ភ្នំពេញៈ អស់រយៈពេលជិត ២ ឆ្នាំមកហើយ ដែលកម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់នៅប្រទេសអ៊ុយក្រែន ហើយក៏អស់រយៈពេលជាង ១ ឆ្នាំមកហើយដែរ ដែលអតីតមេដឹកនាំកម្ពុជាបានប្រកាសជំហរមិនគាំទ្រការធ្វើប្រជាមតិរបស់រុស្ស៊ី ដើម្បីកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ក្នុងរយៈពេលនេះ ក្រោយពីព្រឹត្តិការណ៍ទាំងនេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ផ្ទុយទៅវិញប្រទេសទាំង ២ មានការប្តេជ្ញាចិត្ត និងសុឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង ២។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា បន្ទាប់ពីកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ទំនាក់ទំនងរវាងប្រទេសទាំង ២ «ហាក់ដូចជាមិនមានការប្រែប្រួលអីជាដុំកំភួនទេ» ដ្បិតអ្នកការទូតក៏ដូចជាប្រមុខការទូតកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក្រោយបានបញ្ជាក់ជំហរនោះច្បាស់លាស់ ដែលគាំទ្រសេចក្ដីសម្រេចរបស់ UN មិនមែនមានន័យថាប្រឆាំងរុស្ស៊ីឬក៏គាំទ្រអ៊ុយក្រែនទេ។
លោកបានបញ្ជាក់ថា អ្វីដែលកម្ពុជាធ្វើ គឺបដិសេធឬក៏ជំទាស់នឹងការប្រើប្រាស់កម្លាំងយោធារបស់ប្រទេស ១ ទៅលើរដ្ឋអធិបតេយ្យ ១ ទៀត។ នេះគឺជាក្របខ័ណ្ឌនៃនយោបាយការបរទេសរបស់កម្ពុជាដែលចង់ឃើញ ប្រទេសទាំងអស់ដែលជាសមាជិក UN គោរពគោលការណ៍ធម្មនុញ្ញនៃ UN ច្បាប់អន្តរជាតិហើយចៀសវាងការប្រើប្រាស់កម្លាំងដើម្បីដណ្តើមកាន់កាប់ ឬក៏ព្យាយាមដាក់បញ្ចូលជាឧបសម្ព័ន្ធនៃទឹកដីរបស់រដ្ឋអធិបតេយ្យ ១ ទៅក្រោមរដ្ឋ ១ ទៀតដែលមានកម្លាំងខ្លាំងជាង។
លោកថ្លែងថា៖ «អ៊ីចឹងចំណុចនេះ ខ្ញុំឃើញមានការបញ្ជាក់ច្បាស់ ហើយរុស្ស៊ីក៏យល់ដែរ ជាពិសេសតាមរយៈអ្នកការទូតរបស់ខ្លួននៅរាជធានីភ្នំពេញក៏បានយល់អំពីភាពជាក់ស្តែង ប្រាកដនិយមនៃគោលនយោបាយការបរទេសកម្ពុជាដែលយើងមិនគាំទ្រការប្រើប្រាស់កម្លាំងបាយ។ ជានិច្ចកាលគឺកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានក្នុងនយោបាយការបរទេសរបស់ខ្លួន»។
លោកបន្ថែមថា៖ «អ៊ីចឹង ខ្ញុំគិតថាវាមិនមានការអីប្រែប្រួលគួរឱ្យកត់សម្គាល់ទេកន្លងមកនេះ។ ផ្ទុយទៅវិញយើងឃើញមានការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំអ្នកការទូតរវាងប្រទេសទាំង ២ ហ្នឹងគឺមានសុឆន្ទៈក្នុងការជំរុញ លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង ២។ ហើយសល់តែប៉ុន្មានឆ្នាំខាងមុខនេះ កម្ពុជា និងរុស្ស៊ីត្រូវប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំង ២។ អ៊ីចឹងទេ ខ្ញុំគិតថា វាអត់បញ្ហាទេ»។
លោក ភា ថ្លែងថា ជាក្របខ័ណ្ឌគោលនយោបាយការបរទេសកម្ពុជា ជាពិសេសរដ្ឋាភិបាលអាណត្តិទី៧ នេះ បាននិងកំពុងព្យាយាមធ្វើពិពិធកម្មការទូតយ៉ាងសកម្មហើយការទូតរបស់កម្ពុជាគឺផ្តោតលើការទូតសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគជំនួយអភិវឌ្ឍន៍ផ្សេងៗជាដើម ហើយពង្រីកទីផ្សារ និងពង្រីកការវិនិយោគផ្ទាល់ពីបរទេសជាមួយបណ្ដាប្រទេសផ្សេងៗទៀតជាច្រើន។
កាលពីខែមីនា ឆ្នាំ ២០២២ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត UN នេះ។ ក្នុងចំណោមរដ្ឋជាសមាជិកចំនួន ១៩៣ ប្រទេសមាន ១៨១ ប្រទេសបានចូលរួមបោះឆ្នោត។ ប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដែលក្នុងនោះ ក៏មានកម្ពុជាផងដែរ។
