ក្រចេះៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសសម្ពោធបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងលោក ហ៊ុន សែនពីកុមារភាពដែលកសាងឡើង ដើម្បីរំឭកគុណចំពោះព្រះគ្រូដែលជាគ្រូបាធ្យាយ ទូន្មានប្រៀបប្រដៅ ផ្គត់ផ្គង់ការសិក្សាលោកហ៊ុន សែនឱ្យមានចំណេះដឹង ក្លាយខ្លួនជាបញ្ញវន្ត និងវីរជនរបស់ជាតិ។
ពិធីសម្ពោធបុស្បុករូបសំណាកនេះ ធ្វើឡើង នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នៅស្ពានពាមទេរ ស្ថិតនៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងអង្គពិធីលោ កវ៉ា ថន អភិបាលខេត្តក្រចេះថ្លែងថា បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យគឹម ច្រែង និងលោកហ៊ុន សែនពីកុមារភាពនេះធ្លាប់បានសាងសង់នៅទីតាំងចាស់ម្តងយូរមកហើយ។
ដោយសារសោភណភាពរូបសំណាកចាស់ទ្រុឌទ្រោមហើយផ្នែកខាងក្រោមនៃរូបសំណាកជើងទម្រត្រូវទឹកហូរច្រោះផ្អៀងមួយចំហៀង និងដោយក្តីនឹករឭក លោក ហ៊ុន សែន ក៏ណែនាំរដ្ឋបាលខេត្តក្រចេះសាងសង់បុស្បុករូបសំណាកនេះឡើងវិញ។
លោក វ៉ាថន បញ្ជាក់ថា៖ «សមិទ្ធផលថ្មីនេះកំពុងទាក់ទាញសាធារណជន និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានចូលទៅទស្សនា ថតរូបអនុស្សាវរីយ៍ និងលើកកម្ពស់សោភណភាព និងមុខមាត់ខេត្តក្រចេះមួយកម្រិតថែមទៀត»។
បុស្បុករូបសំណាកថ្មីនេះសាងសង់ឡើងក្នុងរចនាប័ទ្មសម័យចតុមុខ កម្ពស់ពីខឿនទី១ ដល់កំពូលឆត្ររួតមានកម្ពស់ ២៤,៣ ម៉ែត្រ ទ្រដោយសសរស្តម្ភ ៤។ ក្បាច់ចម្លាក់ជាក្បាច់អង្គរ និងឆ្មាំការពារក្នុងរចនាប័ទ្មបន្ទាយស្រី និងមានក្បាច់ផ្សេងៗទៀតលម្អផង។ រូបសំណាកព្រះគ្រូធម្មាចារ្យ មានកម្ពស់ ២,៧ ម៉ែត្រឯរូបសំណាកលោក ហ៊ុន សែន មានកម្ពស់ ១,៦៨ ម៉ែត្រ ធ្វើអំពីស្ពាន់សុទ្ធ ក្នុងទឹកប្រាក់ ៤១ ម៉ឺនដុល្លារអាមេរិក ជាថវិកាអំណោយរបស់លោកហ៊ុន សែន និងភរិយា។ ចំពោះរូបសំណាកចាស់កសាងឡើងពីបេតុងកាលពីឆ្នាំ ២០០៣ បានយកទៅតម្កល់នៅក្នុងវត្តបុស្សមាលី ហៅវត្តបុសលាវ។
ក្នុងពិធីនោះលោក ហ៊ុន ម៉ានី បានថ្លែងថា បុស្បុករូបសំណាកនេះ ជាការឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់លោក ហ៊ុន សែន ដែលជាឪពុករបស់លោក ដែលមានអតីតភាពជាកូនអ្នកកសិករនៅខេត្តកំពង់ចាមបានខិតខំប្រឹងប្រែងរៀនសូត្របន្តនៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ដែលស្នាក់អាស្រ័យ និងទទួលការមើលថែពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។
លោកបន្តថា៖ «ក្រៅពីតឹកតាងនៃដំណើរជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹងគុណចំពោះព្រះគ្រូធម្មាចារ្យ បុស្បុកនេះ ក៏បានបង្កើនសោភណភាពខេត្តក្រចេះថែមមួយកម្រិតទៀត ហើយប្រាកដណាស់ប្រជាជនមូលដ្ឋាននេះផ្ទាល់ អាចប្រើប្រាស់ទីធ្លានេះដើម្បីប្រយោជន៍នានាផងដែរ»។
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់លោកហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅស្តីពីលោក ហ៊ុន សែន ថ្លែងថា ការងារកសាងរូបសំណាកនេះគឺមានជាយូរមកហើយដើម្បីជាការរំឭកដល់មហាទិគុណរបស់ព្រះគ្រូ គឹម ច្រែង ចំពោះលោក ហ៊ុន សែន កាលពីកុមារភាព និងវ័យជំទង់កន្លងមក។
លោកថា៖ «កាលពីអតីតកាល ឬកុមារភាពសម្តេចហ៊ុន សែនធ្លាប់ជាកូនសិស្សរបស់ព្រះគ្រូចៅអធិការគឹមច្រែង និងធ្លាប់ដើរបិណ្ឌបាត្រជាមួយព្រះគ្រូជាញឹកញាប់ទៀតផង អំឡុងពេលសម្តេចមកស្នាក់នៅវត្តនាគវ័ន្តដើម្បីបន្តការសិក្សា។ ព្រះគ្រូ គឹម ច្រែង តែងតែយកព្រះទ័យទុកដាក់ចំពោះកុមារ ហ៊ុន បូណាល់ គឺសម្តេចតេជោ ហ៊ុន សែន។ ព្រះអង្គធ្លាប់មានគុណបំណាច់គួរឱ្យចងចាំចំពោះសម្តេចតេជោហ៊ុន សែន»។
បើតាមលោក ពៅ សុខ ព្រះគ្រូគឹម ច្រែង នេះហើយដែលធ្លាប់ទស្សន៍ទាយថា លោក ហ៊ុន បូណាល់ ឬ ហ៊ុន សែន នឹងក្លាយទៅជាអ្នកដឹកនាំប្រទេសនាថ្ងៃអនាគត។
សម្រាប់លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា៖ «នេះជាការបង្ហាញពីការដឹងគុណរបស់សម្តេច ហ៊ុន សែន ផងហើយក៏ជាភាពគំរូមួយជាទូទៅ បណ្តុះមេរៀនភាពជាគំរូដឹងគុណ កត្តញ្ញូតាធម៌ មានន័យថា អ្នកណាក៏ដោយដែលធ្វើគុណមកលើខ្លួន យើងត្រូវតែគោរព និងតបស្នងទៅតាមលទ្ធភាពដែលអាចធ្វើបាន បើយើងជោគជ័យតិច យើងធ្វើតិច បើយើងជោគជ័យច្រើនយើងធ្វើច្រើន។ ការធ្វើជាគំរូនេះ ជាគំរូទៅដល់សង្គម ជាពិសេសយុវជនជំនាន់ក្រោយ»។
លោកបន្តថា ទីតាំងបុស្បុករូបសំណាកនេះនឹងក្លាយទៅជាទីតាំងទេសចរណ៍ ទាក់ទាញអ្នកទស្សនា នៅប្រចាំខេត្តក្រចេះសម្រាប់សម្រាកលម្ហែកាយផង ហើយក៏អាចឱ្យអ្នកស្រុកនៅទីតាំងក្បែរនោះក៏អាចរកចំណូលពីការលក់ដូរ សេវាកម្មផ្សេងៗផងដែរ៕