កោះកុង/ឧត្ដរមានជ័យៈ អាជ្ញាធរខេត្តកោះកុង និងខេត្តឧត្តរមានជ័យបានចាប់ផ្ដើមអនុវត្តការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលក្នុងការឆ្លងដែននៅតំបន់ជាប់ព្រំដែន។
លោក សំឃិត វៀន អភិបាលរងខេត្តកោះកុងបានឱ្យដឹងនៅថ្ងៃទី ៨ ខែមករាថា នៅដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរខេត្តបានចាប់ផ្ដើមឱ្យស្រុក-ក្រុងនៅជាប់ព្រំដែនថៃអនុវត្តសាកល្បងក្នុងការផ្ដល់សេវាបណ្ណព្រំដែនជូនប្រជាពលរដ្ឋ ប៉ុន្ដែបណ្ដាក្រុង-ស្រុក ដែលត្រូវអនុវត្តទាំងនោះ មានមួយចំនួនគឺនៅមិនទាន់មានម៉ាស៊ីនផលិតបណ្ណព្រំដែនជូនប្រជាពលរដ្ឋគ្រប់គ្នានៅឡើយទេ។
លោកបានបន្តថា មកដល់ពេលនេះនៅខេត្តកោះកុងមានស្រុកចំនួន ២ បានប្រកាសអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ ជូនប្រជាពលរដ្ឋ ក្នុងនោះមានស្រុក បទុមសាគរ និងស្រុកមណ្ឌលសីមា។
លោក សំឃិត វៀន បានបញ្ជាក់ថា៖ «ទោះបីមានការខ្វះខាតម៉ាស៊ីនសម្រាប់ប្រើប្រាស់ ប៉ុន្តែនៅចំពោះមុខការបម្រើសេវាសាធារណៈនេះ សាលាខេត្តនៅតែបន្តផ្ដល់ជូនរាល់ការស្នើសុំរបស់ប្រជាពលរដ្ឋយើងដើម្បីការពារភាពរាំងស្ទះក្នុងការផ្ដល់សេវាបណ្ណព្រំដែន»។
បើតាមលោក សំឃិត វៀន ការអនុវត្តផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃនេះនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានអចិន្រៃ្តយ៍ក្នុងស្រុកជាប់ព្រំដែនថៃ និងកុមារអាយុក្រោម ១៥ ឆ្នាំ។
ហេតុនេះការស្នើសុំបណ្ណព្រំដែននេះបានគឺធ្វើនៅតាមការិយាល័យច្រកចេញ-ចូលតែ ១ នៃរដ្ឋបាលក្រុង-ស្រុកដោយត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងរូបថតចំនួន ២ សន្លឹកផងដែរ។
លោកបានបន្ដថា ក្រៅពីនេះ បណ្ណនេះក៏អាចប្រើបានត្រឹមតែនៅក្នុងស្រុកនៃប្រទេសថៃដែលជាប់កម្ពុជាប៉ុណ្ណោះរីឯសម្រាប់ការប្រើប្រាស់លិខិតឆ្លងដែនប្រជាពលរដ្ឋក៏នៅតែអាចប្រើបានផងដែរ ប៉ុន្តែការដាក់ឱ្យប្រើបណ្ណព្រំដែននេះ វាចំណាយតិច ផ្ដល់ភាពងាយស្រួល ក៏ដូចជាធានាសុវត្ថិភាពជូនពលរដ្ឋ។
ចំណែកលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យក៏បានឱ្យដឹងដែរថា នៅក្នុងខេត្តឧត្តរមានជ័យមានក្រុង-ស្រុកចំនួន ៤ ដែលនៅជាប់ព្រំដែនថៃ កំពុងចាប់ផ្ដើមអនុវត្តសាកល្បងក្នុងការផ្ដល់សេវាបណ្ណព្រំដែនជូនប្រជាពលរដ្ឋ។
លោកបានបន្តថា ក្រុង-ស្រុកទាំងនោះ រួមមាន ក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអម្ពិលដែលកំពុងអនុវត្តការផ្ដល់សេវាបណ្ណព្រំដែនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចាប់ពីដើមខែមករា ឆ្នាំ ២០២៤។
លោក ឌី រ៉ាដូ បានបញ្ជាក់ថា៖ «ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឥឡូវនេះការផ្ដល់បណ្ណហ្នឹង គឺវាជាជំហានមួយក្នុងការផ្ដល់សេវាសាធារណៈឱ្យនៅជិតប្រជាពលរដ្ឋតាមរយៈការផ្ដល់សិទ្ធិទៅដល់អាជ្ញាធរក្រុង-ស្រុកឱ្យអនុវត្ត។ បណ្ណព្រំដែននេះវាផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកក្នុងស្រុកជាប់ព្រំដែនជាមួយថៃ»។
លោកបន្ថែមទៀតថា ចំពោះបណ្ណព្រំដែននេះគឺផ្ដល់ជូនសម្រាប់តែប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងខេត្តឧត្តរមានជ័យដែលស្នើសុំបណ្ណនៅតាមការិយាល័យច្រកចេញ-ចូលតែ ១ នៃរដ្ឋបាលក្រុង-ស្រុកប៉ុណ្ណោះ រីឯប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងគឺមិនអនុញ្ញាតផ្ដល់ជូនបណ្ណនេះបានឡើយ។
សូមរំឭកថាកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង-ស្រុកនៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរដ្ឋបាលក្រុង-ស្រុកនៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវអនុវត្តសាកល្បងក្នុងការផ្តល់សេវានេះរយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុកនៃខេត្តជាប់ព្រំដែនថៃ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាបណ្ណព្រំដែននេះផងដែរ៕