ពោធិ៍សាត់ៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នឹងលែងសត្វអណ្តើកក្បាលធំជាច្រើនរយក្បាលទៅក្នុងតំបន់អភិរក្សសហគមន៍ព្រែកតាចាន់ បន្ទាប់ពីលោកទទួលបានសត្វអណ្តើកទាំងនេះពីមន្ត្រីជលផលនិងប្រជានេសាទស្រុកបាកាន។
លោក ខូយ រីដា បានសរសេរលើបណ្តាញហ្វេសប៊ុកថា ៖«អរគុណមន្ត្រីជលផល និងប្រជានេសាទស្រុកបាកាន ដែលបានប្រគល់សត្វអណ្តើកក្បាលធំចំនួន៥០ក្បាល បន្ថែមទៀតតាមការអំពាវនាវរបស់ខ្ញុំដើម្បីយកមកលែងក្នុងតំបន់អភិរក្សសហគមន៍ព្រែកតាចាន់ មកដល់ពេលនេះបានចំនួន២៨៩ក្បាលហើយ»។
ជុំវិញការលែងសត្វអណ្តើកក្បាលធំនេះ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឱ្យដឹងបន្ថែមនៅថ្ងៃទី៩ ខែមករា ថា ការលែងសត្វអណ្តើកក្បាលធំនេះមិនមែនជាលើកទី១ទេ ដែលអភិបាលខេត្តយកចិត្តទុកដាក់លើការអភិរក្សសត្វអណ្តើកប្រភេទនេះ។
លោកហៃ ធូរ៉ា បានបន្តថា នាពេលកន្លងមក អភិបាលខេត្តពោធិ៍សាត់បានលែងនៅតាមតំបន់អភិរក្សផ្សេងៗ ដូចជានៅក្នុងបឹងធម្មជាតិនិងតំបន់អភិរក្សនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីលើកស្ទួយ និងការពារធនធានធម្មជាតិដែលងាយរងគ្រោះរបស់កម្ពុជា។
លោកហៃ ធូរ៉ា បានថ្លែងថា ៖«សត្វអណ្តើកក្បាលធំនេះ ជាសត្វដែលងាយរងគ្រោះ។ អ៊ីចឹងហើយបានយើងនាំគ្នាខិតខំការពារនិងអភិរក្សកុំឱ្យបាត់បង់ដោយបានយកទៅលែងនៅក្នុងបឹងធម្មជាតិនិងតំបន់អភិរក្ស។ទោះជាប្រភេទសត្វនេះមានអាយុវែង តែយើងការពារវាកុំឱ្យមានការចាប់យកទៅបរិភោគដោយខុសច្បាប់»។
លោកថា ការលែងសត្វអណ្តើកក្បាលធំនៅក្នុងតំបន់អភិរក្សសហគមន៍ព្រែកតាចាន់នេះ មិនមានការរៀបចំកម្មវិធីធំដុំនោះទេ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍នេសាទ និងមន្ត្រីពាក់ព័ន្ធមួយចំនួនចូលរួមប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានឱ្យដឹងដែរថា ការលែងសត្វអណ្តើកក្បាលធំនៅក្នុងតំបន់អភិរក្សនេះគឺជាឆន្ទៈនិងគំរូដ៏ល្អមួយរបស់អភិបាលខេត្តពោធិ៍សាត់ដើម្បីចូលរួមចំណែក ក្នុងការការពារធនធានធម្មជាតិនិងជីវចម្រុះដែលស្ថិតនៅក្នុងតំបន់អភិរក្ស ។
លោក ជុំ ហួត បានថ្លែងថា សកម្មភាពនេះក៏ជាការបង្ហាញពីការរួមចំណែកដ៏ធំក្នុងការការពារសត្វព្រៃដែលជិតផុតពូជរបស់កម្ពុជា ក្នុងនោះក៏មានអណ្តើកនេះផងដែរ។
សូមរំឭកដែរថា កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោក ខូយ រីដា បានផ្ដល់អណ្ដើកចំនួន១០៧ក្បាល ដល់សហគមន៍នេសាទស្រីចឹកដើម្បីយកទៅលែងនៅក្នុងតំបន់អភិរក្សសហគមន៍ព្រែកតាចាន់ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង៕