ភ្នំពេញៈ អង្គការ​ជនពិការ​កម្ពុជា (CDPO)​ បានផ្ដល់​ចំណេះដឹង​ទៅដល់​អង្គការ​តំណាង​ជន​មាន​ពិការភាព​ទាំង ២៤​ ខេត្ត​-​ក្រុង ឱ្យ​យល់​ពី​ការប្រើប្រាស់​បណ្ណសម​ធម៌​តាម​ប្រព័ន្ធ​ឌីជីថល តាមរយៈ​ការគ្រប់គ្រង និង​ការចុះឈ្មោះ​ជន​មាន​ពិការភាព​ក្រីក្រ​នៅតាម​មូលដ្ឋាន ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សង្គម​។​

លោកស្រី ម៉ាក់ ម៉ូ​នី​កា នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែមករា​ថា កន្លងមក​រាល់ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង អង្គការ​តំណាង​ជន​មាន​ពិការភាព តែងតែ​ធ្វើការ​ដោយ​បញ្ជូន​ក្រដាស និង​ចុះទៅ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​នៅក្នុង​ខេត្ត​របស់​ពួកគាត់​គ្រប់គ្រង​។​

​លោកស្រី​បន្តថា ក្រសួងផែនការ បាន​បង្កើត​អ៊ែ​ប (App) មួយ ដែល​ប្រព័ន្ធ​អ៊ែ​ប​នេះ នឹងធ្វើ​ការគ្រប់គ្រង ចុះឈ្មោះ និង​ការអនុវត្ត​សាកល្បង​លើ​មតិ​ជំទាស់ និង​សំណូមពរ​នៃ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

​លោកស្រី​បន្តទៀតថា អង្គការ​លោកស្រី បានរៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​បណ្ណសម​ធម៌​តាម​ប្រព័ន្ធ​ឌីជីថល (Public ID Poor) ទៅដល់​អង្គការ​តំណាង​ជនពិការ​ទាំង ២៤​ខេត្ត​-​ក្រុង ឱ្យ​យល់ដឹង​ពី​របៀបរបប​នៃ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការគ្រប់គ្រង និង​ការចុះឈ្មោះ​របស់​ជន​មាន​ពិការភាព​ក្រីក្រ​នៅតាម​មូលដ្ឋាន​របស់​ពួកគាត់ ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សង្គម​។​

​លោកស្រី​ម៉ាក់ ម៉ូ​នី​កា បាន​បញ្ជាក់ថា​៖ «​ដោយសារ​អង្គការ​តំណាង​ជនពិការ​ជា​អ្នកធ្វើការ​ជាមួយ​ជន​មាន​ពិការភាព​ថ្នាក់ក្រោម​ជាតិ ដូច្នេះ​កាលពីមុន​គាត់​បញ្ជូនទៅ​ផ្ទាល់ វា​ប្រើពេល​យូរ និង​ខាត​ពេល​របស់គាត់ ប៉ុន្តែ​ឥឡូវនេះ​គាត់​ប្រមូល​ដាក់​នៅក្នុង​ប្រព័ន្ធ​អ៊ែ​ប​ហ្នឹង គឺ​វា​ជួយ​ឱ្យ​គាត់​មាន​ភាពងាយស្រួល លឿន និង​បាន​ទៅ​ដល់ដៃ​អាជ្ញាធរ​ផ្សេងៗ​»​។​

លោកស្រី ម៉ាក់ ម៉ូ​នី​កា បានឱ្យដឹង​ទៀតថា ក្រៅពីនេះ នៅពេល​អង្គការ​តំណាង​ជន​មាន​ពិការភាព បាន​យល់​ពី​ការប្រើប្រាស់​បណ្ណសម​ធម៌​តាម​ប្រព័ន្ធ​ឌីជីថល​ហើយ ពួកគាត់​ក៏មាន​សិទ្ធិ​ផ្ដល់​ជា​មតិ​ជំទាស់ និង​ការ​សំណូមពរ​នៅក្នុង​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម ទៅដល់​អ្នកអនុវត្ត និង​អ្នកគ្រប់គ្រង​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។​

លោកស្រី​បាន​បន្ថែមថា ជារួម​ការផ្ដល់​ចំណេះដឹង​ទាំងនេះ ទៅដល់​អង្គការ​តំណាង​ជន​មាន​ពិការភាព ដើម្បី​អាចឱ្យ​ពួកគាត់​ធ្វើការ​ចែករំលែក​បន្ដ ទៅដល់​សហគមន៍​រួមមាន​៖ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្រុម​ជួយ​ខ្លួនឯង និង​ជន​មាន​ពិការភាព ដែលជា​ក្រុម​គោល​របស់ខ្លួន​។​

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​ឆ្នាំ​២០២៣ ក្រសួង​សង្គមកិច្ច បានកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​សម្រាប់​ការគ្រប់គ្រង​ពិការភាព បាន​ចំនួន​សរុប ៣១៨ ៤៧៣ ​នាក់ (​ស្រី​ចំនួន ១៥៥ ៤១០​ នាក់​)​។ ក្នុងនោះ​ក្រសួង បានអនុម័ត​ក្នុងការ​បោះពុម្ព​បណ្ណ​ជូន​ជន​មាន​ពិការភាព បាន​ចំនួន ២៥៤ ៤១៩ ​នាក់​។​

​របាយការណ៍​បន្តថា ដោយឡែក​ការអនុវត្ត​របប​គោលនយោបាយ​ ចំពោះ​ជន​មាន​ពិការភាព​ក្រីក្រ​នៅតាម​សហគមន៍​ក្នុង​ឆ្នាំ​២០២៣ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត មាន​ជន​មាន​ពិការភាព ចំនួន ១៨ ៤០៩​ នាក់ (​ស្រី​ចំនួន ៩ ៥០១​ នាក់​)​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៤ អង្គការ​ជនពិការ​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​អុក​ស្វា​ម និង​ក្រសួងផែនការ រៀបចំ​សិក្ខាសាលា​ស្ដីពី​ការចែករំលែក​ចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បណ្ណសម​ធម៌​តាម​ប្រព័ន្ធ​ឌីជីថល (Public ID Poor) ដល់​អង្គការ​តំណាង​ជនពិការ ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សង្គម​៕