ភ្នំពេញៈ កងកម្លាំងមួកខៀវកម្ពុជាប្រមាណ ១៧៣នាក់ បានចូលរួមសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ និងនីតិវិធីនៃគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សហការជាមួយអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក សុន គឹមស៊ន អគ្គនាយករងអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជានាយកនៃនាយកដ្ឋានបំពាក់សម្ភារសឹក។ នេះបើយោងតាមហ្វេសប៊ុកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោក សុន គឹមស៊ន បានថ្លែងថា៖ «សិក្ខាសាលានេះនឹងបញ្ជ្រាបនូវចំណេះដឹងដល់សិក្ខាកាមឱ្យយល់ដឹងពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងកងយោធពលខេមរភូមិន្ទ និងទប់ស្កាត់រាល់បទល្មើស នៃការប្រើប្រាស់អាវុធខុសច្បាប់ក្នុងកងយោធពលខេមរភូមិន្ទ»។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការបណ្តុះបណ្តាលគ្រប់គ្រងអាវុធ និងគ្រាប់រំសេវដល់កងទ័ពមួកខៀវនេះជារឿងសំខាន់សម្រាប់ពង្រឹងសមត្ថភាពយោធានៅកម្ពុជា។
លោកបានថ្លែងថា៖ «ចំណេះដឹងផ្នែកគ្រប់គ្រងអាវុធ គ្រាប់រំសេវ ទប់ស្កាត់បទល្មើសអាវុធនេះ មានសារៈសំខាន់ ដោយ សារសម័យនេះ ជាសម័យបច្ចេកវិទ្យា មនុស្សងាយស្រួលទទួលបានព័ត៌មាន រឿងល្អ រឿងអាក្រក់ ផ្សព្វផ្សាយបានលឿនណាស់។ ដូច្នេះទាមទារឱ្យកងកម្លាំងយើងប្រតិបត្តិការបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា បើយើងបណ្តោយឱ្យមានរឿងអវិជ្ជមានកើតឡើង វានឹងប៉ះពាល់ដល់ស្ថិរភាពសង្គម ជាពិសេសមុខមាត់រដ្ឋាភិបាលផង»។
លោក ស៊ឺន សម បានបន្តថា ចំណេះដឹងផ្នែកគ្រប់គ្រងអាវុធ និងទប់ស្កាត់បទល្មើសអាវុធនេះ មានសារៈសំខាន់ដើម្បីចៀសវាងការកើតមានបាតុភាពអារិភាពចេញពីការមិនអាចគ្រប់គ្រងបាននូវចរាចរណ៍អាវុធ និងការផ្ទុះអាវុធ ជាពិសេសកងកម្លាំងមួកខៀវដើម្បីថែរក្សាសន្តិសុខពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងរយៈពេល ១៧ ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ក្នុងក្របខ័ណ្ឌរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ៩ ២៨១នាក់ ក្នុងនោះមាននារីចំនួន ៧៦៣ នាក់ ទៅកាន់ ១២ បេសកកម្ម ក្នុងប្រទេសចំនួន ១០ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីប ស៊ីរី យេម៉ែន និងសាធារណរដ្ឋកុងហ្គោ៕