កោះកុងៈ ឆ្លើយតបទៅនឹងការរិះគន់ពីអ្នកដែលមាននិន្នាការប្រឆាំងចំពោះរាជរដ្ឋាភិបាល ដែលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិទាំងមូល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមុខមកបញ្ជាក់ថា ទិវាសន្ដិភាព មិនមែនរបស់ត្រកូលហ៊ុនតែម្នាក់ទេ តែជារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលស្រឡាញ់សន្តិភាព។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោហ៊ុន សែនកោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ ម៉ឺននាក់ នាស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃទី ៨ មករា ឆ្នាំ ២០២៤។
លោកបានថ្លែងថា៖ «កាលពីថ្ងៃទី ១ មករា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដោយកំណត់យកថ្ងៃទី ២៩ ធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិយើងទាំងអស់គ្នា ...មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹងដាក់ថ្ងៃបុណ្យជាតិថ្ងៃឈប់សម្រាកគឺដើម្បីតែត្រកូលហ៊ុន។ ខ្ញុំសូមប្រាប់!ខ្ញុំអត់បដិសេធទេ តែត្រកូលហ៊ុនក៏ស្វាគមន៍សន្តិភាពដែរ អ៊ីចឹងទិវាសិន្តិភាពហ្នឹង ជាទិវាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាមក្នុងនោះមានត្រកូលហ៊ុន មួយដែរ»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «តែមិនមែនសម្រាប់ផ្ដាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់គ្នាដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនយើងទូទាំងប្រទេស។ អ៊ីចឹងទិវាសន្តិភាពដើម្បីកម្ពុជា នៅកម្ពុជានេះគឺជាផលសម្រាប់យើងទាំងអស់គ្នារបស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»។
លោកក៏បានបញ្ជាក់ដែរថា ការឈប់សម្រាកនេះគឺជាការរំឭក និងអបអរសាទរទាំងអស់គ្នាជាចាំបាច់ ហើយបើអ្នកណាមិនសប្បាយចិត្ត មិនបាច់ឈប់ទេ។ បើតាមលោកនាយករដ្ឋមន្ត្រី ទិវាសន្តិភាពគឺជាទិវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំទាំងអស់គ្នា ហើយការយកថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពសម្រាប់ការឈប់សម្រាក ជាការរំឭកដឹងគុណ និងអបអរសាទរផងដែរ។
លើសពីនេះប្រទេស ១ ត្រូវការឯករាជ្យអធិបតេយ្យភាព ត្រូវការការរស់រានមានជីវិត ដោយសិទ្ធិសេរីភាព ហើយត្រូវការការរស់នៅដោយសុខសន្តិភាព និងការអភិវឌ្ឍជាដើម។ ជាងនេះកម្ពុជាបានរស់នៅក្នុងអធិបតេយ្យភាព និងឯករាជភាព ដោយមានថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ជាថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យ ដូច្នេះកូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាចូលរួមថែរក្សា ឯករាជ្យជាតិ កុំឱ្យបាត់បង់។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការលើកឡើងរបស់លោកហ៊ុន ម៉ាណែត គឺពិតជាត្រឹមត្រូវ ហើយក្នុងនាមលោកជានាយករដ្ឋមន្ត្រី មានបុព្វសិទ្ធិក្នុងការកំណត់ថ្ងៃនេះ។
លោកប្រាប់ថា៖ «មែនទែនទៅទិវាសន្តិភាព ដែលជាថ្ងៃឈប់សម្រាកនេះ គឺជារឿងសំខាន់មួយដើម្បីដាស់តឿនក្រើនរំឭកដល់ពលរដ្ឋទាំងអស់ ឱ្យយល់ពីតម្លៃសន្តិភាព របស់ប្រទេសស្របពេលដែលប្រទេសជាច្រើន នៅលើពិភពលោក កំពុងមានវិបត្តិសង្គ្រាមរហូតដូចជាសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន ហើយនឹងបញ្ហានៅក្នុងប្រទេសភូមា និងបញ្ហាអ៊ីស្រាអែល និងហាម៉ាស់ និងភាពតានតឹងផ្សេងៗទៀត»។
ជាមួយគ្នានោះដែរលោក ស៊ឺន សម ថ្លែងថា ទិវានេះក៏មិនបានបង្ខំឱ្យពលរដ្ឋឈប់សម្រាកពីការងារនោះដែរ បើពួកគេទៅធ្វើការងារក៏មិនជាបញ្ហានោះទេ គ្រាន់តែរាជរដ្ឋាភិបាលកំណត់ថ្ងៃទី ២៩ ខែធ្នូគឺជាថ្ងៃទិវានៃសន្តិភាពរបស់កម្ពុជា។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កាលពីនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម និងជាការរំឭកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
មួយវិញទៀត ក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមសង្គ្រាម៕