ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីឱ្យភាគីជប៉ុនផលិតកែវភ្នែកសិប្បនិម្មិតថ្មី បន្ទាប់ពីលោកបានប្រើប្រាស់កែវភ្នែកចាស់អស់រយៈពេល ៣៤ ឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ៩ ខែមករានេះ។
ប្រភពដដែលបានឱ្យដឹងថា កែវភ្នែកសិប្បនិម្មិតដែលផលិតនៅប្រទេសជប៉ុន ដែលលោកបានប្រើប្រាស់អស់រយៈពេល ៣៤ ឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២៤ នេះ។ រយៈពេលដែលលោកបានប្រើកែវភ្នែកនោះ មិនដែលជួបបញ្ហារំខាន ដោយឈឺក្បាល ឬឈឺភ្នែកនោះទេ ខុសពីកែវភ្នែក ដែលលោកបានប្រើប្រាស់ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩០ ដែលតែងធ្វើឱ្យលោកមានការឈឺក្បាល និងឈឺភ្នែក។
តាមរយៈហ្វេសប៊ុក លោក ហ៊ុន សែន បានសម្តែងការអរគុណដល់រដ្ឋាភិបាលជប៉ុន និងគ្រូ ពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែកលោកអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ហើយដែលពេលនេះ ក៏នឹងផលិតកែវភ្នែកសិប្បនិម្មិតសម្រាប់លោកបានប្រើប្រាស់រយៈពេល ១០ ឆ្នាំទៀត។
លោកបានលើកឡើងថា៖ «កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន ៥ គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ ទៀតដែលអាចប្រើបានរយៈពេល ១០ ឆ្នាំទៀតគឺ ១ ឆ្នាំប្រើ ១ គ្រាប់»។
លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាភ្នែករបស់លោក គឺជាលទ្ធផលនៃប្រទេសដែលមានសង្គ្រាម ហេតុនេះទើបលោកដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព ឱ្យនៅគង់វង្ស៕