉ុនណា​គឺ​យក​ប៉ុណ្ណឹង​ហើយ​បន្តធ្វើ​បន្តទៀត​»​។​

​ទាក់ទង​នឹង​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​និង​អ្នកពាក់ព័ន្ធ កែសម្រួល​ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួកគាត់​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុង​រយៈពេល​ ៤​ ខែ​កន្លងមកនេះ តាម​ក្រសួង​នីមួយៗ​បានធ្វើ​បាន​ច្រើន​រៀងៗ​ខ្លួន​ហើយ ហើយ​ថា តើ​រដ្ឋាភិបាល​ ៤ ​ខែ​នេះ​ដេក​ស្ពឹក រដ្ឋាភិបាល​អួត ចេញ​គោល​​នយោបាយ​ស្អាត ហើយ​អត់​បានធ្វើ​អី​ដូច​គេ​ថា​មែន​ទេ​?»​។​

​សូម​បញ្ជាក់ដែរថា ក្នុងជំនួប​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខេត្តកោះកុង​នេះ​គឺជា​កម្មវិធី​លើក​ទី​១១​ និង​ជា​ជំនួប​លើកដំបូង​ក្នុង​ឆ្នាំ​ ២០២៤ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួប​កម្មករនិយោជិត​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​៕