កោះកុងៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការពង្រីក​វិសាលភាព​របប​សន្តិ​​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក​នៃ​បេ​ឡា​ជាតិ​របប​សន្តិសុខ​សង្គម ជាមួយ​ដៃគូ​នានា និង​តាម​រោង​ចក្រ សហគ្រាស តំបន់​ផ្ទះជួល ផ្សារ និង​ទីប្រជុំជន​បាន​សរុប​ចំនួន ៤ ៦១៥​​ លើក​។​

​ក្រសួង​ក៏បាន​ចុះឈ្មោះ​សមា​​ជិ​ក​ដែលជា​គោលដៅ​សរុប​បាន​ចំនួន ១១១ ៧២០ ​នាក់ ក្នុងនោះ​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ១០០ ២១៤​ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ១១ ៥០៦ ​នាក់ បន្ទាប់ពី​រាជ​រដ្ឋា​​ភិ​បាល​បានប្រកាស​ដាក់ឱ្យ​អនុ​​វត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​នយោបាយ​ទាំង ២​។ 

​កម្មវិធី​នោះ​រួមមាន​៖ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមា​​ជិ​ក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​។

នេះ​ជាការ​ថ្លែង​ឱ្យដឹងពី​សំណាក់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​ ១ ​ម៉ឺន​នាក់ ក្នុង​ខេត្តកោះកុង នា​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៤ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក ហេង សួរ បាន​ថ្លែងថា៖ «​ការពង្រីក​វិសាលភាព​នេះ បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. រួមមាន ប្តី​ឬ​ប្រពន្ធ​ដែលមាន​អាយុ​ក្រោម ៦០ ​ឆ្នាំ និង​កូន​ក្នុងបន្ទុក​ដែលមាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ អាច​ទទួលបាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​គ្រាន់​តែ​បង់​ភាគទាន​ត្រឹមតែ ​១៥ ៦០០​ រៀល​ប៉ុណ្ណោះ​»​។

លោក​បន្តថា ៖ «​តាម​ការសិក្សា​កន្លងទៅ​គឺ​បង​ប្អូន​អាច​សន្សំ​ថវិកា​បាន​ប្រមាណ​ជា​ ១៥ ទៅ ២០​ ដុល្លារ​ក្នុង ​១ ​ខែ ជាពិសេស​សម្រាប់​បងប្អូន​ដែល​មានកូន​ក្រោម​អាយុ​ ៦​ ឆ្នាំ​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បន្តថា ការពង្រីក​វិសាលភាព​កម្មវិធី​នេះ រួមជាមួយ​កម្មវិធីរ​បប​ថែទាំ​សុខភាព​តាម​មូលនិធិ​សម​ធម៌​សុខាភិបាល​សម្រាប់​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​លោក ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​រួចហើយ​ដែរនោះ គឺអាច​គ្របដណ្តប់​សេវា​សុខភាព​ដល់​ប្រជាជន​ប្រមាណ ៩​ លាន​នាក់ ​ដែល​ធ្វើឱ្យ​ប្រជាជន​កាន់តែច្រើន​អាច​ទទួលបាន​សេវា​ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព និង​មាន​សុខភាព​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​លោក ជ័យ តិច អ្នក​សិក្សាការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ការអនុវត្ត​របស់​ក្រសួង​ការងារ​ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​ពី​នីតិវិធី​នៃ​អត្ថប្រយោជន៍​ចំពោះ​ការចុះបញ្ជី​ដើម្បី​ទទួល​សេវា​សន្តិសុខ​សង្គម គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ និង​បាន​ច្រើន​ទីតាំង​ដូចជា​នៅតាម​សហគ្រាស និង​រោងចក្រ​នានា​។ ប៉ុន្តែ​បើ​ពិនិត្យមើល​លើ​ចំនួន ដែល​បាន​ចុះឈ្មោះ ទាំង​បុគ្គល​ស្វ័យ​និ​យោជន៍ និង​បុគ្គលិក​នៅតាម​សហគ្រាស​ដែល​បាន​ចុះបញ្ជី នៅមាន​តិចតួច​នៅឡើយ​។​

​ការចុះឈ្មោះ​នៅមានកម្រិត ព្រោះ​កង្វះ​ការផ្សព្វផ្សាយ​ឱ្យបាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ របស់​ក្រសួង​ការងារ​ហើយក៏​មិនដឹងថា នៅពេលដែល​ក្រសួង​ចុះ​ផ្សព្វផ្សាយ​នេះ និយាយ​ដោយផ្ទាល់​មាត់​ឬក៏​មាន​ខិត្តប័ណ្ណ​យកទៅ​ជាមួយ​ដែរ​ឬក៏​យ៉ាងណា ព្រោះ​យើង​ដឹង​ហើយ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជក​មានការ​សិក្សាអប់រំ នៅមានកម្រិត​។​

​លោក​បញ្ជាក់ថា​៖ «​បើ​ពិនិត្យមើល​ទៅលើ​ទំហំ​បុគ្គល​ដែលមាន​សក្តានុពល ទទួលបាន​នូវ​សេវា ប​.​ស​.​ស​. នេះ​មាន​ច្រើនណាស់ ដូចជា​កម្មករ ពលករ​នៅក្នុង​រោងចក្រ​នានា​ជិត ១ ​លាន​នាក់ ប៉ុន្តែ​បើ​គិតពី​សមាជិកគ្រួសារ​រប​ស់គា​ត់ និង​បុគ្គលិក​នៅតាម​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ឬ​ទាក់ទង​នឹង​បុគ្គល​ស្វ័យ​និ​យោជន៍​គឺមាន​ចំនួន​ច្រើន​ខ្លាំង ប៉ុន្តែ​បើ​ពិនិត្យមើល​តួលេខ​របស់​ក្រសួង​នៅ​ទាប​ខ្លាំង​នៅឡើយ​។ ដូច្នេះ​ក្រសួង​គួរ​បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​នៅ​គោលដៅ​ផ្សេងទៀត​»៕