ប្រមាណ ១ សប្តាហ៍ក្រោយមក លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមក្នុងពិធីមួយថា ដោយសារកម្ពុជាមិនព្រងើយកន្តើយនឹងប្រតិបត្តិការយោធាទ្រង់ទ្រាយធំពីរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ទើបកម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ UN ដែលថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ហើយលោកនៅតែអំពាវនាវឱ្យមានបទឈប់បាញ់ ហើយនាំគ្នាចូលតុចរចា ដើម្បីបញ្ចប់សង្គ្រាម។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក Anatoly Borovik បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញថា ប្រទេសកម្ពុជាជាប្រទេសឯករាជ្យ និងប្រជាធិបតេយ្យ ដែលអាចនឹងអនុវត្តគោលនយោបាយក្រៅប្រទេសរបស់ខ្លួន ហើយរុស្ស៊ីមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងក្នុងប្រទេសឯករាជ្យ និងប្រជាធិបតេយ្យណាមួយឡើយ។
ប៉ុន្តែ លោកថា ភាគីរុស្ស៊ីខិតខំព្យាយាមបំភ្លឺដល់ភាគីកម្ពុជាអំពី «ការប៉ុនប៉ងនៃបណ្តាប្រទេសខាងលិចដែលជាអ្នកនៅពីក្រោយរដ្ឋប្រហារដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤»។
លោកថ្លែងថា រុស្ស៊ី និងកម្ពុជាបានភ្ជាប់ទំនាក់ទំនង និងមិត្តភាពជាមួយគ្នាជាយូរអង្វែងមកហើយហើយប្រទេសទាំង ២ មិនដែលមានការមិនយោគយល់គ្នា និងជម្លោះរវាងគ្នានោះទេ។ វាមិនមានបញ្ហាក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២ ទេ ហើយរុស្ស៊ីបានជួយកម្ពុជាងើបឡើងវិញក្រោយពីសម័យខ្មែរក្រហម។
លោក Anatoly Borovik ថ្លែងថា៖ «ដូច្នេះ នៅពេលនោះមានតែរុស្ស៊ី និងប្រទេសសង្គមនិយមនៅអឺរ៉ុបមួយចំនួនដែលបានប្រញាប់ជួយដល់ប្រទេសកម្ពុជា ដែលពេលនោះនៅឯកោ ពីព្រោះខាងលិចគេមិនទទួលស្គាល់រដ្ឋាភិបាលថ្មីកម្ពុជា ក្រោយការផ្តួលរំលំសម័យពួកប៉ុល ពត ដែលនៅតែជាតំណាងកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ។ តាមពិតនៅពេលនោះ របប ប៉ុល ពត មិនមែនជាតំណាងប្រជាជនកម្ពុជា ពីព្រោះភេរវកម្មប្រឆាំងនឹងប្រជាជនរបស់ខ្លួន»។
ក្នុងពិធីមួយក្នុងខេត្តសៀមរាប កាលពីខែតុលា ឆ្នាំ ២០២២ លោកហ៊ុន សែន បានប្រកាសជំហរមិនគាំទ្រការធ្វើប្រជាមតិរបស់រុស្ស៊ី ដើម្បីកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅប្រទេសរុស្ស៊ី ដោយលោកបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បានប្រកាសហើយ ថាយើងអត់គាំទ្រទេ ហើយយើងប្រឆាំងជាមួយនឹងការបង្កើតរដ្ឋ ផ្តាច់រដ្ឋ ផ្តាច់ទឹកដី ហើយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង»។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដែលកម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេច UN នេះគឺពុំមានប៉ះពាល់ទំនាក់ទំនងកម្ពុជា និងរុស្ស៊ីខ្លាំងឡើយដោយសារតែរុស្ស៊ី និងកម្ពុជាមានទំនាក់ទំនងជាប្រវត្តិសាស្ត្រនិងល្អជាមួយគ្នា។
លោកថា បញ្ហាសង្គ្រាមនៅអ៊ុយក្រែនគឺជាបញ្ហារបស់រុស្ស៊ី ដែលកម្ពុជាពុំមានសិទ្ធិបង្ខំឬលូកដៃចូលបញ្ហាផ្ទៃក្នុងរុស្ស៊ីឡើយ។ កន្លងមកស្ថានទូតរុស្ស៊ីក៏បានធ្វើសន្និសីទកាសែតអំពីគោលបំណង និងស្ថានការណ៍អំពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ ហើយរុស្ស៊ីក៏បានអរគុណដល់កម្ពុជាដែលបានខ្វាយខ្វល់អំពីបញ្ហានេះ។
