ភ្នំពេញៈអនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការចូលរួមរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជាពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ជួយសង្គ្រោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។
លោក លី ធុជ បានលើកឡើងដូចនេះ ក្នុងពេលលោកជំនួបពិភាក្សាការងារស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយនឹងលោក KARUBE Masakazu ប្រធានអង្គការJMAS ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។
នៅក្នុងជំនួបនោះក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបាត់បង់អាយុជីវិតនិងទទួលរងគ្រោះថ្នាក់ក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
លោកបានថ្លែងថា៖ «រដ្ឋាភិបាល និងប្រជាជនជប៉ុន បានចូលរួមយ៉ាងសកម្មដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ ឆ្នាំមកហើយ ក្នុងនោះអង្គការ JMAS បានចូលរួមចាប់តាំងពីឆ្នាំ២០០២ និងបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានប្រមាណជាង១៧គីឡូម៉ែត្រការ៉េ»។
លោក លី ធុជ បានបន្ថែមថា អង្គការJMAS ក៏បានចូលរួមដល់កិច្ចការអភិវឌ្ឍនៅមូលដ្ឋានផងដែរ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថា៖ «ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្គ្រោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន»។
សកម្មភាពមីន គឺជាកិច្ចការចាំបាច់ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មុននឹងចាប់ផ្តើមការងារបោសសម្អាតមីន ប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនមិនមានដីសុវត្ថិភាពប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ប៉ុន្តែបច្ចុប្បន្ន តំបន់មួយចំនួននៅប្រទេសកម្ពុជា បានទទួលដីសុវត្ថិភាពគ្រប់គ្រាន់ ហើយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
លោកលី ធុជ បានបន្តថា លទ្ធផលទាំងនេះបានមកពីការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងនោះប្រទេសជប៉ុនគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមជប៉ុនជាមិត្តវិស័យមីនដ៏លេចធ្លោមួយរយៈពេលជាង៣០ឆ្នាំ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំបានបញ្ជាក់ពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា នៅតែត្រូវការការគាំទ្រពីប្រទេសជប៉ុន ក៏ដូចជាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ»។
ជាមួយគ្នានោះ លោក KARUBE Masakazu ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។
លោកបានបន្តថា ៖ «អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជារហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន»។
សូមរំឭកដែរថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ អង្គការ JMAS ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការលើគម្រោងគាំទ្រការបោសសម្អាតមីននិងអភិវឌ្ឍតំបន់បោសម្អាតមីនរួចស្ថិត ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែង។
គម្រោងទាំង២ នេះជាការផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ៤៩៩ ១៣៥,១០ ដុល្លារអាមេរិក សម្រាប់រយៈពេល ១២ ខែ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