លោកបន្ថែមថា ចំពោះការសម្រេចចិត្តបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ គឺកម្ពុជាធ្វើឡើងផ្អែកលើស្មារតីសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ ការបោះឆ្នោតគាំទ្រនេះ គឺធ្វើឡើងមិនមែនសំដៅដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីទេ ក៏ប៉ុន្តែជាការទូត និងរំឭកដល់រុស្ស៊ីឱ្យគោរពលើគោលការណ៍សន្តិភាពរបស់ UN ស្មារតីពហុភាគីនិយម និងដោះស្រាយបញ្ហានេះដោយសន្តិវិធី។ ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែនបានបង្កឱ្យវិនាសកម្មមនុស្សជាតិ វិបត្តិសេដ្ឋកិច្ច ប៉ះពាល់ដល់សន្តិសុខស្បៀង និងថាមពលជាដើម។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «ដូចនេះហើយការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺជាអាទិភាពសំខាន់របស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែការលូកដៃចូលរបស់មហាអំណាច និងការបន្តជំនួយយោធាដល់អ៊ុយក្រែន នឹងមិនធ្វើឱ្យរុស្ស៊ីបន្ទន់ឬបន្ថយការវាយប្រហារឡើយ។ នៅឆ្នាំ ២០២៤ នេះ សង្គ្រាមនៅអ៊ុយក្រែនអាចរីករាលដាលធំនិងខ្លាំងក្លាជាងមុន ដោយសារតែរុស្ស៊ីបានត្រៀមលក្ខណៈបច្ចេកទេស កងទ័ព និងសព្វាវុធ និងយុទ្ធសាស្ត្រជាស្រេច ខណៈ ពេលដែលការផ្តល់ជំនួយដល់អ៊ុយក្រែនពីសំណាក់បស្ចិមលោក និងសហរដ្ឋអាមេរិកស្ថិតនៅក្នុងភាពស្រពេចស្រពិល និងមិនច្បាស់លាស់នៅឡើយ»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងដោយសង្កេតឃើញថា ទំនាក់ទំនងនៃប្រទេសទាំង ២ មិនមានបញ្ហាអរិភាព ឬក៏លើកកម្ពស់ទំនាក់ទំនងការទូតឱ្យល្អដូចទំនាក់ទំនងកម្ពុជានិងចិននោះទេ បើទោះបីរុស្ស៊ីជាមហាអំណាចមួយក្ដី។ រុស្ស៊ី អាចមើលឃើញថា កម្ពុជាជាប្រទេសតូច គ្មានទម្ងន់ការទូត សេដ្ឋកិច្ច និងនយោបាយ ដែលគំរាមកំហែងដល់ផលប្រយោជន៍រុស្ស៊ីជាដុំកំភួនឡើយ។
លោកថ្លែងថា៖ «ហើយម្យ៉ាងទៀត កម្ពុជាជ្រើសយកការទូតឱកាសជាក់ស្តែងនិយមឬសាច់ការនិយម (pragmatic diplomacy) ក្នុងការប្រកាសគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតរបស់អង្គការសហប្រជាជាតិបែបនេះ នាំផលប្រយោជន៍ដល់កម្ពុជានិងរដ្ឋាភិបាលរបស់គណបក្សកាន់អំណាចដែលធ្លាប់រងការរិះគន់លើបញ្ហាធ្លាក់ចុះនៃប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកន្លងមក»។
ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០២២ ថា លម្ហប្រជាធិបតេយ្យ និងសេរីភាពនៅកម្ពុជាគឺបើកចំហជានិច្ច ខណៈអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានបញ្ជាក់នៅឆ្នាំ ២០២២ នេះដែរថាកម្ពុជានៅតែតាំងចិត្តមុតមាំក្នុងការបន្តការងារជាមួយដៃគូទាំងអស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់ៗគ្នាក្រោមក្របខ័ណ្ឌនីតិរដ្ឋ និងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាមិនត្រឡប់ក្រោយ។
ក្នុងរយៈពេលប្រមាណ ៣៣ ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ១៩៩០ រហូតដល់ខែឧសភា ឆ្នាំ ២០២៣ រុស្ស៊ីនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៤០ ច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនយោបាយ និងសន្តិសុខ រួមទាំងការអនុវត្តច្បាប់ ការអប់រំ និងវប្បធម៌ ទំនាក់ទំនងរវាងរចនាសម្ព័ន្ធអាជីវកម្ម អង្គការវិទ្យាសាស្ត្រ និងសាធារណៈ។
លោក Anatoly Borovik បានលើកឡើងក្នុងសន្និសីទកាសែតកាលពីខែឧសភា ឆ្នាំ ២០២៣ ថា៖ «ជាទូទៅ យើងយកចិត្តទុកដាក់ដល់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចហើយ។ ជាការពិតណាស់ មានទិសដៅមួយចំនួន ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ប្រទេសរបស់យើងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា»។
លោក Anatoly Borovik បន្ថែមថា៖ «ក្នុងបរិបទនេះ ជំងឺរាតត្បាតកូវីដ ១៩ បានបង្កការលំបាកមួយចំនួន ដែលធ្វើឱ្យទំនាក់ទំនងប្រពៃណីរបស់យើងត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយយើងនៅតែបន្តបង្កើតកិច្ចព្រមព្រៀងថ្មី ដែលនឹងជួយបង្កើនសក្តានុពលនៃទំនាក់ទំនងរុស្ស៊ី-កម្ពុជា»៕